អានតួអត្ថបទ
អ.ស.ប

មហា​សន្និបាត អ.ស.ប​​ចាត់ទុកការបោះឆ្នោត​​ប្រជាមតិ នៅ​គ្រីមេ​ថា ខុស​ច្បាប់

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ មីនា មហាសន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចាត់​ទុក ការបោះឆ្នោត​ប្រជាមតិ នៅគ្រីមេ កាលពី​ថ្ងៃ​ទី ១៦​មីនា​កន្លងទៅ ថា រឿង​ខុសច្បាប់។ អង្គការ​សហប្រជាជាតិ​មាន​ប្រទេស​សមាជិក​១៩៣។ អត្ថបទ​ច្បាប់​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​អ៊ុយក្រែន និង​ប្រទេស​លោកខាងលិច បាន​ទទួល​សំឡេង​គាំទ្រ ១០០ នៅពេល​ដែល​សំឡេង​ប្រឆាំង​មាន​ចំនួន ១១ និង​សំឡេង​អនុប្បវាទ ដល់​ទៅ ៥៨។

ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ស្តី​ពី​ការបោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមេ នៅថ្ងៃ ទី ១៩ មីនា
ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ស្តី​ពី​ការបោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមេ នៅថ្ងៃ ទី ១៩ មីនា ©REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​បានចាត់ទុក​ថា ការបោះឆ្នោត​ប្រជាមតិ​នៅ​គ្រីមេ ថា ខុសច្បាប់ និង​គ្មាន​សុពលភាព ធ្វើ​ឲ្យ​លក្ខន្តិកៈ​របស់​ជ្រោយ​គ្រីមេ ដែល​ជាទឹកដី​របស់​អ៊ុយក្រែន ប្រែប្រួល។ សេចក្តី​សម្រេច​បាន​ទាមទារ​ឲ្យ​ប្រទេស​ទាំងអស់ មិន​ទទួល​ស្គាល់​ការផ្លាស់ប្តូរ​លក្ខន្តិកៈ​ថ្មី​របស់​គ្រីមេ ពោល​គឺ​គ្រីមេ ដែល​ពេលនេះ បាន​កាត់ផ្តាច់​ពី​អ៊ុយក្រែន និង​ត្រូវ​បានទីក្រុង​ម៉ូស្គូ​ធ្វើច្បាប់ យក​ចូល ជា​ទឹកដី​របស់​រុស្ស៊ី កាល​ពី​សប្តាហ៍មុន។

 
អ៊ុយក្រែន និង​ប្រទេស​លោកខាងលិច​បាន​ចងក្រង​សេចក្តី​សម្រេច​មួយ ដែល​មិន​សូវ​តឹងតែង និង​មិន​បាន​រិះគន់​ចំៗ ប្រទេស​រុស្ស៊ី។ នោះ គឺ​ដើម្បី​ទទួល​បាន​ការគាំទ្រ និងដើម្បី​ឲ្យ​មហា​សន្និបាត​បោះឆ្នោត​អនុម័ត​សេចក្តី​សម្រេច។

ប៉ុន្តែ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល រុស្ស៊ី បាន​នាំមុខ​គេ បោះឆ្នោត​ប្រឆាំង និង​ចាត់ទុក​សេចក្តីសម្រេច ថា ជា​វិធានការ​ប្រឆាំង​នឹង​ការរីកចម្រើន។ កាលពី​ថ្ងៃ​ទី ១៩ មីនា​កន្លងទៅ រុស្ស៊ី ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃ៍យ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បាន​បោះឆ្នោត​វេតូ​លើ​សេចក្តី​សម្រេច​របស់​ក្រុម ប្រឹក្សា​សន្តិសុខ ដែល​ចែង​ថ្កោលទោស​ទៅលើ​ការបោះឆ្នោត​ប្រជាមតិ ដែល​ផ្តាច់​គ្រីមេ ចេញពី​ទឹកដី​អ៊ុយក្រែន។

ក្នុងចំណោម​ប្រទេស​ទាំង​១០​ដែល​បោះឆ្នោត​ប្រឆាំង​ជាមួយ​រុស្ស៊ី ភាគច្រើន​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី ដូចជា​ស៊ីរី បេឡារុស្ស កូរ៉េខាងជើង គុយបា ឬ​វេណេស៊ុយអេឡា ជាដើម។ ប្រទេស​៥៨​ដែល​បោះឆ្នោត​អនុប្បវាទ មិន​គាំទ្រ ហើយ​ក៏មិន​ប្រឆាំង មាន​ដូចជា​ប្រទេស​ចិន ឥណ្ឌា ប៉ាគីស្ថាន អេហ្ស៊ីប ប្រេស៊ីល និង​អាហ្រ្វិកខាងត្បូង។ អាមេរិក ​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប និង​បណ្តា​ប្រទេស​នៅ​អាស៊ី​ស្ថិតនៅក្នុង​ចំណោម​ប្រទេស​ទាំង ១០០​ដែល​បាន​បោះឆ្នោត គាំទ្រ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។

សូមបញ្ជាក់ថា សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​បោះឆ្នោត​ឡើង ដើម្បី​ជា​និមិត្តរូប និងដើម្បី​បញ្ជាក់​ជំហរ​របស់​ប្រទេស​ភាគច្រើន​នៅលើ​ពិភពលោក​ស្តី​ពី​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។ ប៉ុន្តែ សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​គ្មាន​តម្លៃ ចាប់ចង តម្រូវ​ឲ្យ​រុស្ស៊ី​ប្រគល់​ទឹកដី​គ្រីមេ​ទៅ​ឲ្យ​អ៊ុយក្រែន​វិញទេ។

សម្រាប់​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន នៅ អង្គការ​សហប្រជាជាតិ សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ពី​ការគាំទ្រ​រដ្ឋាភិបាល​អ៊ុយក្រែន និង​អាច​ជួយ​ធានា​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ទប់ទល់​ទៅនឹង​ការឈ្លានពាន​ទៅ​ថ្ងៃ​មុខ​ទៀត របស់​រុស្ស៊ី។ តាមរដ្ឋាភិបាល​អ៊ុយក្រែន រុស្ស៊ី​នៅ​បន្ត​​ពង្រាយទ័ព​យ៉ាង​ក្រាស់ក្រែន នៅតាម​ព្រំដែន រហូត​ធ្វើ​ឲ្យ​អ៊ុយក្រែន​បារម្ភថា នឹង​អាច​ប្រើ​ជា​លេស​ដើម្បី​ចូល​ទៅឈ្លានពាន និង​គ្រប់គ្រង​ទឹកដី​ផ្សេងទៀត របស់​អ៊ុយក្រែន ដូចដែល​រុស្ស៊ី​បានធ្វើ​កន្លងមក​ទៅលើ​ជ្រោយគ្រីមេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ