អានតួអត្ថបទ
កូរ៉េ​ខាងត្បូង-​រុស្ស៊ី

ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​​របស់​​ប្រធានាធិបតី​រុស្ស៊ី Medvedev នៅ​កូរ៉េ​ខាង​ត្បូង

ថ្ងៃនេះ ដែល​ជា​ថ្ងៃ​ទី​១​នៃ​ទស្សនកិច្ច ជា​លទ្ធផល​នៃ​កិច្ចចរចា​ជាមួយ​លោក ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Lee Myung-bak នៅ​ក្រុង​សេអ៊ូល មាន​ចុះ​បាន​កិច្ចព្រមព្រៀង​ពិធី​សារ​អនុស្សរណៈ សរុប​ទៅ​ប្រមាណ​២០​ច្បាប់ ជា​អាទិ៍ លើ​វិស័យ​ថាមពល និង​វិស័យ​វិនិយោគ។ ស្អែក ប្រមុខ​រដ្ឋ​រុស្ស៊ី​នឹង​ចូលរួម​ក្នុង​ជំនួប​កំពូល “G-20“ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​កូរ៉េ​ខាង​ត្បូង​ដែរ។

ប្រធានាធិបតី​រុស្ស៊ី និង​កូរ៉េខាង​ត្បូង ថ្ងៃ​ទី ១០ វិច្ឆិកា ២០១០
ប្រធានាធិបតី​រុស្ស៊ី និង​កូរ៉េខាង​ត្បូង ថ្ងៃ​ទី ១០ វិច្ឆិកា ២០១០ © Reuters
ផ្សាយពាណិជ្ជកម្ម

 

02:52

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ថ្លែង​ក្នុង​សន្និសីទ​សារពត៌មាន​រួមគ្នា​ថ្ងៃ​នេះ ​បន្ទាប់ពី​កិច្ចចរចា​ទ្វេ​ភាគី​ជាន់​ថ្នាក់​កំពូល បាន​ចប់​ទៅ​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Lee Myung-bak ក្រើន​រំលឹក​ថា ទស្សនកិច្ច​លោក​ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev ប្រព្រឹត្ត​ទៅ​គឺ​នៅ​ចំ​កាលបរិច្ឆេទ​២ ៖ ទី១-គឺ​ខួប​គំរប់​២០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។ សំរាប់​ជា​ការ​កត់​សំគាល់​សហព័ន្ធ​រុស្ស៊ី និង​សាធារណ​រដ្ឋ​កូរ៉េ បាន​តាំង​ទំនាក់ទំនង​ការទូត​នឹង​គ្នា គឺ ថ្ងៃ​៣០​កញ្ញា​ឆ្នាំ​១៩៩០។ ទី២-​ឥឡូវ​ដល់​វេន​កូរ៉េ​ខាង​ត្បូង ធ្វើ​ជា​ម្ចាស់​ផ្ទះ ទទួល​ឲ្យ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១២-១៣ វិច្ឆិកា ​គឺ​កិច្ចប្រជុំ​កំពូល​នៃ​២០​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ហំហួន​ជាង​គេ ហៅថា “G-20“។

លោក​ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev ពី​ចំណែក​ខ្លួន​ថ្លែង​ថា ៖ គឺ​ជា​តុល្យាការ​ដ៏​ល្អ​បូក​សរុប​ខួប​២០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នេះ ដែល​កិច្ចចរចា​ជាន់​ថ្នាក់​កំពូល​ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្ថាបនា​សាច់ការ និង​ជឿ​ទុក​ចិត្ត​គ្នា​កំរិត​ខ្ពស់។​

បន្ទាប់មក​ ដោយ​ថ្លែង​ក្នុង​វេទិកា​នៃ “សំវាទ Business រុស្ស៊ី​-​កូរ៉េ​ខាង​ត្បូង“ លោក Medvedev លើក​ឡើង​ថា កូរ៉េ​ខាង​ត្បូង​ជា​អាទិភាព​មួយ​នៃ​ទំនាក់ទំនង​របស់​រុស្ស៊ី​នៅ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក។ រុស្ស៊ី​ដាក់​ទិស​ពង្រីក​ភាព​ជា​ដៃ​គូ​ខ្លួន​ជាមួយ​កូរ៉េ​ខាង​ត្បូង ឲ្យ​ឡើង​ដល់​កម្រិត​ជា​យុទ្ធសាស្ត្រ។ ក្នុង​២០​ឆ្នាំ​កន្លង​ទៅ ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​២ បាន​ជួបគ្នា ចំនួន​ជាង​២០​លើក​ហើយ។

លោក Medvedev ក៏​បន្ថែម​ថា ភាគី​រុស្ស៊ី​ប្រាថ្នា ឃើញ​ពួក​វិនិយោគិន​កូរ៉េ​ខាង​ត្បូង បោះទុន​ឲ្យ​បាន​កាន់​តែ​ក្រាស់​ក្រែល​ឡើង​មក​ក្នុង​សេដ្ឋកិច្ច​រុស្ស៊ី។ ត្រង់​ចំណុច​នេះ គួរ​និយាយ​ថា ​បច្ចុប្បន្ន វិនិយោគទុន​ពី​ខាង​កូរ៉េ​ខាង​ត្បូង​មក​ក្នុង​សេដ្ឋកិច្ច​រុស្ស៊ី មាន​ទឹក​ប្រាក់​សរុប​២​ពាន់​លាន​ដុល្លារ​អាមេរិក។ រីឯ​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម កើន​ឡើង​ដោយ​សន្ទុះ​យ៉ាង​លឿន។ បើ​២០​ឆ្នាំ​មុន ក្នុង​ឆ្នាំ​១៩៩០ ទំហំ​នោះ​គឺ​តែ ១.៩០០​លាន​ដុល្លារ នោះ​ក្នុង​ឆ្នាំ ២០០៨ បាន​ស្ទុះ​ដល់ ១៨.៤០០​លាន​ដុល្លារ ហើយ​គ្រាន់​តែ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១០​នេះ វាត់​ដល់​១១.០០០​លាន​ដុល្លារ​ទៅ​ហើយ។

ក្នុង​ទ្រង់ទ្រាយ​នាំ​ចេញ​ពី​កូរ៉េ​ខាង​ត្បូង​មក​កាន់​រុស្ស៊ី ជា​ទូទៅ គឺ​គ្រឿង​ចក្រ​ប្លែកៗ​ និង​មធ្យោបាយ​ដឹក​ជញ្ជូន រីឯ​ការ​នាំ​ចេញ​ពី​រុស្ស៊ី​ទៅ​កូរ៉េ​ខាង​ត្បូង គឺ​ច្រើន​តែ​វត្ថុធាតុ​ដើម។ ជា​ឧទាហរណ៍ ក្នុង​ចំណោម​ឯកសារ​ដែល​មាន​ចុះ​ថ្ងៃ​នេះ នៅ​ក្រុង​សេអ៊ូល គឺ​មាន​កិច្ចព្រមព្រៀង​ដែល​ចែង​ថា ចាប់ពី​ឆ្នាំ​២០១៧​ទៅ រុស្ស៊ី​នឹង​លក់​ទៅ​ឲ្យ​​កូរ៉េ​ខាង​ត្បូង ក្នុង​១​ឆ្នាំៗ គឺ​ឧស្ម័ន​ធម្មជាតិ បរិមាណ ១០.០០០​លានម

ចំណុច​មួយ​គួរ​ឲ្យ​កត់​សំគាល់ ខាង​ផ្នែក​នយោបាយ​ក្រៅ​ប្រទេស ៖ ​រុស្ស៊ី និង​កូរ៉េ​ខាង​ត្បូង ឯកភាព​គ្នា​ថា​បន្ត​សម្របសម្រួល​សកម្មភាព​គ្នា ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចចរចា ៦​ភាគី ដែល​ក្នុង​នោះ មាន​ទាំង​៤​ភាគី​ទៀត​ពោល គឺ ចិន​ ស.រ.អា ជប៉ុន និង​កូរ៉េ​ខាង​ជើង ឆ្ពោះ​ទៅ​ប្រែ​ឧបទ្វីប​កូរ៉េ​ឲ្យ​ប្រាស​ចាក​ផុត​ពី​ធាតុបរមាណូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ