អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន​ប្រកាស​ថ្កោលទោស​ការ​សម្លាប់រង្គាល​ជនជាតិ​ជ្វីហ្វ​ក្នុង​សង្រ្គាម​លោក​លើកទី២

​កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ លោក​ម៉ះមូដ អាបាស់ (Mahmoud Abbas) ប្រធានាធិបតី​ប៉ាឡេស្ទីន បាន​ប្រកាស​ជា​សាធារណៈ ​ថ្កោលទោស ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ ដោយ​ហ៊ីត្លែរ កាល​ពី​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២។ ការប្រកាស​បែបនេះ ពីសំណាក់​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន គឺ​ជា​រឿង​មិន​ធ្លាប់​មាន ហើយ​ត្រូវ​បាន​ធ្វើឡើង​នៅ​ចំថ្ងៃ ដែល​អ៊ីស្រាអែល​ធ្វើ​ពិធី​រំឭកខួប​ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ​នេះ។

លោក​ម៉ះមូដ អាបាស់ (Mahmoud Abbas) ប្រមុខដឹកនាំ​ប៉ាឡេស្ទីន
លោក​ម៉ះមូដ អាបាស់ (Mahmoud Abbas) ប្រមុខដឹកនាំ​ប៉ាឡេស្ទីន REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

“អ្វីដែល​បាន​កើតឡើង ចំពោះ​ជនជាតិ​ជ្វីហ្វ កាល​ពី​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ វា​គឺ​ជា​បទឧក្រិដ្ឋ​​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ នៅ​ក្នុង​ប្រវត្តិសាស្រ្តរបស់​មនុស្ស​ជាតិ​នៃ​សម័យទំនើប”។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​លោក​ម៉ះមូដ អាបាស់ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​​ចេញផ្សាយ កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុនពេល​ដែល​អ៊ីស្រាអែល​ចាប់ផ្តើម​ប្រារព្ធ​ពិធី​រំឭកខួប ការ​សម្លាប់​រង្គាល​ជនរួម​ជំនឿ​របស់​ពួកគេ ដោយ​អាល្លឺម៉ង់​ណាស៊ី។

លោក​ម៉ះមូដ អាបាស់ ដែល​កាល​ពីមុន​ធ្លាប់​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​មិនព្រម​ទទូលស្គាល់​ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ ក៏​ធ្លាប់​បាន​ប្រកាស​ថ្កោលទោស​ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ​ដែរ ក៏ប៉ុន្តែ កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ គឺ​ជា​លើកទី១​ហើយ ដែល​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​បាន​ប្រកាស​ថ្កោលទោស​ដោយ​ប្រើ​សម្តី​ធ្ងន់ៗ ហើយ​ការ​ប្រកាស​ថ្កោលទោស​នេះ​ទៀត​សោត​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​​​ជា​ភាសា​អារ៉ាប់។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ លោក​ម៉ះមូដ អាបាស់ ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​អ៊ីស្រាអែល​ឲ្យ​​ឆ្លៀតឱកាស​នេះ ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ប្រកប​ដោយ​យុត្តិធម៌ ដោយ​ឈរលើ​គោលការណ៍​ប្រជាជាតិ​ពីរ រដ្ឋ​ឯករាជ្យ​ពីរ ដែល​នឹង​រស់នៅ​ក្នុង​សុខសន្តិភាព ​ជា​ប្រទេស​ជិតខាង​ភូមិផង​របងជាមួយ​។

គួរបញ្ជាក់ថា ការចរចា​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​កាល​ពីមុន​គ្រោង​ថា​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​ជា​កិច្ចព្រមព្រៀង នៅត្រឹម​ថ្ងៃ​អង្គារ ទី២៩​ មេសា ស្អែក​នេះ កំពុង​ត្រូវ​ជាប់គាំង​ទាំងស្រុង ដោយសារ​តែ​អ៊ីស្រាអែល​ប្រកាស​ផ្អាក​ចរចា ក្រោយ​ពី​លោក​ម៉ះមូដ អាបាស់ ចុះ​កិច្ចព្រមព្រៀង​ផ្សះផ្សា​គ្នា​ ជាមួយ​នឹង​ក្រុម​ហាម៉ាស់ ដែល​អ៊ីស្រាអែល​ចាត់ទុក​ថា​ជា​ក្រុម​ភេរវជន។

កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ដែរ អង្គការ​រំដោះជាតិ​ប៉ាឡេស្ទីន (OLP) របស់​លោក​អាបាស់ បាន​ព្រមាន​ដល់​អ៊ីស្រាអែល​ថា ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ក្នុង​រយៈពេល ៣ខែ​ខាងមុខ​នេះ​ទេ ប៉ាឡេស្ទីន​នឹង​ចាប់ផ្តើម​ឡើងវិញ​នូវ​នីតិវិធី សុះ​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ និង​អនុសញ្ញា​អន្តរជាតិ ដែល​មានន័យ​ស្មើ​នឹង​​ការ​ប្រកាស​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ ដោយ​មិន​ឆ្លងកាត់​ការចរចា​ជាមួយ​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ