អានតួអត្ថបទ
វៀតណាម

អ្នក​សរសេរ​​អត្ថបទ​​តាម​​អ៊ីធ័រណែត​​ប្រឆាំង​​បីនាក់​​ត្រូវជាប់​​ទោសធ្ងន់​​

Bloggers ​ឬ​ អ្នកសរសេរ​អត្ថបទ​តាម​អ៊ីធ័រណែត​ប្រឆាំង​បីនាក់​ ​ ដែលក្នុងនោះ​មានម្នាក់​បាន​ទទួល​ការគាំទ្រ​ជា​សាធារណៈ​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់​អូបាម៉ា​ ​ បាន​ត្រូវ​តុលាការ​នៃ​ទីក្រុង​ហូជីមីញ​ កាត់ទោស​នៅ​ថ្ងៃចន្ទ​ទី២៤​កញ្ញានេះ​ ឲ្យ​ជាប់​ពន្ធនាគារ​ពី​៤ទៅ​១២ឆ្នាំ​ ​ពីបទ​បាន​ធ្វើការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋ​វៀតណាម។

អ្នកសរសេរ​​អត្ថបទ​​តាម​អ៊ីធ័រណែត​​វៀតណាម​​ដែលជា​​អ្នកប្រឆាំង​​ទាំងបីនាក់​​លោក​​ Nguyen Van Hai​​ ឬ​ Điếu Cày និង​ Phan Thanh Hai និងលោកស្រី​Tạ Phong Tần
អ្នកសរសេរ​​អត្ថបទ​​តាម​អ៊ីធ័រណែត​​វៀតណាម​​ដែលជា​​អ្នកប្រឆាំង​​ទាំងបីនាក់​​លោក​​ Nguyen Van Hai​​ ឬ​ Điếu Cày និង​ Phan Thanh Hai និងលោកស្រី​Tạ Phong Tần
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​Bloggers ​ឬ​ អ្នកសរសេរ​អត្ថបទ​តាម​អ៊ីធ័រណែត​វៀតណាម​ដែលជា​អ្នកប្រឆាំង​ទាំងបីនាក់​ ​ម្នាក់​មាន​ឈ្មោះ​ល្បីជាងគេ​គឺ​លោក​ Nguyen Van Hai ​ដែល​ធ្លាប់​បាន​ត្រូវ​តុលាការ​កាត់ទោស​នៅ​ខែកញ្ញា​ឆ្នាំ២០០៨​ ​ ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំកន្លះ​ ពីបទ​បាន​លួច​ពន្ធដារ​ ​ ហើយ​នៅ​ថ្ងៃចន្ទនេះ​ ​ បាន​ត្រូវ​តុលាការ​នៃ​ទីក្រុង​ហូជីមីញ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១២ឆ្នាំ​ ​ ហើយនិង​ជាប់​ឃុំឃាំង​៥ឆ្នាំ​បន្ថែមទៀត​នៅក្នុង​គេហដ្ឋាន​ដែលឋិត​នៅក្រោម​ការ​ឃ្លាំយាម។

 
លោកស្រី​ Ta Phong Tan ​អតីត​នគរបាល​វៀតណាម​ដែល​ម្តាយ​បាន​ដុត​សម្លាប់ខ្លួន​នៅ​ខែកក្ដដា​កន្លងទៅ​ ​ បាន​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១០ឆ្នាំ​ ​ ហើយនិង​ជាប់​ឃុំឃាំង​៣ឆ្នាំ​បន្ថែមទៀត​នៅក្នុង​គេហដ្ឋាន។

ចំណែកឯ​លោក​ Phan Thanh Hai ​ដែលបាន​ទទួល​ស្គាល់​កំហុស​របស់ខ្លួន​ នាឱកាស​ជំនុំ​កាត់ក្តី​ ដែលមាន​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​នៅ​ព្រឹកថ្ងៃ​ចន្ទនេះ​ ​ ​ បាន​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ​ ​ ហើយនិង​ជាប់​ឃុំឃាំង​៣ឆ្នាំ​បន្ថែមទៀត​នៅក្នុង​គេហដ្ឋាន។

គួរកត់​សម្គាល់​ពី​ការឆ្លើយ​ការពារខ្លួន​របស់​ លោក​ Nguyen Van Hai ​ឬ​ Dieu Cay ដែលបាន​ឆ្លើយថា​ “ខ្ញុំពុំ​ដែល​​ប្រឆាំង​នឹង​រដ្ឋវៀតណាម​​ឡើយ​ ​ ប៉ុន្តែ​ខ្ញុំ​សម្ដែង​ការពុំ​ពេញចិត្ត​នឹង​អំពើ​អយុត្តិធម៌​ ​ អំពើ​ពុករលួយ​ ​ ទង្វើ​ផ្តាច់ការ​ ​ ដែល​ពុំ​តំណាង​រដ្ឋវៀតណាម​ឡើយ​ ​ ប៉ុន្តែ​វាជា​ទង្វើ​របស់​ជន​មួយក្រុម”។
“ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​”។​ នេះជា​សេចក្តី​ថ្លែង​ប្រកាស​របស់​ លោក​ Nguyen Van Hai​ មុននឹង​សំឡេង​របស់គាត់​ ​ ដែលបាន​ត្រូវ​រៀបចំ​ផ្សាយបន្ត​សម្រាប់​​អ្នកកាសែត​និង​អ្នកការទូត​ ​ បានត្រូវ​គេ​កាត់ផ្តាច់។

រីឯ​លោក​ចៅក្រម​Nguyen Phi Long ​យល់ថា​ ​ ជន​ជាប់ចោទ​បាន​ឆ្លៀត​យក​ប្រជាប្រិយភាព​របស់​ខ្លួន​មក​សរសេរ​អត្ថបទ​ផ្សាយ​តាម​អ៊ិនធ័រណែត​ដើម្បី​វាយ​ប្រហារ​ទៅលើ​អ្នកដឹកនាំ​ ​ ទិតៀន​បក្ស​ ​ ហើយនិង​បំផ្លាញ​សេចក្តី​ទុកចិត្ត​របស់​ប្រជាជន​មកលើ​រដ្ឋ”។

ចំណែកឯ​លោកប្រធានាធិបតី​អាមេរិក​ បារ៉ាក់​អូបាម៉ា​ ដែល​ធ្លាប់បាន​នៅខែ​ឧសភា​កន្លងទៅ​ ​ រំលឹក​ដល់​ករណី​ លោក​ Nguyen Van Hai ​ឬ​ Dieu Cay ​ ​ បាន​ថ្លែងថា​ ​ “យើងពុំ​ត្រូវ​ភ្លេច​អ្នកកាសែត​ដូចជា​ករណី​របស់​ លោក​ Nguyen Van Hai ​ឬ​ Dieu Cay​ ​ ដែលបាន​ត្រូវ​គេចាប់​ឃុំខ្លួន​នៅឆ្នាំ២០០៨​ ​ នៅខណៈ​ពេល​ដែលមាន​ការបង្ក្រាប​នៅក្នុង​ប្រទេស​វៀតណាម​ ​ ប្រឆាំង​នឹង​អ្នកកាសែត”។

សូមបញ្ជាក់ថា​ ​ ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​មាន​ដូចជា​ ​ Human Rights Watch ​ ​ និង​ ​ Amnesty International ​បាន​ធ្វើការ​ទាមទារ​ជាច្រើន​លើកហើយ​ ​ ឲ្យ​របប​គ្រប់គ្រង​កុម្មុយនិស្ត​វៀតណាម​ដោះលែង​ Bloggers ​ឬ​ អ្នកសរសេរ​អត្ថបទ​តាម​អ៊ីធ័រណែត​វៀតណាម​ដែលជា​អ្នក​ប្រឆាំង​ទាំងបីនាក់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ