អានតួអត្ថបទ
ស៊ីរី

អង្គការ​សហប្រជាជាតិ៖ ស៊ីរី​នៅ​មាត់ជ្រោះ​សង្រ្គាម​ស៊ីវិល

ផែនការ​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ ព្រោះ​វា​មិន​បាន​ជួប​ទបស្កាត់​អំពើហិង្សា ដូច​ដែល​គេ​បាន​គ្រោងទុក​នោះឡើយ។ នៅពីរថ្ងៃ​ក្រោយ​ការសម្លាប់​រង្គាល​ជាថ្មី ទៅលើ​ប្រជាជន​ស៊ីរី ៧៨​នាក់ នៅ​ខេត្ត​Hama ទាំងលោក​បាន គីមូន អគ្គលេខាធិការ ​អង្គការ​សហប្រជាជាតិ និង​លោក​កូហ្វី អាណាន់​ប្រេសិត​សម្រាប់​ដោះស្រាយ​វិបត្តិ​នៅស៊ីរី​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​អន្តរាគមន៍​ជាបន្ទាន់ ដើម្បី​ដាក់គំនាប​លើ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ដើម្បី​បញ្ចប់​អំពើហិង្សា នៅស៊ីរី។

លោក​កូហ្វី អាណាន់ អន្តរការី​ដើម្បី​វិបត្តិ​ស៊ីរី និង​លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ធ្វើ​សន្និសីទ​កាសែត នៅថ្ងៃ​ព្រហស្បតិ៍ ទី ៧ មិថុនា
លោក​កូហ្វី អាណាន់ អន្តរការី​ដើម្បី​វិបត្តិ​ស៊ីរី និង​លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ធ្វើ​សន្និសីទ​កាសែត នៅថ្ងៃ​ព្រហស្បតិ៍ ទី ៧ មិថុនា © REUTERS
ផ្សាយពាណិជ្ជកម្ម

 

អ្វីៗ​បាន​ឈាន​មក​ដល់​ដំណាក់កាល​មួយ​ដែល​គេ​មិន​អាច​រក​ច្រក​ផ្លូវ​ចេញ​រួច។ មើលទៅ​លោក​កូហ្វី អាណាន់ ហាក់​ដូចជា​អស់​សមត្ថភាព​ដើម្បី​សម្របសម្រួល​ឲ្យ​គូភាគី​ប្រឆាំង​ឈប់​បង្ក​អំពើហិង្សា។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅក្នុង​សន្និសីទ​កាសែត នៅ​ក្រោយ​សេចក្តី​ថ្លែងការណ៍ ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ លោកកូហ្វី​អាណាន់​ផ្ទាល់​បាន​ទទួល​ស្គាល់ ថា រដ្ឋាភិបាល​ស៊ីរី​មិន​បាន​អនុវត្ត​ផែនការ​សន្តិភាព​របស់​លោក​ទេ។ ចំណែក​លោក​បាន គីមូន​វិញ បាន​និយាយ​ជាលើកទីមួយ ពី​លទ្ធភាព​បញ្ចប់​បេសកកម្ម​របស់​ក្រុម​អ្នកសង្កេតការណ៍​ជិត ៣០០​នាក់​របស់​អង្គការ​សហប្រជាជាតិ នៅប្រទេស​ស៊ីរី។

វត្តមាន​របស់​ក្រុម​មួកខៀវ ក្នុង​ប្រទេស​ស៊ីរី​ធ្លាប់​បាន​ធ្វើ​ឲ្យ​គេ​មាន​ជំនឿទុកចិត្ត​ថា នឹង​ជួយ​កាត់បន្ថយ​អំពើហិង្សា នៅ​ស៊ីរី ប៉ុន្តែ បើ​តាម​លោក​បាន គីមូន បេសកកម្ម​របស់​ក្រុម​អ្នកសង្កេតការណ៍​ដែល​គ្មាន​អាវុធ​នៅក្នុង​ដៃ មិន​ត្រូវ​បាន​គេ​គោរព​ទេ នៅស៊ីរី។ ក្រុម​មួកខៀវ ត្រូវ​ទ័ព​រដ្ឋាភិបាល​ស៊ីរី​រារាំង​មិន​ឲ្យ​ចូល​ទៅ​កាន់​ភូមិ​ដែល​មាន​ការសម្លាប់​រង្គាល កាលពី​ថ្ងៃ​អង្គារ។ ហើយ​សឹង​ជា​រៀងរាល់ថ្ងៃ រថយន្ត​របស់​ក្រុម​អ្នកសង្កេតការណ៍​ត្រូវ​រង​ការបាញ់​ប្រហារ ទាំង​ដោយ​កាំភ្លើងខ្លី និង​កាំភ្លើង​ធុនធ្ងន់។

ដោយសារ​ការរារាំង​ពី​ទាហាន​រដ្ឋាភិបាល​ស៊ីរី ក្រុមអ្នកសង្កេតការណ៍​មិន​អាច​អង្កេត​ដឹងការពិត​ទេ តើ​ក្រុមណា​ជា​ឧក្រិដ្ឋជន​សម្លាប់​រង្គាល ប្រជាជន។ ក្រុមប្រឆាំង​តែងចោទ​ក្រុមទាហាន​ស្ម័គ្រ​រដ្ឋាភិបាល​លោក​Bachar Al Assad ថា ជាជនដៃដល់​សម្លាប់​ប្រជាជន​ស៊ីវិល ចំណែក​រដ្ឋាភិបាល​វិញ ដូចលើកមុនៗ បាន​ឆ្លើយ​ដាក់​ក្រុមភេរវជន​ដែល​បង្កប់ខ្លួន​នៅក្នុង​ក្រុមប្រឆាំង។

មើលទៅ បេសកកម្ម​របស់​ក្រុមមួកខៀវ​លែង​មាន​ប្រសិទ្ធិភាព​ជួយ​ទប់ស្កាត់​អំពើ​ហិង្សា​នៅស៊ីរី។ ដូច្នេះ បើតាម​សារ​របស់​លោក​បាន គីមូន និង​លោក​កូហ្វី អាណាន់ គឺ​វា​ដល់​ពេល​ហើយ​ដែល​សហគមន៍​អន្តរជាតិ​ឈប់បែកបាក់​គ្នា ប៉ុន្តែ ត្រូវ​រួមគ្នា​តែមួយ ដើម្បី​ដាក់គំនាប​លើ​រដ្ឋាភិបាល​របស់​លោក​Bachar Al Assad តាមរយៈ​ការដាក់​ទណ្ឌកម្ម។
 

ក្នុង​ន័យនេះ លោក​កូហ្វី អាណាន់​បាន​បញ្ជាក់​ពី​ផែនការ​ថ្មី​ដែល​គាត់​គ្រោង​នឹង​ស្នើ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ នោះ គឺ​ការបង្កើត​ក្រុម​ប្រទេស​ដែល​ជួយ​ដោះស្រាយ​វិបត្តិ​ស៊ីរី។ ក្នុង​ក្រុមនេះ នឹង​មាន​ប្រទេស​សមាជិក​អចិន្រ្តៃយ៍​ទាំងប្រាំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​ក្រុម​ប្រទេស​អារ៉ាប់ ពោល​គឺ​ក្រុម​ប្រទេស​ដែល​គំាទ្រ​គូភាគី​ជម្លោះ ទាំងពីរ។ នៅភាគី​គាំទ្រ​គឺ​រដ្ឋាភិបាល​ស៊ីរី​មាន​ប្រទេស​រុស្ស៊ី ចិន និង​អ៊ីរ៉ង់ ចំណែក​ប្រទេស​ដែល​គាំទ្រ​ក្រុមប្រឆាំង​ស៊ីរី មាន​ប្រទេស​កាតា អារ៉ាប៊ី សាអ៊ូឌីត និង​តួកគី។ ប៉ុន្តែ បញ្ហា​នៅចោទ​ត្រង់​ថា អាមេរិក អង់គ្លេស និង​បារាំង​បាន​បដិសេធ ប្រឆាំង​មិន​ឲ្យ​អ៊ីរ៉ង់​ចូលរួម​ក្នុង​ក្រុមប្រទេស​ដោះស្រាយ​វិបត្តិ​នៅស៊ីរីទេ ព្រោះ​គេ​ចាត់ទុក​ថា អ៊ីរ៉ង់​ដែលកំពុង​ជាប់សង្ស័យ​នឹង​រឿង​អាវុធ​នុយក្លេអ៊ែរ ក៏​ជា​អ្នកចូលរួម​ផ្គត់ផ្គង់​អាវុធ​ដល់​រដ្ឋាភិបាល​ស៊ីរី​ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមប្រឆាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ