អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

អ៊ីរ៉ង់​បាន​ដាក់​ទ័ណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ចំនួន ១៥ក្រុមហ៊ុន​ដោយ​​ចោទ​ពី​​បទ​គាំទ្រ​ប្រទេស​អ៊ីស្រាអែល

នៅ​អាទិត្យ ទី២៦ មីនា ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ីរ៉ង់ Irna បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដោយ​ដក​ស្រង់​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេស​ដែល​ថា រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​បាន​សម្រេចចិត្ត​ដាក់​ទ័ណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ចំនួន ១៥ក្រុមហ៊ុន។ មូលហេតុ មក​ពី​ក្រុមហ៊ុន​អាមេរិក​ទាំង​នេះ​បាន​គាំទ្រ​ប្រទេស​អ៊ីស្រាអែល និង​សកម្មភាព​ភេរវនិយម​របស់​ប្រទេស​ជ្វីហ្វ​មួយ​នេះ។ គួរ​ជម្រាប​ជូន​ថា តាំង​ពី​លោក​ដូណាល់ ត្រាំ​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​មក ទំនាក់ទំនង​រវាង​ទីក្រុង​តេហេរ៉ង់ និង​វ៉ាស៊ីនតោន​បាន​ឡើង​តានតឹង​ជា​លំដាប់។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី
លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី President.ir/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់ រាល់​ការ​បញ្ជូន និង​ការ​ផ្ទេរ​ប្រាក់​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ទាំង ១៥ក្រុមហ៊ុន​ជាប់​ទ័ណ្ឌកម្ម​នឹង​ត្រូវ​ហាមឃាត់ ហើយ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​នឹង​មិន​អាច​ទទួល​បាន​ទិដ្ឋាការ​ចូល​ទឹកដី​អ៊ីរ៉ង់​ដែរ។ ជា​ទូទៅ ការ​សម្រេចចិត្ត​របស់​អ៊ីរ៉ង់​ដូច​នេះ​បាន​បង្កប់​ដោយ​និមិត្តរូប ព្រោះ​ថា ក្រុមហ៊ុន​អាមេរិក​ទាំង​នេះ​មិន​បាន​រកស៊ី​អ្វី​ជា​មួយ​អ៊ីរ៉ង់​ទេ។ តែ​សម្រាប់​រដ្ឋាភិបាល​អ៊ីរ៉ង់ វិធានការ​របស់​ខ្លួន​គឺ​ដើម្បី​ឆ្លើយ​បក​នឹង​រដ្ឋបាល​អាមេរិក​ដែល​កាល​ពី ២ថ្ងៃ​មុន បាន​ដាក់​ទ័ណ្ឌកម្ម​លើ​ក្រុមហ៊ុន​បរទេស​ចំនួន ៣០ និង​មនុស្ស​មួយ​ចំនួន​ពី​បាន​រួម​សហការណ៍​ជាមួយ​កម្មវិធី​អាវុធ​របស់​អ៊ីរ៉ង់។

ទន្ទឹម​គ្នា​នេះ ការ​សម្រេចចិត្ត​របស់​អ៊ីរ៉ង់​ក៏​ជា​ប្រតិកម្ម​តប​នឹង​អាមេរិក​ដែល​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ដាក់​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់​ក្នុង​រឿង​ដែល​អ៊ីរ៉ង់​បាញ់​សាកល្បង​គ្រាប់មីស៊ីល។ ម្យ៉ាង​ទៀត វិធានការ​របស់​អ៊ីរ៉ង់​ប្រឆាំង​នឹង​ក្រុមហ៊ុន​អាមេរិក​ក៏​ជា​ការ​បញ្ជូន​សារ​ទៅ​កាន់​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ដែល​កំពុង​ព្រាង​ច្បាប់​ថ្មី​ប្រឆាំង​នឹង​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ក្រោម​បទ​ចោទ​ប្រកាន់​ជា​ក្រុម​ភេរវជន។ នៅ​ក្នុង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ក្នុង​សភា​អ៊ីរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី២៥ មីនា​ថា ច្បាប់​ថ្មី​មួយ​នឹង​ដាក់​ជូន​សភា​នៅ​ដើម​ខែ​មេសា​ខាង​មុខ​ដើម្បី​ចាត់​ទុក​ទាហាន​អាមេរិក និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ទៅ​ក្នុង​ចង្កោម​ភេរវជន។

សូម​​ជម្រាប​ជូន​ថា តាំង​ពី​លោក​ដូណាល់ ត្រាំ​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​មក ទំនាក់ទំនង​រវាង​ទីក្រុង​តេហេរ៉ង់ និង​វ៉ាស៊ីនតោន​បាន​ឡើង​តានតឹង​ជា​លំដាប់។ លោក​ត្រាំ​ថែម​ទាំង​បាន​សន្យា​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​ថា លោក​នឹង​ហែកចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្រ្ត​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ