អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

តាលីបង់​វាយ​ប្រហារ​ភេរវកម្ម ក្នុង​សង្កាត់​ស្ថានទូត កណ្តាល​រដ្ឋធានី​

កាប៊ូល​បាន​ក្លាយ​ជា​ចំណុច​វាយប្រហារ​ភេរវកម្ម កាលពី​ថ្ងៃ​សុក្រ​ទី ១៧ មករា​ម្សិលមិញ បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ២១​នាក់។ ក្នុង​នោះ​មាន​បួន​នាក់​ជា​បុគ្គលិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ភេរវកម្ម​ជា​ស្នាដៃ​របស់​ពួក​តាលីបង់​នេះ បាន​ផ្ទុះ​ឡើង​​នៅ​មុខ​ភោជ្ជនីយដ្ឋាន​មួយ ​ក្នុង​សង្កាត់​​​ស្ថានទូត​ ដែល​មានជន​​បរទេស​ជា​ច្រើន​ចូល​ចិត្ត​ទៅ​ជួប​ជុំ​គ្នា​ ជាពិសេស​ក្នុង​ល្ងាច​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍។

ប៉ូលិស​អាហ្វហ្កានីស្ថាន​ចុះ​ទៅកន្លែង​កើត​ហេតុ​ភេរវកម្ម​ យប់​ថ្ងៃទី ១៧​មករា ២០១៤
ប៉ូលិស​អាហ្វហ្កានីស្ថាន​ចុះ​ទៅកន្លែង​កើត​ហេតុ​ភេរវកម្ម​ យប់​ថ្ងៃទី ១៧​មករា ២០១៤ AFP PHOTO/JOHANNES EISELE
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​ភេរវកម្ម​យប់​មិញ​នេះ ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ ដោយ​គ្មាន​បង្អង់​ពី​សំណាក់​ពួក​តាលីបង់។ ម៉ោង​ប្រមាណ​៧​យប់​ (ម៉ោង​ក្នុង​ស្រុក) អត្តឃាតជន​ បាន​បំផ្ទុះ​គ្រាប់​បែក​ នៅ​ចំពី​មុខ​ភោជ្ជនីដ្ឋាន បន្ត​ដោយ​ការ​បាញ់​រះ​ មួយ​ប្រាវ​ទៀត។ នេះ​បើ​តាម​អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ Mohammad Ayoub Salangi ដែល​បាន​បញ្ជាក់​ថា ក្រោយ​ការ​បំផ្ទុះ គ្រាប់​បែក ដែល​លាន់​ឮ​ពេញ​រដ្ឋ​ធានី​កាប៊ូល ជន​ប្រដាប់​អាវុធ​ពីរ​នាក់​ផ្សេង​ទៀត បាន​ឆ្លៀត​ស្ទុះ​ចូល​ក្នុង​អាហារដ្ឋាន រួច​បាញ់​រះ​លើ​ភ្ញៀវ ដោយ​គ្មាន​រអា រយៈ​ពេល​ប្រមាណ​២០នាទី។​ អត្តឃាត​ជន​មាន​គ្នា​បី​នាក់ ប៉ុន្តែ​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​កម្ចាត់​បាន​ទាន់ពេល​វេលា មិន​អាច​បំផ្ទុះ​គ្រាប់​បែក​បាន។

​ក្នុង​ចំណោម​អ្នក​ជន​រងគ្រោះ​បាត់បង់​ជីវិត​​ទាំង​២១​នាក់​ ១៣​នាក់​ជា​ជន​បរទេស ម្នាក់​ជា​ជនជាតិ​ដាណឺម៉ាក ម្នាក់​​អង់គ្លេស ​ កាណាដាពីរ​នាក់ បួន​នាក់​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ម្នាក់​ទៀត​ជា​តំណាង​អចិន្ត្រៃយ៍​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។ អ្នក​នាំ​ពាក្យ​តាលីបង់​បាន​អះអាង​ថា​ មាន​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាល្លឺម៉ង់​ស្លាប់​ដែរ ប៉ុន្តែ​បែរឡាំង​មិនបាន​បញ្ជាក់​ព័ត៌មាន​នេះ​ទេ។

បើតាមជនជាតិ​ម្នាក់​ ស្នាក់​នៅ​ក្រុង​កាប៊ូល​តាំង​ពី​បី​ឆ្នាំ​ និង​មិន​ឆ្ងាយ​ប៉ុន្មានពី​កន្លែង​កើត​ហេតុ ភោជ្ជនីយដ្ឋាន​នេះ​មាន​ការ​ការពារ​សន្តិសុខ​ខ្លាំង​ណាស់ ព្រោះ​​ជា​ភោជ្ជនីយដ្ឋាន​ដែល​បាន​ទទួល​សិទ្ធិ​អនុញ្ញាត​​ពី​​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​កាប៊ូល ជា​កន្លែង​ប្រមូល​ផ្តុំ​ស្ថានទូត​នានា និង​​អ្នក​មាន​អាហ្វហ្កានិស្ថាន​ រស់​នៅ។
ការ​វាយប្រហារ​អត្តឃាត​នេះ ផ្ទុះ​ឡើង​តែ​៥​ថ្ងៃ​ប៉ុណ្ណោះក្រោយ​ភេរវកម្ម​​អត្តឃាត​ប្រឆាំង​នឹង​រថយន្ត​ប៉ូលិស ដែល​កាលណោះ​បណ្តាល​ឱ្យ​ស្លាប់​កង​កម្លាំង​ប៉ូលិស​អាហ្វហ្កានិស្ថាន​ពីរ​នាក់ នៅ​ទីក្រុង​កាប៊ូល​ដែរ។ សូម​រំលឹក​ជូន​ថា កង​កម្លាំង​អន្តរជាតិ​អូតង់​ នឹង​ត្រូវ​ដក​ចេញ​ពី​អាហ្វហ្កានិស្ថាន​ នៅ​ចុង​​ឆ្នាំ​នេះ​។ ការ​ដក​ទ័ព​ក្នុង​បរិបទ​នយោបាយ​តាន​តឹង​បំផុត​ ពី​ព្រោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី ៤​មេសា​ខាង​មុខ ឯ​ការ​វាយប្រហារ​តាលីបង់​ក៏​កាន់​តែកើន​ឡើង​ឥត​ឈប់​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ