អានតួអត្ថបទ
រុស្ស៊ី​​

គ្រោះថ្នាក់​​យន្តហោះ​ស្លាប់​៤​នាក់​នៅ​ក្រុង​ម៉ូស្គូ​

នៅ​ប្រទេស​រុស្ស៊ី​ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ​​​​មាន​គ្រោះ​ថ្នាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង ​​នៅ​ក្រុង​ម៉ូស្គូ​ បាន​បណ្តាល​អោយស្លាប់​​​បុគ្គលិក​បំរើ​ការ​ក្នុង​​យន្តហោះ​ ៤​នាក់ និង​របួស​ ៤នាក់។ យន្ត​ហោះនេះ គ្មាន​ផ្ទុក​អ្នក​ដំណើរ​ទេ​ មាន​តែ​​បុគ្គលិក​​បំរើ​ការងារ​​តែ​​៨​ នាក់​ប៉ុណ្ណោះ​។ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​​គ្រោះ​ថ្នាក់នេះ​នៅ​ឡើយ​​​ទេ​។​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ អ្នក​ជំនាញ​​ចាប់​ផ្តើម​ធ្វើ​​កោសល្យ​វិច័យ​​​លើ​សាកសព​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។ ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​​​​មាន​ធ្លាក់​យន្តហោះ​ច្រើនគ្រឿង​​​​ក្នុង​ប្រទេស ដែល​ឆ្លុះ​បង្ហាញ​ថា វិស័យ​សន្តិសុខ​ផ្លូវ​អាកាស​របស់ប្រទេស​​​រុស្ស៊ី នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ។

យន្តហោះ​​​ដាច់​​ជា​​កំណាត់​ នៅ​​​ជិត​ព្រលាន​​យន្តហោះ Vnukovo​ នៅ​​ក្រុង​​ម៉ូស្គូ
យន្តហោះ​​​ដាច់​​ជា​​កំណាត់​ នៅ​​​ជិត​ព្រលាន​​យន្តហោះ Vnukovo​ នៅ​​ក្រុង​​ម៉ូស្គូ Reuters
ផ្សាយពាណិជ្ជកម្ម

យន្តហោះ Topolev ​ដែល​ធ្លាក់​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ នៅ​ក្រុង​ម៉ូស្គូ គ្មាន​ផ្ទុក​អ្នក​ដំណើរ​ម្នាក់​ឡើយ លើក​លែង​តែ​​បុគ្គលិក​បំរើ​ការ​​ តែ​៨​នាក់​ ប៉ុណ្ណោះ។ យន្ត​ហោះ​​​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ២១០​នាក់ ​​​កំពុង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​រុស្ស៊ី​វិញ បន្ទាប់​ពី​បាន​ធ្វើ​ការ​ហោះ​ហើរ​​ទៅ​សាធារណរដ្ឋ​​ឆេក​។ ​​

មុន​នឹង​ផ្ទុះ​​ដាច់​ចេញ​ជា​​បី​​កំណាត់​ យន្តហោះ​បាន​បន្ទាបខ្លួន​​ចុះ​​​​ចត យ៉ាង​បន្ទាន់​​​ក្នុង​ព្រលាន។ ប៉ុន្តែ​គេ​មិន​ដឹង​ថា​​តើមូលហេតុ​អ្វី ទើប​វា​មិន​អាច​ឈប់​ចត​​នៅ​នឹង​មួយ​កន្លែង​បាន។ យន្តហោះ​បាន​​​​ចេញហួស​ពី​ផ្លូវ​ចុះចត មក​បុក​នឹង​របាំង​​សន្តិសុខ​​ រួចទើប​ផ្ទុះចេញ​ភ្លើង។ ក្នុង​​រូប​ភាព​វីដេអូ​​ដែល​ដាក់​បង្ហាញ​លើ​​អាំងទែរណែត គេ​​ឃើញ​កំទេច​​យន្តហោះ ធ្លាក់​ចុះ​​លើ​​​ផ្លូវ​ចរាចរមួយ ធ្វើ​អោយ​អ្នក​បើកបររថយន្ត​​ជាច្រើន​ បង្ខំចិត្ត​​​បញ្ឈប់​ការ​បើកបរ។

គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​​គ្រោះ​ថ្នាក់នេះ​នៅ​ឡើយ​​​ទេ។ យោង​តាម​អ្នក​ស៊ើប​អង្កេត លក្ខខណ្ឌ​អាកាសធាតុ​ និង​កំហុស​បើកបរ​ មិន​មែន​ជា​មូលហេតុ ​នៃ​គ្រោះថ្នាក់​នេះ​ទេ។
អ្នក​ស៊ើប​អង្កេត​​ គិត​ថា​ប្រហែល​​មកពី​ បញ្ហា​បច្ចេកទេស​របស់​យន្តហោះ​​ច្រើន​ជាង។​

វិស័យ​សន្តិសុខ​ផ្លូវ​អាកាស​របស់ប្រទេស​​​រុស្ស៊ី នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ។
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​​​​ គ្រោះ​ថ្នាក់​​ធ្លាក់​យន្តហោះ មាន​​ច្រើន​​​​​ក្នុង​ប្រទេស ធ្វើ​អោយ​អាជ្ញាធរ​​​រុស្ស៊ី​ឈប់​ប្រើប្រាស់ នូវ​យន្តហោះ​​​ចាស់ៗ​​ដែល​​មាន​សល់​តាំង​ពី​សម័យ​​សូវៀត ហើយ​បាន​កំណត់​អោយ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុន​​អាកាសចរណ៍​នានា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ