អានតួអត្ថបទ
អាល្លឺម៉ង់-អាមេរិក

អាល្លឺម៉ង់​បណ្តេញ​ប្រធាន​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ចេញ​ពី​ទឹក​ដី​ខ្លូន

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អាជ្ញាធរ​អាល្លឺម៉ង់​បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ ដែល​ឈរ​ជើង​នៅ​ក្រុង​ប៊ែកឡាំង ចាក​ចេញ​ពី​ទឹក​ដី​អាល្លឺម៉ង់។​ ការ​ស្នើ​សុំ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ ជា​បន្ត​បន្ទាប់​នូវ​ឯកសារ​ ក៏​ដូច​ជា​ការ​ចាប់​បាន​ជន​សង្ស័យ​ ដែល​គេ​គិត​ថា​ ជា​ភ្នាក់ងារ​ចារកិច្ច​របស់​អាមេរិក​ មក​លប​ស៊ើបការ​ពត៌មាន​ក្នុង​ជូរ​រដ្ឋាភិបាល​អាល្លឺម៉ង់។

វិមាន Reichstag​ ដែលជាសភា​អាល្លឺម៉ង់​នៅក្រុង​ Berlin
វិមាន Reichstag​ ដែលជាសភា​អាល្លឺម៉ង់​នៅក្រុង​ Berlin AFP/©AFP/ADAM BERRY
ផ្សាយពាណិជ្ជកម្ម

ដើម​ហេតុ​ដំបូង​គឺ​បណ្តាល​មក​ពី លោក Edward Snowden ដែល​បាន​ទម្លាយ​ឯកសារ​សម្ងាត់​បង្ហាញ​ថា​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ NSA បាន​លប​ស្តាប់​ទូរស័ព្ទ​របស់​លោកស្រី​អង់ហ្គែឡា ម៉ែរគែល។​ ក្រោយ​ហេតុការណ៍​នេះ អាជ្ញាធរ​អាល្លឺម៉ង់​បាន​ចាត់​ការ​ស៊ើបអង្កេត​​ ដើម្បី​ឲ្យ​យល់​ច្បាស់​អំពី​សកម្មភាព​ពិត​ប្រាកដ​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ដែល​មាន​បេសកកម្ម​នៅ​អាល្លឺម៉ង់។ កាល​ពី​ថ្ងៃ​ពុធ​ថ្មីៗ​នេះ អាជ្ញាធរ​អាល្លឺម៉ង់​បាន​ស្រាវជ្រាវ​ដឹងថា មាន​ជន​បង្កប់​អាមេរិក​ម្នាក់​ធ្វើការ​នៅ​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់។ ​ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទៀត​ គេ​បាន​ចាប់​ភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់​ម្នាក់​ទៀត​​ដែល​ជា​ជន​បង្កប់​ បាន​លួច​ផ្តល់​ពត៌មាន​ឲ្យ​ភ្នាក់ងារ​ CIA របស់​អាមេរិក។

 
លោក​ស្រី​អង់ហ្គែឡា ម៉ែរគែល បាន​ថ្លែង​ទាំង​មិន​សប្បាយ​ចិត្ត​ថា ក្នុង​នាម​ជា​ប្រទេស​ដៃគូ​សម្ព័ន្ធមិត្ត​នឹង​គ្នា​ បែរ​ជា​មិន​ទុកចិត្ត​គ្នា ​ហើយ​​លួច​មក​ស៊ើប​ការ​សម្ងាត់​បែប​នេះ​ទៅ​វិញ។ លោក​ស្រី​បន្ត​ថា ពិភពលោក​បច្ចុប្បន្ន មិន​មែន​ពិភពលោក​ជំនាន់​សង្គ្រាម​លោក​លើក​ទី​ពីរ ឬ​ជំនាន់​សង្គ្រាម​ត្រជាក់​ទៀត​ឡើយ។​ មាន​បញ្ហា​សន្ធឹក​សន្ធាប់​ណាស់​ដែល​យើង​គួរ​ចាប់​ដៃ​គ្នា​ដោះស្រាយ មិនត្រូវ​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​មក​ស៊ើបការណ៍ សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​ទេ។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​អាល្លឺម៉ង់​និយាយ​ថា អាល្លឺម៉ង់​មិន​អាច​ចាត់ទុក​រឿង​នេះ​ជា​ការ​លេងសើច​បាន​ទេ ។ រដ្ឋាភិបាល​ទាំង​ពីរ​ត្រូវ​តែ​រក​មធ្យោបាយ​ជម្រះ​ការ​សង្ស័យ​នេះ​ឲ្យ​ជ្រះស្រលះ។ លោក​បន្ត​ថា យើង​មិន​អាច​ធ្វើការ​ជាមួយ​គ្នា​ទៀត​ទេ បើ​សិន​ជា​យើង​មិន​ទុក​ចិត្ត​គ្នា​ ហើយ​ហ៊ាន​និយាយ​ត្រង់​ទៅ​ត្រង់​មក។

យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា​អាមេរិក​បាន​ទទួល​ដំណឹង​ដែល​ថា អាល្លឺម៉ង់​បាន​បណ្តេញ​ប្រធាន​ភ្នាក់ងារ​ចារកិច្ច​ខ្លួន ប៉ុន្តែ​រដ្ឋាភិបាល​អាមេរិក​សុំ​មិន​និយាយ​អ្វី​ទាំង​អស់​នា​ពេល​នេះ។​ អ្នក​នាំ​ពាក្យ​ដដែល​បន្តថា អាមេរិក​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​អាល្លឺម៉ង់​ជានិច្ច។ តាម​សម្តី​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​អាល្លឺម៉ង់ អាល្លឺម៉ង់​សម្រេច​ស្នើ​ឲ្យ​ប្រធាន​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ចាកចេញ​ពី​ទឹក​ដី​ខ្លួន ព្រោះ​ថា​មន្ត្រី​អាមេរិក​រូប​នេះ មិន​បាន​សម្តែង​ការ​ចូលរួម​សហប្រតិបត្តិការ​ឲ្យ​បាន​ត្រឹមត្រូវ​ ក្នុង​សំណុំ​រឿង​អាស្រូវ​ដែល​បែក​ធ្លាយ​នា​ពេល​ថ្មីៗ​នេះ​ទេ។ លោក​ថា​រដ្ឋាភិបាល​អាល្លឺម៉ង់​ សង្កេត​ឃើញ​ថា អាមេរិក​ហាក់​ព្រងើយ​កន្តើយ​ មិន​អើពើ​ចេញ​មុខ​មក​បកស្រាយ​សោះ។ ធ្វើ​ដូច​រឿង​ដែល​កើត​ឡើង​មក​នេះ​ជា​រឿង​លេង​សើច។

យោង​តាម​ការ​វិភាគ លោក​ប្រធានា​ធិបតី​Barack Obama គួរ​ណា​តែ​ចេញ​មុខ​មក​ដោះស្រាយ​រឿងនេះ។ តែ​បើ​តាម​យោបល់​របស់​អ្នក​វិភាគ​ម្នាក់ លោក​យល់​ថា​ប្រហែល​ជា​លោក​ Barack Obama ក៏​មិន​អាច​ដោះស្រាយ​បាន​ដែរ​មើល​ទៅ។ បញ្ហា​នេះ វា​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​សភា​តំណាង​រាស្រ្ត​របស់​ប្រទេស​ទាំង​ពីរ។ តែ​បើ​តាម​មើល​ស្ថានភាព​នា​ពេល​នេះ ខាង​អាមេរិក​គ្មាន​នរណាម្នាក់​​កម្រើក​សោះ។ ម្លោះ​ហើយ​រឿង​នេះ​ ប្រហែល​ជា​នៅ​ស្អុយ​រលួយ យូរ​ទៀត​មើល​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ