អានតួអត្ថបទ
ថៃ

លោកស្រី​​យីងឡាក់​​​លើក​​ពី​​អាទិភាព​​ចម្បងៗ​​នៃ​​រដ្ឋាភិបាល​​ថៃ​​ថ្មី​​

នាយក​រដ្ឋ​មន្ត្រី​​ថ្មី​​នៃ​​​ប្រទេស​​ថៃ ​លោកស្រី​ យីងឡាក់​ នៅ​​ថ្ងៃ​​អង្គារ​​២៣​​សីហា​​នេះ​ បាន​​ធ្វើ​​សេចក្តី​​ថ្លែងការណ៍​​​មួយ​ នៅ​​ចំពោះ​​មុខ​​សភា​​ថៃ​ ត្រួស​ត្រាយ​​​ពី​​​គោល​មាគ៌ា​​នយោបាយ​​ធំៗ​​របស់​​រដ្ឋាភិបាល​​ចម្រុះ​របស់​លោក​ស្រី។សម័យប្រជុំ​រួមគ្នា​របស់ ​សមាជិក​ព្រឹទ្ធសភា​ និង​​អ្នក​​តំណាង​​រាស្រ្ត​​ថៃ​ ចាប់ផ្តើម​តាំងពី​ម៉ោង​ ៩ ១៥​​នាទី​​ម៉ោង​​ក្នុង​ស្រុក​​ក្រោម​​អធិបតីភាព​របស់​ប្រធាន​​​​សភា​​លោក​ Somsak Kiatsuranont។​ ការ​​ពិភាក្សា​​គ្នា​នៅ​ពេល​​នេះ​ ក៏​​ជា​​ឱកាស​ល្អ​​មួយ​​សំរាប់​​​លោកស្រី​ យីងឡាក់​ ស៊ីណាវាត​​ដែរ​ ដើម្បី​អាច​​ធ្វើ​ការ​​បញ្ជាក់​​ពី​ជំហរ​​ឯករាជ្យ​​​របស់​​ខ្លួន​​​​​ក៏​ព្រម​​​ទាំង​​​ឲ្យ​​​ រួច​​ផុត​​ពី​ការ​​​ទិតៀន​រិះគន់​​​​យ៉ាង​ខ្លាំង​​​ពី​​​​សំណាក់​​បក្ស​​ប្រឆាំង​​ដែល​​ ថា​លោកស្រី​​​គ្រាន់​​តែ​​​​ជា​​អាយ៉ង​​របស់​​អតីត​​នាយក​រដ្ឋមន្រ្តី ​ថាក់ស៊ីន​ ដែល​ជា​បងប្រុស​​របស់​​គាត់​​ប៉ុណ្ណោះ។​

លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ ថ្លែង​ពី​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ចម្រុះ​របស់​លោកស្រី នៅ​ថ្ងៃ​អង្គារ​ទី​២៣ សីហា ២០១១
លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ ថ្លែង​ពី​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ចម្រុះ​របស់​លោកស្រី នៅ​ថ្ងៃ​អង្គារ​ទី​២៣ សីហា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងការពិភាក្សាគ្នា​ រយៈពេល ពីរថ្ងៃនៅសភា  លោកស្រីយីងឡាក់ដែលជា​​ស្រី្តទីមួយ​​​​​កាន់​មុខ​តំណែង​​​នាយករដ្ឋមន្រ្តីក្នុងប្រទេសថៃ ត្រូវប្រឈមមុខនឹងសំណួរពិបាកៗ ជាពិសេស នៅ​ជុំវិញ បញ្ហា​បងប្រុសរបស់លោកស្រី គឺ លោក ថាក់ស៊ីន ​អតីតនាយករដ្ឋមន្រ្តីថៃ ដែល​ត្រូវ​ពួក​យោធា​ថៃ​ធ្វើរដ្ឋប្រហារទម្លាក់ចេញពីមុខតំណែង​នៅ​ឆ្នាំ ២០០៦។ លោក ថាក់ស៊ីន​ដែលសព្វ​ថ្ងៃ​និរទេស​​ខ្លួនទៅ​​រស់នៅ ទីក្រុង Dubai នៃ​ប្រទេស Emirats អារ៉ាបរួម​ដើម្បី គេចពីការចាប់​ដាក់​​ពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយ។

 
លោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថ្មីថៃនេះ ដែលមានអាយុ៤៤ឆ្នាំ កាលពី៤​ខែមុន​សាធារណជន​​​​​ថៃ ពុំសូវស្គាល់​គាត់ទេ។ លោកស្រី  បានលើកបញ្ជាក់ពី​អាទិភាព​របស់​លោក​ស្រី​គឺ ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ មានស្ថិរភាព និង បង្កើន​ប្រាក់ចំណូលរដ្ឋ​ តាមរយៈ ការ​កាត់បន្ថយ​ពន្ធសហគ្រាស -សម្រាល​ប្រាក់បំណុលកសិករ ផ្តល់មូលនិធិ ​ដើម្បី​អភិវឌ្ឍ​ភូមិ  ​បញ្ចុះ តម្លៃ​ប្រេង​សាំង​និង​ផ្គត់ផ្គង់កុំព្យូទ័រសំរាប់សិស្ស សាលា​ចំនួន ៨សែននាក់។

 
នៅពីមុខសភាថៃ លោកស្រីយីងឡាក់ បានសន្យាដែរថា នឹង ដោះស្រាយបញ្ហា មួយចំនួន​ទៀត ​​ដូចជា បញ្ហាគ្រឿងញៀន និង​ការជួញដូរមនុស្ស ប៉ុន្តែលោកស្រី​មិនបានរៀបរាប់លំអិត​​អំពី​ផែនការនយោបាយរបស់លោកស្រីទេ។ សមាជិ​កសភាមកពីគណបក្សប្រឆាំង បាន​ចោទ​ថា ការលំអិតនយោបាយ​របស់​លោក​ស្រី នៅមិនទាន់គ្រប់គ្រាន់ ដូចតាមការសន្យា​​នាពេលធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដូច​ជា ​បញ្ហា ដំឡើង ប្រាក់ខែ​អប្បបរមាជាដើម។

លោកស្រីយីងឡាក់បាន សន្យាដែរថា រដ្ឋាភិបាលរបស់លោកស្រី នឹង ដឹកនាំប្រទេស ដោយ​សុចរិត​ទៀងត្រង់ និង​ប្រកបដោយ ប្រសិទ្ធិភាព ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរក វឌ្ឍនភាព  ការផ្សះផ្សាជាតិ និង​យុត្តិធម៌។

"ការនិយាយ​ស្រួល​​​ជាងការធ្វើ"។ លោកស្រីយីងឡាក់ ​ត្រូវប្រឈមមុខ​នឹង សំណួរដេញ​ដោល​​ជា​ច្រើន​ទៀត របស់គណបក្សប្រឆាំង ជាពិសេស​ស្តីពីលទ្ធភាព នៃការ​លើកលែង​ទោស​ឲ្យ​លោក​ថាក់ស៊ីន​ និង​ការធ្វើវិសោធនកម្ម​លើច្បាប់រដ្ឋធម្មនុញ្ញ ដែលអាច​នឹង​អនុញ្ញាតឲ្យ​​លោក​ថាក់ស៊ីន​ អាចវិលត្រឡប់ចូលក្នុងប្រទេសថៃវិញ​ដោយ​មិន​ចូលក្នុង​ពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ