អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

Amnesty៖​ កងទ័ព​អាមេរិក​សម្លាប់​ជនស៊ីវិល​រាប់ពាន់នាក់​នៅ​អាហ្វហ្កានីស្ថាន​ តែ​តុលាការ​បែរ​មិន​ដាក់ទោស​​

នៅថ្ងៃ​ចន្ទ​នេះ ​​ ​អង្គការ​សិទ្ធិមនុស្ស​ Amnesty International បាន​បរិហារ​​​​​ក្នុង​របាយការណ៍​របស់​ខ្លួន​​ថា ​​កងទ័ព​អាមេរិក​​បាន​សម្លាប់​ជន​ស៊ីវិល​រាប់ពាន់នាក់ នៅ​អាហ្វហ្កានីស្ថាន តែ​​បែរ​ជា​គ្មាន​សវនាការ​កាត់ទោស​ពួកគេ រឺក៏​ការចេញ​សងជំងឺ​ចិត្ត​ដល់​គ្រួសារ​ជន​រងគ្រោះ​ទៅវិញ។ ​របាយការណ៍​​​អង្គការ​​ Amnesty បាន​​ចុះផ្សាយ​​​​តែ​ប៉ុន្មានខែ​ប៉ុណ្ណោះ ​មុន​ពេល​អង្គការ​អូតង់​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន។ ​ នៅ​អាហ្វហ្កានីស្ថាន ​មាន​​កងទ័ព​​បរទេស​​​ ៤ម៉ឺន៥ពាន់នាក់ ​ ក្នុងនោះ​មាន​ទាហាន​អាមេរិក​​​​៣ម៉ឺននាក់។ ​អាមេរិក​ចង់​រក្សា​វត្តមាន​កងទ័ពខ្លួន​​១ម៉ឺននាក់ ​ក្រោយ​អូតង់​ដកទ័ព។

ទាហាន​អង្គការ​អូតង់​នៅ​អាហ្វហ្កានីស្ថាន។
ទាហាន​អង្គការ​អូតង់​នៅ​អាហ្វហ្កានីស្ថាន។ REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​អង្គការ​​​សិទ្ធិមនុស្ស​ Amnesty International ​​បាន​បរិហារ​​ពី​បរាជ័យ​​​ធ្ងន់ធ្ងរ​របស់​តុលាការ​អាមេរិក ដែល​​ពង្រឹង​​វប្បធម៌​នៃ​ការ​មិនដាក់ទោស​ គឺ​​​មិនដាក់ទោស​កងទ័ព​​​អាមេរិក​​ដែល​បាន​សម្លាប់​ជនស៊ីវិល​រាប់ពាន់នាក់​ តាំង​ពី​ឆ្នាំ​២០០១មក នៅ​អាហ្វហ្កានីស្ថាន។​​​ លើស​ពីនេះទៀត គ្រួសារ​ជនរងគ្រោះ​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​កងទ័ព​អាមេរិក ក៏​មិនបាន​ទទួល​ប្រាក់សង​ជំងឺ​ចិត្ត​អ្វីដែរ។ ​

អង្គការ​ ​​Amnesty បាន​​លើក​ពី​ឧទាហរណ៍​ជាក់ស្តែង​​ នៃ​ការ​ទំលាក់​គ្រាប់បែក​របស់​អាមេរិក ក្នុង​ឆ្នាំ​២០១២ ​នៅ​ខេត្ត​​ឡាក់ម៉ាន ភាគខាង​កើត​អាហ្វហ្កានីស្ថាន ដែល​កាលណោះ ​បាន​សម្លាប់ក្មេងស្រី និង​​​ស្ត្រី​៧នាក់ ​ហើយ​បង្ក​របួស​ដល់​មនុស្ស​៧នាក់​ផ្សេងទៀត។ ​អ្នកភូមិ​បាន​នាំគ្នា​​ប្តឹង​​​អាជ្ញាធរ​ក្នុង​ស្រុក តែ​​បណ្តឹង​នោះ​គ្មានប្រយោជន៍​ ព្រោះ​ថា ​តុលាការ​ក្នុងស្រុក​​អាហ្វហ្កានីស្ថាន ​គ្មានសិទ្ធិ​​កាត់ទោស​​​កងកម្លាំង​បរទេស​​ ដែល​មាន​​​វត្តមាន​នៅ​អាហ្វហ្កានីស្ថាន​​ទេ។

ក្នុង​ភស្តុតាង​នៃ​ការចោទប្រកាន់​កងទ័ព​អាមេរិក ​​អង្គការ​ ​​Amnesty ប្រាប់ថា បាន​សួរ​ទៅ​ជនជាតិ​អាហ្វហ្កានីស្ថាន​​១២៥នាក់ ជា​អ្នក​មាន​ព័ត៌មាន​​ច្បាស់លាស់​ដំបូងទាក់ទង​នឹង​ការទំលាក់គ្រាប់បែក​ ​​សម្លាប់​ជនស៊ីវិល​ក្នុង​ស្រុក។ របាយការណ៍​របស់​​អង្គការ​​​សិទ្ធិមនុស្ស​ Amnesty ក៏​​​ស្រង់យក​​​​ទិន្នន័យ​ចេញ​ពី​​​របាយការណ៍​អង្គការ​សហប្រជាជាតិ​ផងដែរ។

ដោយឡែក ​​អង្គការ​នេះ​បាន​​គូសបញ្ជាក់​ថា ​​ជនស៊ីវិល​រងគ្រោះ​ក្នុង​ជម្លោះ​​នៅ​អាហ្វហ្កានីស្ថាន ​ភាគច្រើន​​​​រងគ្រោះ​ដោយ​ការវាយប្រហារ​របស់​​​​​ក្រុម​ប្រដាប់​អាវុធ​ក្នុងស្រុក ក្រុម​តាលីបង់ រឺ​ក៏​ក្រុម​ផ្សេងទៀត។

ប្រធានាធិបតី​​ផុតអាណត្តិ​ហាមីឌ កាហ្សៃ ​បាន​​​​ស្វាគមន៍​របាយការណ៍​អង្គការ​​ Amnesty International ដោយ​លើកឡើង​ថា ​លោកសប្បាយចិត្ត​ដោយ​អង្គការ​យកចិត្ត​ទុកដាក់​លើ​​​បញ្ហា​ដែល​បង្ក​អោយ​អាមេរិក​និង​អាហ្វហ្កានីស្ថាន​ទាស់ទែង​គ្នា។ ប្រធានាធិបតី​កាហ្សៃ​តែង​បិរហារ​​ការទំលាក់​គ្រាប់បែក​របស់​អង្គការ​អូតង់​ ​ជា​អង្គការ​សំបូរ​វត្តមាន​កងទ័ព​អាមេរិក។ អង្គការ​អូតង់​វិញ​ ក៏​តែង​ឆ្លើយ​ថា ​នឹង​​ស៊ើបអង្កេត​លើ​​ហេតុការណ៍​អស់​នេះ។

យោងតាម​​អង្គការ​សិទ្ធិមនុស្ស​​ Amnesty ៥ឆ្នាំចុងក្រោយ​នេះ តុលាការ​បានកាត់ទោស​ទាហាន​អាមេរិក​ច្រើនរូប ​​ដែល​បាន​សម្លាប់​ជនស៊ីវិល​​អាហ្វហ្កានីស្ថាន។ ​​ក្នុង​នោះ គេឃើញ​​​ទាហាន​​រ៉ូប៊ែរ បេល បាន​ទទួលទោស​ធ្ងន់​រហូត​ជាប់គុក​មួយជីវិត ដោយសារ​បាន​សម្លាប់​ជនស៊ីវិល​១៦នាក់ ក្នុង​ឆ្នាំ​២០១២៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ