អានតួអត្ថបទ
កម្ពុជា-ចិន

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចេញ​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន​

ដូច​​ការ​គ្រោងទុក​គណៈប្រតិភូ​​ជាន់ខ្ពស់​​កម្ពុជា​ ​ដឹកនាំ​​ដោយ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​ដំណើរ​​ នៅ​​ព្រឹក​​ថ្ងៃ​សៅរ៍​​នេះ​​ ពី​​ទីក្រុង​​ភ្នំពេញ​ ​ក្នុង​​ដំណើរ​​ទស្សនកិច្ច​​រយៈពេល​៥​ថ្ងៃ​ ​នៅ​ប្រទេស​ចិន។ នេះ​ជា​​ទស្សនកិច្ច​​ថ្មី​​មួយទៀត​​របស់​​ប្រមុខ​​ដឹកនាំ​រាជ​រដ្ឋាភិបាល​​ក្រុង​ភ្នំពេញ​​ ក្នុងន័យ​​រឹត​ចំណង​​មិត្ត​ភាព​ជា​​ប្រវត្តិសាស្ត្រ​​រវាង​​កម្ពុជា​​និង​​មហា​យក្ស​​ចិន​ ​បន្ទាប់​ពី​​ក្រុង​​ប៉េកាំង​​ទើប​តែ​​ប្តូរ​​ក្បាល​ម៉ាស៊ីន​​ដឹកនាំ​​ថ្មី។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ចិន​ លោក លី ខឺ​ឈាំ​ង ដែល​ទើប​ឡើងកាន់តំណែង​ថ្មី។ គឺជា​ទស្សនកិច្ច​ដែលមាន​អត្ថន័យ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​ដែល​ធ្លាប់មាន​ប្រវត្តិ​កា​ទូត​ស្អិត​ល្មួត ​និង​យូរលង់​ណាស់​មកហើយ។

ក្នុងអំឡុង​ទស្សនកិច្ច​នេះ ក្រៅពី​ជួបពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​ចិន​ គឺ​លោក លី ខឺ​ឈាំ​ង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​ចិន លោក ស៊ី ជីន​ពីង ( Xi Jinping) និង​ប្រធាន​សភា​ប្រជាជន​ចិន លោក ចាង តេ​ជាង (Zhang Dejiang) ផងដែរ។ ដោយឡែក ក្រៅពី​មេដឹកនាំ​កំពូល​របស់​ចិន ជំនួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោកស្រី ជូ​លា ហ្គៀ​ល​ឡា​ត (Julia Gillard)  ក៏ត្រូវ​បានគ្រោង​នៅក្នុង​អំឡុង​ទស្សនកិច្ច​នេះដែរ។ នេះ​បើ​យោងតាម​របៀបវារៈ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការបរទេស​កម្ពុ​ជា។

ក៏​ដូចជា​រៀងរាល់​លើក​ដែរ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន​នៅពេលនេះ​មិន​មែនមាន​អត្ថន័យ​ត្រឹម​រឹតចំណង​មិត្តភាពរ​វាង​ទីក្រុង​ភ្នំពេញ​និង ប៉េកាំង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏មាន​កិច្ចព្រមព្រៀង​វិនិយោគ​ជាច្រើន​ដែល​ត្រូវ​ចុះហត្ថលេខា​ផង​ដែរ។ ឯកសារ​ចំនួន​៨ ក្នុងនោះ​មាន​កិច្ចព្រមព្រៀង​វិនិយោគ​ចំនួន​៤ ដែល​សរុប​មាន​ទឹកប្រាក់​ជិត ៩០០ លាន​យ័ន​ នឹងត្រូវ​ចុះ​ហត្ថលេខា​រវាង​ភាគី​ទាំងពីរ។

ក្រសួងការបរទេស​ក​ម្ពុ​ជា​ក៏បាន​ឲ្យ​ដឹង​ទៀតថា ទីក្រុង​ភ្នំពេញ និង​ប៉េកាំង ​ក៏​នឹង​ឯកភាពគ្នា​កំណត់​យក​ឆ្នាំ២០១៣ ជា​ខួប​លើក​ទី ៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ចិន និង​ជា «ឆ្នាំ​មិត្តភាព​កម្ពុជា-ចិន»។ នៅ​ចុងបញ្ចប់​នៃ​ទស្សនកិច្ច លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ចូ​លរួម​ និង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​បូ​អាវ​សម្រាប់​សន្និសីទ​តំបន់​អាស៊ី​ប្រចាំឆ្នាំ ២០១៣ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី៦ ដល់​ថ្ងៃទី៨ ខែមេសា ក្នុង​ខេត្ត​ហៃ​ណាន។

គួរ​បញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ទៅកាន់​ប្រទេស​ចិន​ចំនួន​៨​លើក​រួចមក​ហើយ​ រាប់ទាំង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​និង​ក្រៅ​ផ្លូវការ។ ដំណើរ​ទៅកាន់​ប្រទេស​ចិន​លើកចុងក្រោយ​បានធ្វើ​ឡើង​កាលពី​ខែ​តុលា ​ឆ្នាំ​២០១២ ដើម្បី​ដង្ហែ​ព្រះ​បរមសព​សម្តេច​ឳ នរោត្តម សីហនុ មកកាន់​ទីក្រុង​ភ្នំពេញ​វិញ។ ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​នេះ ​បាន​ធ្វើឡើង​ក្នុង​បរិបទ​ដែល​មហា​យក្ស​ចិន​ទើបតែ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ​កាលពី​ខែ​មីនា​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ