អានតួអត្ថបទ
ភូមា

តុលាការ​ភូមា​ព្រម​អោយ​មាន​ការ​ដក​បណ្តឹង​លើ​សារព័ត៌មាន​មួយ​ពី​បទ​សំអុយ​កេរ្តិ៍​ឈ្មោះ​

នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ តុលាការ​ប្រទេស​ភូមា​បាន​​សំរេច​យល់​ព្រម​ អោយ​មាន​ការ​​លុប​​ចោល​បណ្តឹង​លើ​​​​​សារព័ត៌មាន​​​ប្រចាំ​សប្តាហ៍​មួយ​​ ឈ្មោះ​ The Voice Weekly ដែល​ត្រូវ​ក្រសួង​រ៉ែ​ភូមា​​​​ចោទ​ប្រកាន់​ពី​​បទ​​សំអុយ​កេរ្តិ៍​ឈ្មោះ​។​ The Voice Weekly បាន​សរសេរ​​ក្នុង​ទំព័រ​របស់​​ខ្លួន​ថា ការិយាល័យ​សវនកម្ម​​​បាន​រក​ឃើញ​​ការ​លួច​បន្លំ​នានា នៅ​ក្នុង​ក្រសួង​ចំនួន​បួន​ នៅ​ក្នុង​ប្រទេស​ដែល​ក្នុង​នោះ​ក៏​មាន​​​​ក្រសួង​រ៉ែ​​ភូមា​ផង​ដែរ។ ការ​សំរេច​​​​របស់​តុលាការ​ភូមា​ បាន​បង្ហាញ​ពី​ការ​ប្រែ​មុខ​មាត់​ថ្មី​របស់​រដ្ឋាភិបាល​ ដែល​ចង់​បង្ហាញ​ពី​ការ​ប្រឹង​ប្រែង​របស់​ខ្លួន​​ក្នុង​ការ​ធានា​អោយ​មាន​សេរី​ភាព​សារព័ត៌មាន​ខ្ពស់​ នៅ​ក្នុង​ប្រទេស។ កាល​ពី​ម្សិលមិញ​នេះ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​​​​បាន​ដាក់​ចំណាត់​ថ្នាក់ផ្នែក​សេរី​ភាព​សារព៍ត៌មាន​​លេខ ១៥១ ដល់​ភូមា ក្នុង​ចំណោម​ប្រទេស​១៧៩ ទូទាំង​ពិភពលោក។

អ្នក​កាសែត​​​ទាំង​នេះ​បាន​ធ្វើ​ការ​​តវ៉ា​ចំពោះ​ការ​បិទ​​ការ​ផ្សាយ​របស់សារព័តម៌ាន​​​ The Voice Weekly  កាល​ពី​​​​ខែ សីហា ឆ្នាំ ២០១២
អ្នក​កាសែត​​​ទាំង​នេះ​បាន​ធ្វើ​ការ​​តវ៉ា​ចំពោះ​ការ​បិទ​​ការ​ផ្សាយ​របស់សារព័តម៌ាន​​​ The Voice Weekly កាល​ពី​​​​ខែ សីហា ឆ្នាំ ២០១២ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

លោក​ Kyaw Min Swe ដែល​ជា​នាយក​និពន្ធ​របស់​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​ The Voice Weekly នៅ​ភូមា បានធ្វើ​ការ​​ស្វាគមន៍​​លើ​​ការ​សំរេច​ចិត្ត​​​របស់​តុលាការ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ អោយ​​ដក​បណ្តឹង​​ចោទ​ប្រកាន់មក​លើ​សារ​ព័ត៌មាន​​នេះ ​ពី​បទ​សំអុយកេរ្តិ៍​ឈ្មោះ​លើ​ក្រសួងធនធាន​​រ៉ែ​ភូមា​។ ​​

The Voice Weekly ធ្លាប់​បាន​សរសេរ​​ក្នុង​ទំព័រ​របស់​​ខ្លួន​ថា ការិយាល័យ​​សវនកម្ម​​​បាន​រក​ឃើញ​​​ការ​លួច​បន្លំ​នានា នៅ​ក្នុង​ក្រសួង​ចំនួន​បួន​​ នៅ​ក្នុង​ប្រទេស​ ក្នុង​នោះ​ក៏​មាន​​​​ក្រសួងធនធាន​​រ៉ែ​​ភូមា​ផង​ដែរ។ កាល​ពី​ខែ​កញ្ញា​កន្លង​មក តុលាការ​ភូមា​​បាន​យល់​ព្រម​​​​បន្ត​ការ​កាត់​ទោស​​​​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​មួយ​នេះ ពី​បទ​សំអុយកេរ្តិ៍​ឈ្មោះ ទៅ​តាម​ការ​ចោទ​ប្រកាន់​របស់​ក្រសួងធនធាន​​រ៉ែ។ ប៉ុន្តែ​ ចាប់​តាំង​ពី​ពេល​នោះ​មក ក្រសួងធនធាន​​រ៉ែ​បាន​ផ្លាស់​ប្តួរ​គំនិត​វិញ​​ ដើម្បី​​​សំរួល​​​​​​​ខ្លួន​​អោយ​ស្រប​ទៅ​តាម​ការ​​បញ្ចុះ​បញ្ចូល​​​របស់​​ក្រុម​ប្រឹក្សា​នៃ​​សារព័ត៌មាន។​

ការ​យល់​ព្រម​​​​របស់​តុលាការ​ភូមាអោយ​​​​ដក​បណ្តឹង​លើ​សារ​ព័ត៌មាន The Voice Weekly ​​​ ធ្វើឡើង​​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រទេស​ភូមាបាន​ទទួល​ចំណាត់​ថ្នាក់​លេខ​ ១៥១​ ផ្នែក​សេរីភាព​សារព័ត៌មាន​ ក្នុង​ចំណោម​ប្រទេស​សរុប​ ១៧៩ ប្រទេស។ រដ្ឋាភិបាល​ភូមា​ហាក់​ចង់​​បង្ហាញ​ពី​មុខមាត់​ថ្មី​របស់​ខ្លួន ដែល​មាន​​ការ​ប្រឹង​ប្រែង​ ​​ធានា​អោយ​មាន​សេរី​ភាព​សារព័ត៌មាន​ខ្ពស់​ នៅ​ក្នុង​ប្រទេស។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១១​មក បន្ទាប់​ពី​​​របប​សឹក​ភូមា​ត្រូវ​បាន​រំលាយ​ចោល រដ្ឋាភិបាល​ភូមា​ថ្មី​ បាន​ខិតខំ​​បង្កើន​ការ​កែ​ទំរង់​នានា​នៅ​ក្នុង​ប្រទេស។ កាល​ពីឆ្នាំ​មុន​នេះ រដ្ឋ​អំណាច​​ភូមា​បាន​បង្កើត​​ឡើង​​នូវ​ក្រុម​ប្រឹក្សា​​​​សារព័ត៌មាន​​ស្តីទី​មួយ ទទួល​បន្ទុក​លើ​​​ការ​គិតគូរ​ផ្នែក​សីលធម៌​ និង​​ដោះ​ស្រាយ​ការ​មិន​ចុះ​សម្រុង​នានា។ រដ្ឋាភិបាល​ភូមា​ក៏​បាន​លុប​ចោល​ផង​ដែរ​ នូវ​ការ​​រិះ​គន់​ចាប់​ថ្នាក់​​លើ​សារព័តម៌ាន​ ព្រម​ទាំង​បាន​ដោះ​លែង​អ្នក​​​កាសែត​នានា​​ដែល​ជាប់​​ឃុំ​ឃាំង​ ហើយ​សន្យា​នឹង​ផ្តល់​នូវ​​​​​​អាជ្ញា​បណ្ណ​ដល់​សារព័ត៌មាន​​ឯកជន​នានា ចាប់​ពី​ថ្ងៃ​ទី ០១ មេសា​ ខាង​មុខ​នេះ​ទៅ។

ទោះ​យ៉ាង​នេះ​ក្តី អ្នក​សារព័តម៌ាន​​នានា​ប្រមើល​មើល​ថា សេរីភាព​​របស់​ខ្លួន​​អាច​​នឹង​មាន​​ឡើង​ពិត​ប្រាកដ​ លុះត្រា​តែ​ឆ្លង​កាត់​នូវ​កំណែ​ទំរង់​ក្នុង​សភា​​ជា​មុន​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ