អានតួអត្ថបទ
ប៉ាគីស្ថាន អាមេរិក

អាមេរិក​អស់​អំណត់ធ្មត់​នឹង​ប៉ាគីស្ថាន​ទៀត​ហើយ

ទំនាក់​ទំនង​អាមេរិក ប៉ាគីស្ថាន​កាន់តែ​តឹង​ឡើង​មួយ​កម្រិតទៀត។ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ៧​មិថុនា នៅក្នុង​ដំណើរទស្សនកិច្ច ឥតព្រាងទុក នៅអាហ្វហ្កានីស្ថាន លោកLeon Panetta បាន​ឆ្លៀត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ឲ្យ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម Haqqani ដែល​អាមេរិក​បាន​ចោទថា ជាអ្នក​វាយប្រហារ​ទៅលើ​កងកម្លាំង​អូតង់ នៅ​ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។នៅថ្ងៃសុក្រនេះ នៅខេត្ត​Peshawar គ្រាប់ផ្ទុះ​ត្រូវ​គេ​ប្រើ​វាយប្រហារ​ទៅលើ​រថយន្ត​ដឹក​បុគ្គលិក​រដ្ឋាភិបាល​មួយគ្រឿង​ដោយ​បាន​សម្លាប់​មនុស្ស​១៨នាក់។

លោក​Leon Panetta ថ្លែង​ទៅកាន់​ទាហាន​អាមេរិក​នៅទឹកដី​អាហ្វហ្កានីស្ថាន
លោក​Leon Panetta ថ្លែង​ទៅកាន់​ទាហាន​អាមេរិក​នៅទឹកដី​អាហ្វហ្កានីស្ថាន © REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុងរឿង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ប្រដាប់​អាវុធ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​បាន​និយាយ​ព្រមាន​ថា ទីក្រុង​វ៉ាស៊ីនតោន ​លែង​មាន​ភាព​អត់ធ្មត់​នឹង​ប៉ាគីស្ថាន​ទៀតហើយ។ ប៉ាគីស្ថាន​បាន​ក្លាយ​ជា​ឋានសួរគ៌ សម្បុក​លាក់ខ្លួន​ដ៏​មាន​ប្រសិទ្ធិភាព​របស់​ពួក​អ៊ីស្លាមជ្រុលនិយម Haqqani។ ពួក​Haqqani​ដែល​ អាមេរិក​បាន​ចាត់ទុក​ជា​បណ្តាញ​អាល់កៃដា ហើយ​បាន​ រួមគ្នា​ជាមួយ​ពួក​តាលីបង់ យក​ទឹកដី​ប៉ាគីស្ថាន​ដើម្បី​វាយប្រហារ​ទៅលើ​កងកម្លាំង​អាហ្វហ្កានិស្ថាន និង​ទ័ព​អូតង់។

កាលពី​ចុងឆ្នាំមុន ក្នុង​ពេល​លោក​ធ្វើ​ជា​នាយសេនាធិការ​កងទ័ព​ចម្រុះ​អាមេរិក លោក​Mike Mullen​ធ្លាប់​បាន​និយាយ​ថា ក្រុមប្រដាប់​អាវុធ Haqqani​ជា​ដៃជើង​របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ប៉ាគីស្ថាន។ មួយខែក្រោយមក រដ្ឋមន្រ្តីការពារ​ប៉ាគីស្ថាន​បានរុញច្រាន ការចោទប្រកាន់ និង​និយាយ​បក​ទៅវិញថា អាមេរិក​មិន​​ចាំបាច់​ញុះញង់​ប៉ាគីស្ថាន​ឲ្យ ​ធ្វើ​សង្រ្គាម​ជាមួយ​ពួក​ក្រុមប្រដាប់អាវុធ​នៅប៉ាគីស្ថាន​ទេ ប៉ុន្តែ អាមេរិក​គួរ​ផ្តោត​តែ​ទៅលើ​បញ្ហា​នៅ អាហ្វហ្កានីស្ថាន​បាន​ហើយ។

សម្រាប់​Leon Panettaថា វា​ច្បាស់​ណាស់​ថា សន្តិភាព​អាច​កើត​មាន​នៅ​អាហ្វហ្កានីស្ថាន ដរាបណា​ប៉ាគីស្ថាន​ឈប់​ផ្តល់​ជំរក​ដ៏សុវត្ថិភាព ដោយ​ចាត់វិធានការ​ជាក់ស្តែង​វាយប្រហារ​ទៅលើ​ពួក​អ៊ីស្លាមជ្រុលនិយម​ដែ​លមាន​ពួកតាលីបង់ និង​ពួក​Haqqaniជាដើម។ រហូតមកដល់​ពេលនេះ ប៉ាគីស្ថាន​នៅតែ​បដិសេធ​ការចោទប្រកាន់ និង​ថា ខ្លួន​ក៏​ជាអ្នករងគ្រោះ​ដោយ​ការវាយប្រហារ​ពី​ក្រុម​ប្រដាប់អាវុធ​Haqqani នេះដែរ។

រាប់ឆ្នាំមកហើយ អាមេរិក​បាន​ជំរុញ ទីក្រុង​អ៊ីស្លាម៉ាបាត​ឲ្យ​ចរចា​ជាមួយ​ក្រុមប្រដាប់​អាវុធ​នៅ​តំបន់​កុលសម្ព័ន្ធ ដែល​ស្ថិតនៅ​ជាប់ព្រំដែន ជាមួយ​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ ប៉ាគីស្ថាន​ដែល​មិនពេញចិត្ត​នឹង​ប្រតិបត្តិការ​អាមេរិក សម្លាប់​ប៊ិនឡាដិន ដោយ​មិន​ឲ្យ​ខ្លួនដឹងមុន បាន​បែរជំហរ លែង​ស្តាប់​អាមេរិក ដូចមុន។ ប៉ាគីស្ថាន​បាន​ចោទប្រកាន់​អាមេរិក​ថា បាន​រំលោភ​អធិបតេយ្យ​ភាព​របស់ខ្លួន ដោយ​បាន​ប្រើ​យន្តហោះ Drone បាញ់សម្លាប់​ប្រជាជន​ស៊ីវិល និង​ទាហាន​ប៉ាគីស្ថាន​២៤​នាក់ នៅព្រំដែនជាមួយ​អាហ្វហ្កានីស្ថាន៕ យន្តហោះ Drone​នេះ​ហើយ ដែល កាលពី​សប្តាហ៍មុន ​អាមេរិក​បាន​ប្រើ ដើម្បី​បាញ់សម្លាប់​មេទីពីរ​របស់​អាល់កៃដា នៅតំបន់​កុលសម្ព័ន្ធជាប់​ព្រំដែន​អាហ្វហ្កានីស្ថាន។
 

គេជឿថា ការសហការ​ជាមួយ​ប៉ាគីស្ថាន​គឺ​ជា​រឿងចាំបាច់ សម្រាប់​សន្តិសុខ​នៅតំបន់ ជាពិសេស នៅក្រោយ​ពេល​កងទ័ព​អូតង់​ត្រូវ​ដក​ចេញ​ពី​អាហ្វហ្កានីស្ថាន នៅ​ចុងឆ្នាំ ២០១៤ ប៉ុន្តែ យ៉ាងណាក៏ដោយ ប៉ាគីស្ថាន​នៅតែ​​បដិសេធ មិន​អាមេរិក​ប្រើ ឆ្លងកាត់ទឹកដី​ខ្លួន ដើម្បី​ដឹកជញ្ជូន​ភស្តុភារ​ទៅ​ឲ្យ​កងទ័ព​​អូតង់​នៅកាន់​អាហ្វហ្កានីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ