អានតួអត្ថបទ
បារាំង-អាហ្កានីស្ថាន

ទស្សនកិច្ច​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​របស់​លោកហូឡង់​នៅអាហ្វហ្កានីស្ថាន​

លោក​ហ្វ្រង់ស័រ​ហូឡង់​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​កាប៊ូល​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​នៅ​ថ្ងៃ​សុក្រ​ទី២៥​ឧសភា​ឆ្នាំ២០១២​នេះ។​ លោក​ប្រធានាធិបតី​បារាំង​ត្រូវមាន​ជំនួប​ពិភាក្សា​ជាមួយ​លោកប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ ហាមីឌ​ការហ្សៃ។​ ទស្សនកិច្ច​នេះ​បាន​កើតមាន​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ក្រោយពី​លោក​ហូឡង់​បាន​ប្រកាស​បញ្ជាក់ថា​ ​ យុទ្ធជន​នៃ​កងទ័ព​បារាំង​នឹង​ត្រូវ​ដកចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​មុន​ដំណាច់​ឆ្នាំ២០១២។

ទស្សនកិច្ច​​ដ៏​គួរឲ្យ​​ភ្ញាក់ផ្អើល​​របស់​​លោក​​ប្រធានាធិបតី​​បារាំង​​​ហ្វ្រង់ស័រ​​ហូឡង់​​នៅ​​ប្រទេស​​អាហ្វហ្កានីស្ថាន​
ទស្សនកិច្ច​​ដ៏​គួរឲ្យ​​ភ្ញាក់ផ្អើល​​របស់​​លោក​​ប្រធានាធិបតី​​បារាំង​​​ហ្វ្រង់ស័រ​​ហូឡង់​​នៅ​​ប្រទេស​​អាហ្វហ្កានីស្ថាន​ ©Reuters.
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​កាប៊ូល​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី២៥​ឧសភា​ឆ្នាំ២០១២​នេះ។​ ទស្សនកិច្ច​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​ប្រធានាធិបតី​បារាំង​ថ្មី​នេះ​ ​ គឺជា​ទស្សនកិច្ច​ជាលើក​ទីមួយ​របស់​​លោក​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។​ លោកហូឡង់​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោកប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ ហាមីឌ​ការហ្សៃ​ នៅ​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​កាប៊ូល។

 
ដំណើរ​អញ្ជើញ​ទៅ​ប្រទេស​អាហ្វហ្កានីស្ថាន​នេះ​ គឺជា​កាយវិការ​និង​ជា​សញ្ញា​ដ៏​ខ្លាំងក្លា​មួយ​របស់​លោក​ប្រមុខរដ្ឋ​បារាំង​ដែល​ទើបនឹង​ឡើងមក​កាន់​អំណាច។​ កាលពី​សប្តាហ៍មុន​ ​ នាឱកាស​ជំនួប​កំពូល​អូតង់​នៅ​ទីក្រុង​ស្ហ៊ីកាហ្គោ​ ​ លោក​ហូឡង់​ធ្លាប់បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រតិទិន​របស់​កងទ័ព​បារាំង​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ម្តង​រួច​ទៅហើយ។​ យុទ្ធជន​ក្នុងចំណោម​ទាហាន​បារាំង​ទាំងអស់​៣ ៤០០នាក់​ដែល​មាន​វត្តមាន​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​នឹង​ត្រូវ​ដកចេញ​មុន​ដំណាច់​ឆ្នាំ២០១២។​ ចំណែកឯ​កងទ័ព​នៃ​ប្រទេស​បក្សសម្ព័ន្ធ​ដទៃទៀត​គ្រោង​ដកចេញ​នៅ​ឆ្នាំ២០១៤។

ក៏​ប៉ុន្តែ​ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​បាន​សន្យាថា​ បេសកកម្ម​នៃ​ការបណ្តុះ​បណ្តាល​កងកម្លាំង​យោធា​និង​នគរបាល​អាហ្វហ្កានីស្ថាន​នៅ​តែ​មាន​បន្ត។​ ឆ្លៀត​ឱកាស​ទស្សនកិច្ច​នេះ​ លោក​ហូឡង់​បាន​ប្រកាស​ប្រាប់ថា​ ​ សហប្រតិបត្តិការ​រវាង​ប្រទេស​បារាំង​និង​ប្រទេស​អាហ្វហ្កានីស្ថាន​នៅតែ​មាន​បន្ត​ទៅទៀត​ក្រោយពី​ឆ្នាំ២០១២។

គួរបញ្ជាក់ថា​ ជាង១០ឆ្នាំ​ក្រោយពី​មាន​អន្តរាគមន៍​ដោយ​កងកម្លាំង​យោធា​នៃ​បក្ស​សម្ព័ន្ធ​អន្តរជាតិ​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ ​ អ៊ូសាម៉ា​បេនឡាដេន​ ប្រមុខ​ដឹកនាំ​អាល់កៃដា​បានត្រូវ​ទាហាន​អាមេរិកាំង​សម្លាប់។​ របបគ្រប់គ្រង​ផ្តាច់ការ​ដ៏​ងងឹត​ងងល់​របស់​ពួក​តាលីបង់​បាន​ត្រូវ​ផ្តួល​រំលំ។​ ក៏​ប៉ុន្តែ​ ការងើប​បះបោរ​ប្រឆាំង​ទល់នឹង​រដ្ឋាភិបាល​នៃ​ទីក្រុង​កាប៊ូល​នៅតែ​មាន​សកម្មភាព​យ៉ាងសកម្ម។
ទាំងនេះ​បាន​បណ្តាល​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន​ភ័យបារម្ភ​ខ្លាចមាន​សង្គ្រាម​ស៊ីវិល​ក្រោយពី​កងទ័ព​​បរទេស​ដកចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ