អានតួអត្ថបទ
អេហ្ស៊ីព្ទ

ក្រោយពី​មូបារ៉ាក់​លាលែង នយោបាយ​ការបរទេស​អាមេរិក​នៅ​ដើមបូព៌ា​ស្ថិតក្នុង​ភាព​ស្រពិចស្រពិល

នៅពេលនេះ ប្រជាជន​អេហ្ស៊ីព្ទ​កំពុង​តែ​សប្បាយ​នឹង​សេរីភាព ដែល​បាន​រួច​ពី​កណ្តាប់​ដៃដែក​របស់​លោក​មូបារ៉ាក់។ ក៏ប៉ុន្តែ សម្រាប់​សហរដ្ឋ​អាមេរិក ការលាលែង​​ពីអំណាច​របស់​លោក​មូបារ៉ាក់ ដែល​ជា​សម្ព័ន្ធមិត្ត​​រយៈពេល ៣០ឆ្នាំ​មកហើយ​នោះ កំពុង​តែ​ធ្វើ​ឲ្យ​សំណួរ​ជាច្រើន​​ត្រូវ​ចោទឡើង ទាក់ទង​នឹង​អនាគត​នៃ​នយោបាយ​ការបរទេស​អាមេរិក នៅ​ក្នុង​តំបន់​ដើមបូព៌ា។

លោក​មូបារ៉ាក់ និង​លោក​អូបាម៉ា​ជួបគ្នានៅ​សេតវិមាន កាលពីខែកញ្ញា ២០១០
លោក​មូបារ៉ាក់ និង​លោក​អូបាម៉ា​ជួបគ្នានៅ​សេតវិមាន កាលពីខែកញ្ញា ២០១០ ©រូបថតឯកសារ Reuters
ផ្សាយពាណិជ្ជកម្ម

បដិវត្តន៍អេហ្ស៊ីព្ទ​គឺ​ជា​វិបត្តិ​នយោបាយការបរទេស​ដ៏ធំ​របស់​លោក​អូបាម៉ា
06:55

បទវិភាគ​របស់ សេង ឌីណា

ក្រោមការ​ដឹកនាំ​របស់​លោក​មូបារ៉ាក់ ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លងទៅនេះ ​អេហ្ស៊ីព្ទ​បាន​​ស្ថិត​ក្រោម​របបផ្តាច់ការ ពោរពេញ​ទៅដោយ​​​ការរំលោភសិទ្ធិមនុស្ស និង​អំពើ​ពុករលួយ។ ក៏ប៉ុន្តែ អេហ្ស៊ីព្ទ​ គឺ​​ជា​មូលដ្ឋាន​គ្រឹះ​ដ៏សំខាន់ នៃ​នយោបាយ​ការបរទេស​អាមេរិក នៅ​ដើមបូព៌ា។

ក្រោយ​ពី​សង្រ្គាម​ជាច្រើន​លើក​រវាង​អារ៉ាប់ និង​អ៊ីស្រាអែល អេហ្ស៊ីព្ទ​បាន​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល នៅឆ្នាំ​១៩៧៩ ក្រោមការ​សម្របសម្រួល​របស់​អាមេរិក។ អេហ្ស៊ីព្ទ​ក៏​បាន​ទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល​ផងដែរ។ កិច្ចព្រមព្រៀង​សន្តិភាព​អេហ្ស៊ីព្ទ-អ៊ីស្រាអែល គឺ​ជា​គ្រឹះ​ដ៏សំខាន់​បំផុត​នៃ​ស្ថិរភាព​នៅដើមបូព៌ា។ អេហ្ស៊ីព្ទ គឺ​ជា​ស្ពាន​ចម្លង​រវាង​​អ៊ីស្រាអែល និង​ប្រទេស​អារ៉ាប់។ ម្យ៉ាងទៀត រដ្ឋាភិបាល​​របស់​លោក​មូបារ៉ាក់​បាន​ជួយ​អាមេរិក​ច្រើនណាស់ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម។

ថ្វីដ្បិត​តែ លោក​អូបាម៉ា​បាន​គាំទ្រ​ចលនា​ប្រជាជន​អេហ្ស៊ីព្ទ ហើយ​បាន​ទទូច​ឲ្យ​អេហ្ស៊ីព្ទ​ធ្វើ​កំណែទម្រង់​ឆ្ពោះទៅ​រក​របបប្រជាធិបតេយ្យ ក៏ប៉ុន្តែ ក្រោយ​ពី​លោក​មូបារ៉ាក់​ចុះចេញ​ពីតំណែង អាមេរិក​ត្រូវ​បាត់បង់​សម្ព័ន្ធមិត្ត​ដ៏សំខាន់​ម្នាក់។ អនាគត​នៃ​នយោបាយ​ការបរទេស​អាមេរិក នៅដើមបូព៌ា កំពុង​តែ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល។

ជាការពិតណាស់ថា នៅពេលនេះ អំណាច​កំពុង​តែ​ស្ថិត​ក្នុង​ដៃ​របស់​កងទ័ព​អេហ្ស៊ីព្ទ ហើយ​មេទ័ព​អេហ្ស៊ីព្ទ​បាន​សន្យា​រួចហើយ​ថា នឹង​​បន្ត​គោរព​​កិច្ចព្រមព្រៀង​អន្តរជាតិ ​ដែល​រដ្ឋាភិបាល​​មុន​បាន​ចុះ។ នេះ​មានន័យថា អេហ្ស៊ីព្ទ​នៅតែ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ ក៏ប៉ុន្តែ គោលដៅ​នៃ​ការធ្វើ​បដិវត្តន៍​​នៅអេហ្ស៊ីព្ទ គឺ​មិនមែន​ឲ្យ​កងទ័ព​នៅ​កាន់​អំណាច​​រហូត បង្កើត​ជា​របប​ផ្តាច់ការ​យោធា​នោះទេ។ គោលដៅ គឺ​ចង់​ឲ្យ​កងទ័ព​រៀបចំ​ធ្វើ​កំណែទម្រង់ ដើម្បី​រៀបចំ​ការបោះឆ្នោត​បែបប្រជាធិបតេយ្យ ហើយ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិលមួយ។

សម្រាប់​អាមេរិក សំណួរ​កំពុង​តែ​ចោទឡើងថា តើ​រដ្ឋាភិបាល​ថ្មី​របស់​អេហ្ស៊ីព្ទ ដែល​កើតចេញ​ពី​ការបោះឆ្នោត នឹង​មាន​ជំហរ​បែបណា​ចំពោះ​អាមេរិក? តើ​រដ្ឋាភិបាល​នោះ​នឹង​នៅតែ​ជា​សម្ព័ន្ធមិត្ត​អាមេរិក ដូច​រដ្ឋាភិបាល​របស់​លោក​មូបារ៉ាក់​ដែរ​ឬ​ទេ? តើ​រដ្ឋាភិបាល​ថ្មីនោះ​នឹង​នៅតែ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ អ៊ីស្រាអែល​ដែរ​ឬទេ? តើ​ចលនា​អ៊ីស្លាម​ជ្រុលនិយម (ជាភាសាបារាំង Frères Musulman ឬជាភាសាអង់គ្លេសMuslim Brotherhood) នឹង​មាន​កម្លាំង​ប៉ុណ្ណា នៅក្នុង​នយោបាយ​អេហ្ស៊ីព្ទ ទៅថ្ងៃអនាគត?

កាល​ពី​ឆ្នាំ​១៩៧៩ បដិវត្តន៍​អៀរ៉ង់​បាន​ផ្តួលរំលំ​របបដឹកនាំ​ស្និទ្ធិ​នឹង​សហរដ្ឋ​អាមេរិក ហើយ​​ពួក​អ៊ីស្លាម​ជ្រុលនិយម​បាន​ឡើង​មក​កាន់អំណាច​រហូតមកទល់​សព្វថ្ងៃនេះ។ របបដឹកនាំ​នៅអៀរ៉ង់​ពេលនេះ ក៏មាន​លក្ខណៈផ្តាច់ការ​មិនខុស​ពី​របបមុន​ដែរ ក៏ប៉ុន្តែ​ អៀរ៉ង់​បាន​ក្លាយ​ទៅជា​សត្រូវ​របស់​អាមេរិក និង​អ៊ីស្រាអែល។ មេរៀន​ដ៏ជូរចត់​មួយនេះ នៅតែ​តាម​លង​អ្នក​នយោបាយ​អាមេរិក នាពេលបច្ចុប្បន្ន​នេះ។

សំណួរមួយទៀត ដែល​កំពុង​តែ​ចោទឡើង គឺ​អនាគត​នៃ​របបដឹកនាំ​នៅ​ប្រទេស​អារ៉ាប់​ផ្សេងទៀត ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។ ម្សិលមិញ ​ប្រជាជន​ងើបឡើង​បះបោរ​ទម្លាក់​មូបារ៉ាក់ នៅអេហ្ស៊ីព្ទ។ ចុះនៅថ្ងៃ​ស្អែក តើ​នឹង​​ត្រូវ​ដល់​វេន​មេដឹកនាំ​ណាទៀត? ប្រទេស​ហ្សកដានី យេមែន និង​អារ៉ាប៊ី សាអ៊ូឌីត ជាដើម សុទ្ធសឹងតែ​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​របស់​អាមេរិក នៅដើមបូព៌ា ក៏ប៉ុន្តែ សុទ្ធសឹងតែ​ប្រទេស​គ្រប់គ្រង​ដោយ​របបផ្តាច់ការ ដែល​អាច​ជា​ចំណុច​ស៊ីប​នៃ​ចលនាបដិវត្តន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ