អានតួអត្ថបទ
កម្ពុជា

លោកសុខ អាន​នឹងវិល​ពី​ព្យាបាល​ជំងឺវិញ​ក្នុងពេល​ឆាប់ៗ​

ជាច្រើន​ថ្ងៃ​មកហើយ សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ រួមទាំង​ពាក្យ​ចចាម​អារ៉ាម​ផង​បាន​និយាយ​អំពី​បញ្ហា​សុខភាព​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រីសុខ អាន ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។​ ការ​ផ្សព្វផ្សាយ និង​ការ​និយាយ​តគ្នា​អំពី​បញ្ហា​សុខភាព​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី មាន​ទាំង​ល្អ ​និង​មាន​ទាំង​អាក្រក់។​ ហេតុ​ដូច្នេះហើយ ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅថ្ងៃ​អង្គារ​នេះ ដើម្បី​បញ្ចប់​ព័ត៌មាន​មិន​ច្បាស់លាស់​ទាំងនោះ។

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន
លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​មាន​គោល​ដៅ​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម​អំពី​បញ្ហា​សុខភាព​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​បញ្ជាក់​អំពី​សុខភាព​មាំទាំ​របស់​លោក​សុខ អាន ក្នុង​ពេល​បច្ចុប្បន្ន។​ ហើយ​ថា លោករដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ទៀត​ផង។ ​ប្រភព​ពី​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​អះអាង​ថា​ មាន​កម្មវិធី​មួយ​ចំនួន​ ដូចជា​ការ​ជួប​សវនាការ​ជាមួយ​ប្រតិភូ​នានា​ត្រូវ​បាន​រៀបចំ​សម្រាប់​លោក​ឧបនាយករដ្ឋមន្ត្រី​ នៅ​ពេល​លោក​ឧបនាយក​រដ្ឋមន្ត្រី​មក​ដល់​រាជធានី​ភ្នំពេញ​វិញ។

លោក​សុខ អាន បាន​ចាកចេញ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​សឹង្ហបុរី​ប្រមាណ​មួយ​ខែ​មកហើយ។
សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ទី២៤​កក្កដា​នេះ ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័សនៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​សរសេរ​ថា៖​«បច្ចុប្បន្ននេះ សុខភាព​របស់​ឯកឧត្តម សុខ អាន មានភាព​ល្អ​ប្រសើរ និងមាំទាំ​ជាធម្មតា​ឡើងវិញ​ហើយ បន្ទាប់ពី​ទទួល​បាន​ការព្យាបាល​ដោយជោគជ័យ ជំងឺគ្រួស​តំរង់​នោម ដោយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៅ​ឯ​ក្រៅ​ប្រទេស​រួចមក»។
បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ ការបំភឺ្ល​របស់​ក្រុម​អ្នកនាំពាក្យ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ត្រូវ​ធ្វើឡើង​ដើម្បី​បញ្ចប់ ព័ត៌មាន​មិនផ្លូវការ​មួយ​ចំនួន​ក្នុង​ពេល​កន្លងមក​ដែល​និយាយថា លោកឧបនាយក​រដ្ឋមន្ត្រី​មានជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ។ អ្នកនាំពាក្យ​បាន​ចាត់ទុក ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនោះ ថាជា​សង្គ្រាម​ចិត្តសាស្ត្រ និងជា​ការបំផ្លើស​ខុសពី​ការ​ពិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ