អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

យន្តហោះ​ដឹក​មេទ័ព​អាមេរិក​រង​ការ​វាយប្រហារ​ដោយ​រ៉ុកែត​នៅ​អាហ្វហ្កានីស្ថាន

យន្តហោះ​ដឹក​ឧត្តមសេនីយ៍ ម៉ាទីន ដិមស៊ី (Martin Dempsey) នាយអគ្គសេនាធិការ​ចម្រុះ​​កងទ័ព​អាមេរិក ត្រូវ​ទទួលរង​ការ​វាយប្រហារ​ដោយ​គ្រាប់រ៉ុកកែត នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ ទាហាន​អាមេរិក​ពីរ​រូប​ត្រូវ​រងរបួស ក្នុង​ការ​វាយប្រហារ​នេះ។ ក៏ប៉ុន្តែ ឧត្តមសេនីយ៍ Martin Dempsey មិនទទួល​រងគ្រោះថ្នាក់​អ្វី​នោះទេ។

ឧត្តមសេនីយ៍​ម៉ាទីន ដិមស៊ី (Martin Dempsey) នាយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក
ឧត្តមសេនីយ៍​ម៉ាទីន ដិមស៊ី (Martin Dempsey) នាយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក REUTERS
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​យប់​ថ្ងៃ​ចន្ទ ឈាន​ចូល​ថ្ងៃ​អង្គារ​ ដោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​បាន​​បាញ់​រ៉ុកែត​ចំនួន​ពីរ​គ្រាប់ ​ចូល​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​របស់​អាមេរិក ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ រ៉ុកកែត​មួយ​គ្រាប់​ត្រូវ​ចំ​យន្តហោះ ដែល​ដឹក​ឧត្តមសេនីយ៍​ម៉ាទីន ដិមស៊ី (Martin Dempsey) ក្នុងពេល​ដែល​យន្តហោះ​នេះ​កំពុង​ចត​នៅ​លើដី។

ទាហាន​អាមេរិក​ចំនួន ២រូប ត្រូវ​រងរបួស​ដោយ​អំបែង​គ្រាប់ ក៏ប៉ុន្តែ ​មន្រ្តី​អ្នក​នាំពាក្យ​អគ្គសេនាធិការ​ដ្ឋាន​ចម្រុះ​អាមេរិក​បាន​អះអាង​ថា ឧត្តមសេនីយ៍ Martin Dempsey មិនមាន​គ្រោះថ្នាក់​អ្វីទេ នៅ​ក្នុង​ហេតុការណ៍​នេះ ពីព្រោះ​ លោក​មិន​មាន​វត្តមាន​នៅ​ក្នុង ឬ​នៅក្បែរ​​យន្តហោះ​របស់​លោក​ទេ នៅ​​​ពេល​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់រ៉ុកកែតនេះ។

គួរបញ្ជាក់ថា កន្លងមក មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​មួយនេះ តែងតែ​ទទួលរង​ការ​វាយប្រហារ​ដោយ​គ្រាប់រ៉ុកែត ឬ​គ្រាប់ផ្លោង​ជារឿយៗ ក៏ប៉ុន្តែ មិនបាន​បង្ក​ការ​ខូចខាត​អ្វី​ជា​ធំដុំ​ប៉ុន្មាន​នោះទេ។

ឧត្តមសេនីយ៍ Dempsey បាន​មក​ដល់​អាហ្វហ្កានីស្ថាន នៅថ្ងៃ​ចន្ទ ដើម្បី​ជួប​​ជាមួយ​មន្រ្តី​យោធា​របស់​អូតង់ និង​មន្រ្តី​អាហ្វហ្កានីស្ថាន ជុំវិញ​​ការ​វាយប្រហារ​បង្កឡើង​ដោយ​ទាហាន​អាហ្វហ្កានីស្ថាន ដែល​បាន​បណ្តាល​ឲ្យទាហាន​អាមេរិក ១០នាក់​ស្លាប់ នៅ​ក្នុង​ពីរ​សប្តាហ៍​កន្លងទៅនេះ។ ការវាយប្រហារ​ចេញ​ពី​ផ្ទៃក្នុង​កងទ័ពជាតិ​អាហ្វហ្កានីស្ថាន ទៅលើ​កងកម្លាំង​អូតង់​នេះ កំពុងតែ​ជា​ក្តី​បារម្ភ​ធំមួយ​របស់​លោក​អូបាម៉ា។ ក៏ប៉ុន្តែ មេទ័ព​អាមេរិក​បាន​អះអាង​ថា បញ្ហា​នេះ​នឹង​មិន​​ប៉ះពាល់​ដល់​ផែនការ​ដកទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៤​នេះ​ទេ។

ក្រោយ​ពី​បាន​ជួប​ជាមួយ​អគ្គបញ្ជាការ​កងទ័ព​អាហ្វហ្កានីស្ថាន ឧត្តមសេនីយ៍ Martin Dempsey បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​អាហ្វហ្កានីស្ថាន នៅថ្ងៃ​អង្គារនេះ ដោយ​ជិះយន្តហោះ​មួយផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ