អានតួអត្ថបទ
ចិន-ទ្វីបអាមេរិកឡាទីន

លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយជុំ​ទ្វីប​អាមេរិកឡាទីន

នៅ​ថ្ងៃ​អង្គារ ទី១៩ ឧសភា​នេះ លោក​នាយករដ្ឋមន្រ្តី​ចិន​លី ខឺជំាង​បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ទ្វីប​អាមេរិកឡាទីន។ ប្រេស៊ីល​ជា​ប្រទេស​ដែល​លោក​លី ខឺជំាង​បាន​ចាប់​ផ្តើម​មុន​គេ​នៅ​ថ្ងៃ​នេះ និង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កូឡុំប៊ី​នៅ​ថ្ងៃ​ពុធ ទី២០ ឧសភា រួច​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ប្រទេស​ឈីលី និង​ប៉េរូ។ ទស្សនកិច្ច​របស់​លោក​នាយរដ្ឋមន្រ្តី​ចិន​នៅ​ទ្វីប​អាមេរិកឡាទីន​ពេល​នេះ​បាន​ធ្វើ​ឡើង ជិត​មួយ​ឆ្នំា​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធីបតី​ចិន​ស៊ី ជីនពីង។ គួរ​ជម្រាប​ជូន​ថា ជា​ប្រពៃណី ដែនដី​អាមេរិកឡាទីន​ត្រូវ​បាន​សហរដ្ឋអាមេរិក​ចាត់​ទុក​ជា​ដែនដី​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ខ្លួន។

លោកនាយករដ្ឋមន្រ្តីចិនលី ខឺជំាង
លោកនាយករដ្ឋមន្រ្តីចិនលី ខឺជំាង Reuters/Jason Lee
ផ្សាយពាណិជ្ជកម្ម

វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​ចិន​បាន​ព្យាយាម​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ទ្វីប​អាមេរិកឡាទីន និយាយ​ជា​រួម និង​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល និយាយ​ដោយឡែក។ ចូរ​កុំ​ភ្លេច​ថា គឺ​ទើប​តែ​នៅ​ដើម​សតវត្សទី២១ នេះ​ទេ​ដែល​ចិន​បាន​បង្កើន​ទំនាក់ទំនង​ទ្វេដង​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​ទ្វីប អាមេរិកឡាទីន​ដែល​សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​ជា​ដែនដី​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ខ្លួន។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០១៤ ទំហំ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិកឡាទីន​មាន​ទឹកប្រាក់​ដល់​ទៅ​ជាង ២៦៣ពាន់លាន​ដុល្លារ ពោល​បាន​កើន​ឡើង ២០ដង បើ​ធៀប​នឹង​ឆ្នំា ២០០០។ រីឯ​ទឹកប្រាក់​វិនិយោគ​របស់​ចិន​នៅ​ក្នុង​តំបន់​ក៏​បាន​កើន​ឡើង​ខ្លំាង​ដែរ ពោល​មាន​ជាង ៨០ ០០០លានដុល្លារ​នៅ​ក្នុង​ឆ្នំា ២០១៣។

នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក្នុង​ឆ្នំា ២០១៤ កន្លង​ទៅ លោក​ស៊ី ជីនពីង​បាន​ប្តេជ្ញា​នឹង​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ទ្វីបអាមេរិកទីន​ឲ្យ​​បាន ៥០០ពាន់​លានដុល្លារ​នៅ ១០ឆ្នំា​ខាង​មុខ។ ដូច្នេះ​ឃើញ​ថា ចិន​កំពុង​សម្លឹង​ឃើញ​ប្រយោជន៍​សំខាន់​ចំនួន​ពីរ​នៅ​ក្នុង​ទ្វីបអាមេរិកឡាទីន គឺ​ប្រយោជន៍​សេដ្ឋកិច្ច និង​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ។ ប្រយោជន៍​សេដ្ឋកិច្ច ព្រោះ​ទី១ ទ្វីប​អាមេរិកឡាទីន ជា​ទីផ្សារ​ប្រកប​សក្តានុពល​សម្រាប់​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ចិន ពិសេស​នៅ​ក្នុង​វិស័យ​នំា​ចេញ​របស់​ចិន និង​ទី២ ទ្វីប​អាមេរិឡាទីន ជា​ប្រភព​ថាមពល​ដែល​ចិន​កំពុង​ត្រូវ​ការ​មិន​អាច​ខ្វះ​បាន​សម្រាប់​យក​ទៅ​ចិញ្ចឹម​បំប៉ន​សេដ្ឋកិច្ច​របស់​ខ្លួន។

ចំណែក​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ​វិញ ក្រៅ​ពី​ចង់​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​តំបន់​អាស៊ី​ដែល​ចិន​កំពុង​ដើរ​តួ​យក្ស​ហើយ​នោះ ចិន ក៏​ចង់​ចាប់​ដៃ​ជាមួយ​ទ្វីបអាមេរិកឡាទីន​ដើម្បី​ស្ថាបនា​ពិភពលោក​មួយ​ឲ្យ​មាន​សមភាព និង​ភាព​សម្បូរ​រុងរឿង​ដែរ។ ទីក្រុង​ប៉េកំាង​បាន​ដឹង​ច្បាស់​ណាស់​ថា ទ្វីប​អាមេរិកឡាទីន​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ជា​ដែនដី​ឥទ្ធិពល​របស់​ខ្លួន តែ​ចិន​បាន​ចោទ​ជា​សំណួរ​ថា អាមេរិក​បាន និង​កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ី ចុះ​រឿង​អី​បាន​ជា​ចិន​មិន​អាច​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន​នោះ។

ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១ របស់​ប្រេស៊ីល

មាន​ហេតុផល​សំខាន់​ពីរ​ដែល​លោក​លី ខឺជំាង​បាន​ជ្រើស​យក​ប្រេស៊ីល​ជា​ប្រទេស​ដែល​ត្រូវ​បំពេញ​ទស្សនកិច្ច​មុន​គេ ទី១ ប្រេស៊ីល​ក៏​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លំាង​ហៅ​កាត់​ថា BRICS គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង និង​ទី២ ប្រេស៊ីល​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល​សម្រាប់​សេដ្ឋកិច្ច​ចិន និង​ក៏​ជា​ប្រទេស​យុទ្ធសាស្រ្ត​មួយ​សម្រាប់​ចិន​នៅ​អាមេរិកឡាទីន។ ក្នុង​ឆ្នំា ២០០៩ ចិន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១ របស់​ប្រេស៊ីល​នៅ​ពី​មុខ​សហរដ្ឋអាមេរិក។ តែ​បើ​និយាយ​ពី​រឿង​វិនិយោគ​ចិន​នៅ​ប្រេស៊ីល​វិញ ចិន​បាន​ស្ថិត​ចំណាត់​ទី១២។ ជា​ទូទៅ ប្រេស៊ីល​បាន​លក់​ឲ្យ​ចិន​សឹង​តែ​ផ្តាច់​មុខ​នូវ​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ មាន​ដូច​ជា​ធនធានរ៉ែ ប្រេងឆៅ និង​សណ្តែកសៀង ហើយ​ចិន​បាន​លក់​ទៅ​ឲ្យ​ប្រេស៊ីល​វិញ​នូវ​ផលិតផល​ស្រាប់ៗ។

ទីក្រុង​ប្រាស៊ីលីយ៉ា​បាន​ហៅ​នយោបាយ​ដោះដូរ​ពាណិជ្ជកម្ម​របៀប​នេះ​ថា ជា​ការ​ដោះដូរ​មិន​ស្មើភាព និង​អំពាវនាវ​ឲ្យ​ចិន​បង្កើន​វិនិយោគ​ដោយ​ផ្ទាល់​នៅ​ក្នុង​ទឹកដី​ប្រេស៊ីល តាម​រយៈ​ការ​បង្កើត​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​គ្រប់​ប្រភេទ។ ប្រេស៊ីល​បាន​យល់​ឃើញ​ថា ការ​បង្កើន​បន្ថែម​វិនិយោគ​ចិន​នៅ​ប្រេស៊ីល ជា​ការ​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​ប្រជាជន​ប្រេស៊ីល​អត់ការងារ​ធ្វើ និង​ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ប្រេស៊ីល​ដែល​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុងក្រោយ​នេះ។ ទន្ទឹម​គ្នា​នេះ ប្រេស៊ីល​ក៏​បាន​ទាមទារ​ឲ្យ​ចិន​យក​ប្រេស៊ីល​ធ្វើ​ជា​មូលដ្ឋាន​ផលិតកម្ម​របស់​ចិន​សម្រាប់​បំពេញ​តម្រូវការ​នៅ​ក្នុង​តំបន់ និង​សម្រាប់​នំា​ចេញ​ទៅ​កាន់​ពិភពលោក។

គួរ​ជម្រាប​ជូន​ថា ទោះ​បី​ជា​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ប្រេស៊ីល​ត្រូវ​បាន​ប្រេស៊ីល​ចាត់​ទុក​ថា មិន​ស្មើភាព​ក៏​ដោយ ក៏​ទឹកប្រាក់​នៃ​ការ​ដោះដូរ​រវាង​ប្រទេស​ទំាង​ពីរ​បាន​កើន​ពី ៣ ២០០លានដុល្លារ​ក្នុង​ឆ្នំា ២០០១ ដល់​ទៅ ៨៣ ០០០លានដុល្លារ​ក្នុង​ឆ្នំា ២០១៣។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​លី ខឺជំាង​ថ្ងៃ​នេះ ចិន​មាន​គម្រោង​ដាក់​បោះទុនវិនិយោគ​បន្ថែម​នៅ​ប្រេស៊ីល​ចំនួន ៥០ ០០០លានដុល្លារ ដោយ​ផ្តោត​សំខាន់​នៅ​ក្នុង​បណ្តាញ​ដឹកជញ្ចូន មាន​ផ្លូវដែក ផ្លូវថ្នល់ កំពុងផែ និង​អាកាសយានដ្ឋាន។ ទន្ទឹម​គ្នា​នេះ ចិន និង​ប្រេស៊ីល​ក៏​ផ្តើម​សិក្សា​លើ​គម្រោង​សាងសង់​ផ្លូវដែក និង​ផ្លូវសមុទ្រ​ដែល​ត្រូវ​ចំណាយប្រាក់​ប្រមាណ​ជា ៣០ ០០០លានដុល្លារ និង​រយៈពេល​សាងសង់​ពី ៣ ទៅ ៤ឆ្នំា។

អនាគត​ផ្លូវដែក និង​ផ្លូវសមុទ្រ​នោះ គឺ​ទុក​សម្រាប់​ដឹក​វត្ថុធាតុដើម​ពី​ប្រេស៊ីល​ទៅ​ចិន​តាម​មហាសមុទ្រ​ប៉ាស៊ីហ្វីក ដោយ​ឆ្លង​តាម​កាត់​តំបន់អាម៉ាហ្សូន និង​ប្រទេស​ប៉េរូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ