អានតួអត្ថបទ
អាមេរិក

ហូលីវូដត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​កម្មវិធី​ពានរង្វាន់​អូស្កាឆ្នាំ២០១៥

ក្រុម​ការងារ​ហូលីវូដ បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ហើយ សម្រាប់​កម្មវិធី​ចែក​ពាន​រង្វាន់​អូស្កា ឆ្នាំ​២០១៥ ដល់​អ្នក​មាន​ស្នាដៃ​ក្នុង​វិស័យ​ភាពយន្ត​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ។ កម្មវិធី​អូស្កា នឹង​រៀប​ចំឡើង​នៅ​រោង​មហោស្រព Dolby ក្នុង​សង្កាត់​ហូលីវូដ នា​ល្ងាច​ម៉ោង៥​កន្លះ ថ្ងៃអាទិត្យ​នេះ​តែម្ដង ម៉ោង​ក្នុង​តំបន់ ត្រូវ​នឹង​ម៉ោង៨កន្លះ ព្រឹក​ថ្ងៃ​ចន្ទ ម៉ោង​នៅ​កម្ពុជា។

afp/rfi
ផ្សាយពាណិជ្ជកម្ម

កម្រាល​ព្រំ​ក្រហម​ឆ្អិនឆ្អៅ​ទទឹង​១០​ម៉ែត្រ និង​ប្រវែង​ប្រមាណ​១៥០​ម៉ែត្រ ត្រូវ​បាន​គេ​ក្រាល​រួចរាល់​ហើយ ដើម្បី​ទទួល​ដំណើរ​មក​ដល់​នៃ​តារា​សម្ដែង អ្នក​ដឹកនាំ​រឿង និង​បុគ្គល​សំខាន់​ផ្សេងៗ​ទៀត ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​ហូលីវូដ។ រូប​ចម្លាក់​មនុស្ស​ឈរ​កាន់​ដាវ​ពណ៌មាសធំៗ ដែល​ជា​តំណាង​ពានរង្វាន់​អូ​ស្កា ត្រូវគេ​ដាក់តាំង​បង្ហាញ​ហូរហែ​តាមផ្លូវ​ដើរ​ដែល​ក្រាល​ដោយ​កម្រាលព្រំ​ក្រហម។ ទាំងនេះ គឺជា​ការរៀប​ចំ​ដ៏​ធំ​សម្បើម សម្រាប់​កម្មវិធី​ពានរង្វាន់​វិស័យ​ភាពយន្ត​ប្រចាំឆ្នាំ ដែល​មាន​ឈ្មោះថា អូ​ស្កា។ 

កម្មវិធី​អូ​ស្កា​ឆ្នាំ២០១៥​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខនេះ នឹង​មាន​តារា​សម្ដែង​ដ៏​មាន​សមត្ថភាព គឺ​លោក Neil Patrick Harris មក​ធ្វើជា​ពិធីករ។ ក្រៅ​ពី​មាន​អាជីព​ជាតារា​សម្ដែង​ហើយ លោក Neil Patrick Harris ក៏​ជា​អ្នកនិពន្ធ អ្នកដឹកនាំ​ភាពយន្ត អ្នកកំប្លែង និង​ជា​អ្នកចម្រៀង​ផងដែរ។ ដោយ​សារ​តែ​លោក Neil Patrick Harris មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​ដូច្នេះ ទើប​គេ​រំពឹងថា កម្មវិធី​ប្រគល់​ពានរង្វាន់​អូស្កា​ឆ្នាំនេះ នឹង​មាន​ភាព​រំភើប សប្បាយ​រីករាយ​ជាក់​ជា​ពុំខាន។

ដោយ​ឡែក ចំពោះ​ពានរង្វាន់​អូស្កា​ក្នុងឆ្នាំនេះ​វិញ សាធារណជន​ដែល​តាម​ដាន​វិស័យ​ខ្សែ ភាពយន្ត​ហូលីវូដ បាន​ទស្សន៍ទាយ​ថា រឿង Birdman និង​រឿង Boyhood ទំនង​ជា​អាច​ទទួល​បាន​ពានរង្វាន់​អូស្កា សម្រាប់​ផ្នែក​រូបភាព​ល្អ​បំផុត។ ចំណែក​ពានរង្វាន់​អូស្កា សម្រាប់​អ្នកដឹកនាំ​ល្អ​បំផុត ទំនងជា​ធ្លាក់​ទៅលើ​លោក Richard Linklater និង​លោក Alexjandro Gonzalez Inarritu។ ពានរង្វាន់​ផ្សេងទៀត ដូចជា​ពានរង្វាន់​តារា​ល្អ​បំផុត​ប្រចាំឆ្នាំ ជាដើម គឺ​នៅ​មិនទាន់​មាន​ការ​ទស្សន៍ទាយ​ជាក់លាក់​នៅឡើយ​ទេ។

គួរ​ជម្រាប​ជូន​ថា កម្មវិធី​អូ​ស្កា គឺជា​កម្មវិធី​ប្រគល់​រង្វាន់​ធំ​ជាង​គេ​ប្រចាំឆ្នាំ​នៅ​អាមេរិក សម្រាប់​អ្នក​ដែលមាន​ស្នាដៃ​ក្នុង​វិស័យ​ខ្សែភាពយន្ត។ បើ​គិត​ត្រឹម​ឆ្នាំ២០១៤ កម្មវិធី​អូ​ស្កា ​ប្រព្រឹត្ត​ធ្វើ​បាន​៨៦លើក​ហើយ និង​បាន​ប្រគល់​ពាន​រង្វាន់​ចំនួន ២ ៨០៩ ពាន​ហើយ ទៅ​កាន់​តារា​សម្ដែង អ្នក​ផលិត​ភាពយន្ត និង​បុគ្គល​សំខាន់ផ្សេងៗទៀត​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​នៅ​សហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ