អានតួអត្ថបទ
កម្ពុជា

អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ក្នុង​ខេត្ត​ក្រចេះ

អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​ក្រចេះ ​ត្រូវ​បាន​ឃាត​ករ​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​កាល​ពី​ម៉ោង​ជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ១២​ ខែ​តុលា​នេះ ។​ ករណី​នេះ​ឃាតកម្ម​នេះ ​ត្រូវ​គេ​សង្ស័យ​ថា​បង្ក​ឡើង​ដោយ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់។​ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ដើម្បី​ជន​ដៃដល់​មក​ផ្តន្ទាទោស។

ផ្សាយពាណិជ្ជកម្ម

អ្នកកាសែត​ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​នោះ​ឈ្មោះ លោក តាំង ទ្រី អាយុ៤៩ឆ្នាំ សមាជិក​សមាគម​អ្នកសារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ និង​បម្រើការ​ឲ្យ​កាសែត​ក្នុងស្រុក​មួយ។ ឃាតកម្ម​​បានកើត​ឡើង​ក្នុងភូមិ​ជួរ​គ្រាំង ឃើ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ។ នេះ​បើ​យោង​តាម​​ប្រភពព័ត៌មាន​ពី​អង្គការ​អាដហុក ។

តាមរយៈ​សេចក្តីថ្លែងការណ៍​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អង្គការ​អាដហុក​បាន​ស្រង់​ប្រភព​ព័ត៌មាន​ជាបឋម​ថា ជនរងគ្រោះ​និង​អ្នកកាសែត​មួយក្រុម​ទៀត​បានទទួល​ព័ត៌មាន​ពី​ល្ងាច​ថា មាន​ករណី​ដឹកឈើ​ខុសច្បាប់​នៅ​កន្លែងកើតហេតុ ហើយ​ពួកគេ​ក៏​នាំគ្នា​តាម​ប្រមាញ់​ករណីនេះ។ ប៉ុន្តែ ក្រោយមក​ពួកគេ​បានទទួល​ទូរស័ព្ទ​ថា​ឈើ​ទាំងនោះ​ជា​របស់​មន្ត្រី​ប្រដាប់​អាវុធ​មួយក្រុម​ហើយ​សុំ​ឲ្យ​ពួកគេ​ដកថយ។

មិត្ត​ភ័ក្តិ​របស់​ជនរងគ្រោះ​ក៏បាន​ដកថយ​វិញ ប៉ុន្តែ ជនរងគ្រោះ​នៅក្រោយ​គេ​ដោយសារតែ​រថយន្ត​អស់​សាំង។ លុះ​ព្រឹក​ឡើង​គេ​ក៏​ទទួលដំណឹង​ថា ជនរងគ្រោះ​ត្រូវបាន​គេ​បាញ់សម្លាប់​បាត់ទៅហើយ។ អង្គការសិទ្ធិមនុស្ស​ដ​ដែល​នេះ​សង្ស័យថា ករណីនេះ​អាច​បណ្តាលមកពី​ជនរងគ្រោះ​បានដឹង​ពីមុខ​មាត់​របស់​អ្នករកស៊ី​ឈើ​ខុសច្បាប់​ហើយ​ត្រូវបាន​គេ​សម្លាប់​បំបិទ​មាត់។ អាដហុក​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​និង​ចាប់​ជនដៃដល់​មក​ផ្តន្ទា​ទោស​តាមច្បាប់។

វិទ្យុ​បារាំង​អន្តរជាតិ​នៅ​មិនទាន់​អាច​ស្វែងរក​ប្រភពព័ត៌មាន​ច្បាស់ការ​ផ្សេងទៀត​ទាក់ទង​នឹង​បញ្ហា​នេះ​មក​បំភ្លឺ​បាន​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ