អានតួអត្ថបទ
កម្ពុជា

គ្រួសារ​​ជន​រង​​គ្រោះ​​ដោយ​​សារ​​ធ្លាក់​​ដែក​​ចំក្បាល ​ដក​​ពាក្យ​​បណ្តឹង ​តែ​​សំណុំ​​រឿង​​នៅ​​តែ​បន្ត​

ភាគី​ខាង​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​សារ​ការ​ធ្លាក់​កំណាត់​ដែក​ចំក្បាល បាន​យល់​ព្រម​ដក​ពាក្យបណ្តឹង ពី​ក្រុម​ហ៊ុន ICOC ក្រោយ​ពី​មាន​ការ​ផ្តល់​សំណង​៦​ម៉ឺន​ដុល្លា​អាមេរិក។ ប៉ុន្តែ បើ​តាម​ច្បាប់ ​សំណង​នេះ គ្រាន់​តែ​ជា​ការ​ទទួល​ខុស​ត្រូវ ខាង​បណ្តឹង​រដ្ឋ​ប្បវេណី​ប៉ុណ្ណោះ ចំណែក​ឯ​បណ្តឹង​អាជ្ញា​នៅ​មិន​ទាន់​បញ្ចប់​នោះ​ទេ ។ ហើយ​នៅ​ចំពោះ​មុខ កម្មករ​សំណង់​៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ចំណែក​ឯ​ការ​ដ្ឋាន​សំណង់​ក៍​ត្រូវ​ផ្អាក​ការ​សាង​សង់ ជា​បណ្តោះ​អាសន្ន​។

សំណង់អគារ​រីកដុះ​ដូចផ្សិត​នៅ​កម្ពុជា ប៉ុន្តែ គុណភាព​សំណង់​គឺ​ជា​បញ្ហា​ចោទ​ដល់​សុវត្ថិភាព
សំណង់អគារ​រីកដុះ​ដូចផ្សិត​នៅ​កម្ពុជា ប៉ុន្តែ គុណភាព​សំណង់​គឺ​ជា​បញ្ហា​ចោទ​ដល់​សុវត្ថិភាព RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​បញ្ជាក់​ពី​លោក កែវ សុជាតិ ព្រះរាជ​អាជ្ញារង អម​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ភាគី​គ្រួសារ​ជន​រង​គ្រោះ​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន ICOC ហើយ ក្រោយ​ពី​បាន​ទទួល​សំណង​ចំនួន​៦​ម៉ឺន​ដុល្លា​អាមេរិក​។ ក៍​ប៉ុន្តែ​យោង​តាម​ច្បាប់ សំណុំរឿង​ឃាតកម្ម​ដោយ​អចេតនា​នេះ នៅ​មិន​ទាន់​រលត់​នោះ​ទេ ពោល​គឺ ការ​ស៊ើប​អង្កេត​នឹង​ត្រូវ​បន្ត​ធ្វើ ទៅ​លើ​មនុស្ស​មួយចំនួន​ទៀត។ លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន សំណុំ​រឿង​នេះ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​អោយ​ចៅ​ក្រម​ស៊ើប​សួរ លោក ទេស សា​រ៉ោ ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន មាន​តែ​កម្មករ​សំណង់​៥​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា ក្រោយ​ពី​ហេតុ​ការណ៍​ធ្លាក់​កំណាត់​ដែក​បួន​ជ្រុង ប្រវែង​ជិត​២​ម៉ែត្រ បាន​បណ្តាល​អោយ​ស្លាប់​ស្ត្រី​ម្នាក់​ឈ្មោះ ប៊ុត វណ្ណី អាយុ​៤៨​ឆ្នាំ ខណៈ​ដែល​ស្ត្រី​រូប​នោះ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ នៅ​ក្បែរ​ការ​ដ្ឋាន​សំណង់​អគារ Olympia City របស់​ក្រុមហ៊ុន ICOC ស្ថិត​នៅ​ជាប់​របង​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​ខែ​វិច្ឆិកា។ ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​រន្ធត់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​។

កម្មករ​សំណង់​ទាំង​៥​នាក់​នោះ​រួម​មាន ទី១-ឈ្មោះ ចែម ឈុន អាយុ២១ឆ្នាំ ជា​កម្មករ​សំណង់​មាន​ស្រុក​កំណើត​មកពី​ខេត្ត​កំពង់​ធំ, ទី២-ឈ្មោះ ចែម ថើ​ត អាយុ​២៣​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅក្នុង​ក្រុម​ហ៊ុន ICOC ស្តាត​អូឡាំពិក ទី​៣​ឈ្មោះ លន់ សំអុល អាយុ​៣៦​ឆ្នាំ ទី​៤-ឈ្មោះ ឃួន វិជ្ជា អាយុ​២០​ឆ្នាំ និង ទី៥-ឈ្មោះ សូ សាវ៉ៃ អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ក្រុម​ហ៊ុន​OCIC ស្តាត​អូឡាំពិក។ ចំណែក​ឯ មេការ​ចំនួន​២​នាក់ ដែល​បណ្តាញ​ព័ត៌​មាន​ក្នុង​ស្រុក​ផ្សាយ​ថា ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នោះ ទី​១​មាន​ឈ្មោះ ធាន សង្ហី អាយុ​៤៨​ឆ្នាំ ជា​ជន​ជាតិចិន មាន​មុខរបរ​វិស្វករ និង​ជា​មេការ និង​ទី២-ឈ្មោះ កែវ ចាន់ អាយុ​៤៨​ឆ្នាំ ជន​ជាតិ​ខ្មែរ។ ប៉ុន្តែ លោក​កែវ សុជាតិ បាន​បដិសេធ​ថា លោក​មិន​បាន​ដោះលែង​មេការ​សំណង់​ទាំង​ពីរ​នាក់​នេះ​ទេ​។

យ៉ាង​ណា​ក៍ដោយ ការ​ចាប់​ខ្លួន​កម្មករ​សំណង់​តែ​៥​រូប អោយ​មក​ទទួល​ខុស​ត្រូវ ខណៈដែល​មេការ និង​ម្ចាស់​សំណង់​អគារ​ដែលជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត មិន​ត្រូវ​បាន​ចាប់​ខ្លួន​នោះ កំពុង​ធ្វើអោយ​មហាជន​រិះគន់​យ៉ាង​ខ្លាំង​។

ដោយ​ឡែក ទាក់​ទង​នឹង​ដំណើរ​ការ​សាងសង់​អគារ  Olympia City របស់​ក្រុមហ៊ុន ICOCនេះ​វិញ ក៍​ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី នគររូប​នីយកម្ម និង​សំណង់​សម្រេច​ផ្អាក​ការ​សាង​សង់​ជា​បណ្តោះអាសន្ន​សិន ដើម្បី​រងចាំ​ការ​ស៊ើប​អង្កេត​រក​មូល​ហេតុ​ជា​មុន​សិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ