អានតួអត្ថបទ
ភូមា-អាមេរិក

អាមេរិក​លើក​ទណ្ឌកម្ម​ទាក់ទង​ការ​នាំ​ចេញ​សេវាហិរញ្ញវត្ថុ​ខ្លះ​ទៅ​ឲ្យ​ភូមា​

សហរដ្ឋអាមេរិក​ ទើប​​បាន​​ជូន​​ដំណឹង​​នៅ​​ថ្ងៃ​​អង្គារ​​១៧​​មេសា​​ម្សិលមិញ​​អំពី​​ការ​​លើក​​ទណ្ឌកម្ម​​មួយ​ចំនួន​​​​របស់​​​​​អាមេរិក​​​ដែល​​​ហាម​​​មិន​​​ឲ្យ​​មាន​​ការ​​​នាំ​​​ចេញ​​​​សេវា​​​ហិរញ្ញ​វត្ថុ​​​ខ្លះ​​​ទៅ​​កាន់​​​ភូមា។​​ ប៉ុន្តែ​ អាមេរិក​​ បាន​​អនុញ្ញាត​​ចំពោះ​​​សេវា ​​សំដៅ​​បំរើ ​​វិស័យ​​​មនុស្សធម៌​ ប្រជាធិបតេយ្យ​​ អប់រំ​ សង្គមកិច្ច​​និង​​សុខាភិបាល​ កីឡា​​ឬ ​សាសនា។ ​

​អាមេរិក​លើកទណ្ឌកម្មទាក់ទង​ការនាំចេញសេវាហិរញ្ញវត្ថុខ្លះទៅឲ្យភូមា
​អាមេរិក​លើកទណ្ឌកម្មទាក់ទង​ការនាំចេញសេវាហិរញ្ញវត្ថុខ្លះទៅឲ្យភូមា REUTERS/Yuriko Nakao/File
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ចំណោម គោលដៅ ​អនុញ្ញាត​ សំរាប់​នាំ​ចេញ​សេវា​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​ភូមា ដែល​បាន​​ចែង​យ៉ាង​ច្បាស់នៅ​ក្នុង​បទបញ្ជា​នៃ​ក្រសួង​រតនាគា​​ផ្សព្វផ្សាយ​​នៅ​ថ្ងៃ​អង្គារ​១៧មេសា​ម្សិលមិញ ចាប់ពីអំណើះតទៅ មាន​”ការកសាង​របប​ប្រជាធិបតេយ្យ​និង​អភិបាលកិច្ចល្អ” ការអប់រំ,​សុខាភិបាល.ការជួយឧបត្ថម្ភ​​ជន​ភៀស​ខ្លួន.ឬ​សកម្មភាព​សាសនា។

នៅ​ដើម​ខែ​មេសា​នេះ -បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ភូមា​ ដែលបាន​អនុញ្ញាត​ឲ្យ​សម្ព័ន្ធជាតិ​ដើម្បី​​​លទ្ធិ​ប្រជាធិបេតយ្យ​LND របស់លោកស្រីស៊ូជី ក្លាយ​ទៅ​ជា​កម្លាំង​ប្រឆាំង​ទី​មួយ​នៅ​ក្នុង​រដ្ឋ​សភា​ភូមា លោកស្រីហ៊ីលឡារីគ្លីនតុន ប្រមុខការទូតអាមេរិក បានប្រកាសជូនដំណឹងថា នាពេលឆាប់ៗ​ខាងមុខនេះ អាមេរិក​នឹង​បន្ធូរ​ការ​រឹតត្បិត​ក្នុងវិស័យ​ ធ្វើ​វិនិយោគ​ទុន​នៅ​ក្នុង​ប្រទេស​នេះ និង​ តែង​តាំង​ឲ្យបានឆាប់រហ័ស ឯក​អគ្គរដ្ឋទូតមួយរូប​របស់​ខ្លួន​ ​ប្រចាំ​ប្រទេស​ភូមា។ ដូច្នេះ អ្នកវិនិយោគ​អាមេរិក អាច​ទៅ​រកស៊ី​នៅ​ភូមា​បាន​ នៅ​លើ​សេវ៉ា​ហិរញ្ញវត្ថុ​បើសិន​ជា​គេ​ចង់​ទៅ។

កាយវិការ​អាមេរិក​ទាំងអស់នេះ  ​បន្តអនុវត្ត ​នយោបាយ​”ផ្តោះ​ប្តូរ​ស្មើ​ភាព​គ្នា”  ដើម្បី​​កាច់​បំបាក់​​យុទ្ធសាស្រ្ត​ដាក់​ឲ្យ​ឯកោអនាថោ​​ប្រទេស​ភូមា​​ដែល​បាន​ជំរុញ​​​ឲ្យ​ប្រទេស​ដ៏​សម្បូណ៌ដោយ​វត្ថុ​ធាតុដើមមួយ​​នេះ ធ្លាក់​​ក្នុង​កណ្តាប់​ដៃ​នៃ​ប្រទេស​ចិន។

សហភាពអឺរ៉ុបវិញ ក៏​ត្រូវជូនដំណឹងនៅពេលខាងមុខនេះដែរ​អំពី​ការ​លើក​ទណ្ឌកម្ម​មួយ​ចំនួន​ដែលដាក់ទៅលើ​ភូមា​ បន្ទាប់ពី​មាន​ការ​អំពាវនាវ​រួម​គ្នា​មួយ​ កាលពី​ថ្ងៃ​សុក្រ​កន្លង​ផុត​ទៅ​នេះ ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron និង ប្រធាន​​គណបក្ស​ប្រឆាំង​ភូមា លោកស្រី Aung San Suu Kyi សុំឲ្យសហភាពអឺរ៉ុប « ព្យួរ»ទណ្ឌកម្មទាំងនេះ។

ចំណែក ប្រទេស​អូស្ត្រាលី ក៏​បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលម្ង៉ៃ​ថា អូស្ត្រាលី​នឹង​លើក​ទណ្ឌកម្ម​ដាក់​ទៅ​លើ​​ប្រធានាធិបតីភូមា និង​ទៅ​លើ អ្នក​ទទួលខុស​ត្រូវ​ភូមា​ជាង​២០០​នាក់​ទៀត ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​​ក្រោម​ទម្ងន់​ទណ្ឌកម្ម​ហាម​មិន​ឲ្យ​ពួក​គេ​អាច​ធ្វើ​ដំណើរមកកាន់​អូស្ត្រាលី​ និង​ចុះ​កិច្ច​សន្យា​លើ​ផលិតផល​ហិរញ្ញវត្ថុ​ជាមួយ​អូស្រ្តាលី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ