អានតួអត្ថបទ
អាមេរិក

លោក​ស្រី Clinton ប្តេជ្ញា​ធ្វើ​ជា​ប្រធានា​ធិបតី​សម្រាប់​ពលរដ្ឋ​អាមេរិក​គ្រប់​រូប

លោក​ស្រី Hillary Clinton នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី២៨​ ខែកក្កដា ​បាន​ទទួល​យក​ការ​តែង​តាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​រប​ស់លោក​ស្រី ដោយ​លោក​ស្រី​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​ជើង​ឯក ​ដែល​មិន​ចេះ​ធុញ​ទ្រាន់​សម្រាប់​ប្រជាពល​រដ្ឋ​អាមេរិក ​ហើយ​ប្តេជ្ញា​ធ្វើ​ជា​ប្រធានាធិបតី​សម្រាប់​ពលរដ្ឋ​អាមេរិក​គ្រប់​រូប។

La candidate Hillary Clinon lors d'un meeting donné à Washington, le 5 juillet 2016.
La candidate Hillary Clinon lors d'un meeting donné à Washington, le 5 juillet 2016. REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ជា​ស្ត្រីទី​មួយ​ ដែល​ទទួល​បាន​ការ​តែង​តាំង​ពី​គណបក្ស​ធំ​មួយ​នៅ​អាមេរិក លោក​ស្រី Clinton សន្យា​ថា​នឹង​ធ្វើ​ជា​ប្រធានាធិបតី​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់ បើ​ទោះ​ណា​ជា​ពួក​គេ​មិន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​លោក​ស្រី ឬ​ក៏​បោះឆ្នោត​ឲ្យ​លោក​ស្រី​ក៏​ដោយ។ លោក​ស្រី​បាន​អំពាវនាវ​ថា​លោក​ស្រី​នឹង​ក្លាយ​ជា​ប្រធានាធិបតី សម្រាប់​មនុស្ស​ដែល​គាំទ្រ គណបក្ស​ប្រជាធិបតេយ្យ គណបក្ស​សាធារណៈរដ្ឋ និង​ក្រុម​ឯករាជ្យ​ដែល​មិន​គាំទ្រ​គណបក្ស​ទាំង​ពីរ​របស់​អាមេរិក។

ភាគ​ច្រើន​នៃ​សុន្ទរកថា​របស់​លោក​ស្រី​ Clinton នៅ​ក្នុង​សមាជ​បក្ស​ប្រជាធិបតេយ្យ​នៅ​ Philadelphia ក្នុងស​ប្តាហ៍​នេះ បាន​ផ្តើម​ជា​សំខាន់​លើ​ការ​ប្រឈម​របស់​លោក​ស្រី ដែល​នឹង​ឈាន​មក​ដល់​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។ ក្រៅ​ពី​នេះ​លោក​ស្រី Clinton ក៏​បាន​ប្រឡះ​លោក Donald Trump ដោយ​ចាត់​ទុក​ថា​លោក Donald Trump បាន​បំផ្លាញ​រូប​ភាព​ល្អ​របស់​អាមេរិក។

លោក​ស្រី​បញ្ជាក់​ថា លោក Trump បាន​ពុះ​ជ្រៀក​អាមេរិក ពី​ពិភព​លោក​ទាំង​មូល រួម​ទាំង​អ្នក​រាល់​គ្នា​ផង​ដែរ។ នេះ​គឺ​ជា​ការ​ថ្លែង​ចំអក​គូ​ប្រជែង​របស់​លោក​ស្រី ដែល​ធ្លាប់​និយាយ​ថា គាត់​តែ​ម្នាក់​ឯង​អាច​ដោះស្រាយ​បញ្ហា​របស់​អាមេរិក​ទាំង​មូល។ លោក​ស្រី​បន្ថែម​ថា លោក Trump កំពុង​តែ​ចង់​ឲ្យ​គ្រប់​គ្នា​ខ្លាច​អនាគត ហើយ​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

សម្រាប់​ជំហ៊ាន​ដំបូង​ក្នុង​បេសកម្ម​ជា​ប្រធានាធិបតី​អាមេរិក លោក​ស្រី​នឹង​បង្កើត​ឱកាស​ការងារ​ជាមួយ​នឹង​ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​ពលរដ្ឋ​អាមេរិក។ ការងារ​នេះ លោក​ស្រី​នឹង​ធ្វើ​វា​ចាប់​ពេល​លោក​ចូល​អង្គុយ​លើ​កៅអី​ប្រធានាធិបតី​រហូត​ដល់​ចប់​អាណត្តិ។

លោក​ស្រី ​Clinton បាន​ចំណាយ​ពេល​ស្ទើរ​មួយ​ជីវិត​របស់​លោក​ស្រី ក្នុង​កែវ​ភ្នែក​សាធារណៈ ជន។ លោក​ស្រី​កើត​នៅ​ឆ្នាំ​១៩៤៧ នៅ​ក្នុង​រដ្ឋ Chicago ក្នុង​គ្រួសារ ដែល​មាន​ជីវភាព​មធ្យម​។ នៅ​ឆ្នាំ​១៩៦៩​លោក​ស្រី​បាន​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ Yale Law School ដែល​សាលា​​ច្បាប់​ដ៏​ល្បី​មួយ​របស់​អាមេរិក។ ក្នុង​ពេល​​សិក្សា​នៅ​សាកល​វិទ្យាល័យ​ឆ្នាំ​១៩៧១​លោក​ស្រី​បាន​ជួប​នឹង​គូ​ជីវិត​របស់​លោក​ស្រី គឺ​លោក Bill Clinton អតីត​ប្រធានាធិបតី​អាមេរិក ហើយ​បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​១៩៧៥។ នៅ​ឆ្នាំ​២០០០​លោក​ស្រី​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក ពោល​គឺ​រយៈ​ពីរ​ខែ​មុន​ពេល​ស្វាមី​របស់​លោក​ស្រី​ចាក​ចេញ​ពី​សេតវិមាន។ លោក​ស្រី​ក៏​ធ្លាប់​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា​ផង​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ