អានតួអត្ថបទ
ថៃ

លោក ថាក់ស៊ីន នឹង​មិនមាន​មុខ​តំណែង​ណាមួយ​ក្នុង​រដ្ឋាភិបាល​ថ្មី​ទេ

ទន្ទឹមនឹង​ពេល​ដែល​គណបក្ស​ភឿថៃ​ កំពុង​ចរចារៀបចំ​រដ្ឋាភិបាល​ចម្រុះថ្មីរបស់ខ្លួន ពាក្យ​ចចាម​អារ៉ាម​មួយបាន​លេចឮថា​ លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត់​ដែល​កំពុង​ស្នាក់​នៅទីក្រុង​ឌូបៃ នឹងទទួល​បានតំណែង​មួយនៅក្នុង​រដ្ឋាភិបាល​អាណត្តិថ្មីនេះ ដែល​នឹង​ដឹកនាំ​ដោយ​ប្អូនស្រី​របស់លោក។ ប៉ុនែ្ត​ពាក្យចចាម​អារ៉ាមនេះ​ត្រូវបាន​ច្រានចោល​ដោយ​លោកស្រី​យីងឡាក់។ 

បាតុកម្មគាំទ្រលោក ថាក់ស៊ីន កាលពីពេលកន្លងទៅ
បាតុកម្មគាំទ្រលោក ថាក់ស៊ីន កាលពីពេលកន្លងទៅ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

នៅចំពោះ​មុខ​អ្នកកាសែត​ជាច្រើន​ នៅ​ថ្ងៃ​ពុធនេះ លោក​ស្រី ​យីងឡាក់​ស៊ីណាវ៉ាត់​ បាន​អះអាង​ថា គណបក្ស ភឿថៃ មិនបាន​គ្រោង​ទុក​តួនាទី​ណាមួយ​សំរាប់​លោក​ថាក់ស៊ីន​នោះទេ។ លោក​ថាក់ស៊ីន​ គ្រាន់តែ​ជាអ្នក​ផ្តល់​ប្រឹក្សា​នឹង​លើក​ទឹកចិត្ត​ពួកគាត់​ប៉ុណ្ណោះ ។

 
ការ​ឆ្លើយតប​នេះ គឺស្របពេល​ដែល​កាសែតថៃ​មួយចំនួន បាន​ចុះ​ផ្សាយថា​ អតីត​នាយករដ្ឋមន្រ្តី​ថៃ លោក​ថាក់​ ស៊ីន ដែលត្រូវ​បាន​ទម្លាក់ពីតំណែង ដោយ​រដ្ឋប្រហារ​យោធា​មួយកាល​ពីឆ្នាំ​២០០៦ នឹងត្រូវ​តែងតាំង​អោយ​ទទួលបន្ទុក​ផ្នែក​ពាណិជ្ចកម្ម នៅ​ក្រៅ​ប្រទេស។ ជាមុខ​តំណែង​មួយ​ដែលអាច​អោយ​លោក​ធ្វើដំណើរ​ដោយ​សេរី​ជុំវិញ​ពិភពលោក​មុននឹង​ត្រលប់​ចូល​ទឹកដី​ថៃទៀតផង។

ប៉ុន្តែ ​អនាគត​នាយករដ្ឋ​មន្ត្រី​ថៃ​ដែល​កំពុង​តែ​មមាញឹក​ក្នុងការ​រៀបចំរដ្ឋាភិបាល​ចម្រុះ​ថ្មី​របស់​ខ្លួនបានអះអាង​ថា បងប្រុស​របស់​គាត់​ដែល​កំពុងតែ ស្នាក់​នៅ​ឯ​បរទេស មិនមាន​បំណង​ចង់​បាន​មុខតំណែង​ណាមួយ​នោះ​ឡើយ។ លោកស្រី​បាននិយាយ​ដោយ​សំឡេង​ម៉ត់ចត់​ថា “ អ្វី​ដែលគាត់​ចង់បាន​នោះ គឺការ​ផ្សះផ្សា​ជាតិ​តែ​ប៉ុណ្ណោះ”។

គួរបញ្ជាក់​ដែរថា លោក​ថាក់ស៊ីន ដែល​បាន​រត់ភៀស​ខ្លួន​ទៅស្នាក់​នៅក្នង​ទីក្រុង​ឌូបៃ ប្រទស​ អារ៉ាប់រួម​បានត្រូវ​តុលាការ​ថៃ​កាត់ទោស​កំបាំង​មុខ អោយ​ជាប់គុក​ពីរឆ្នាំ​ដោយ​ចោទ​ថា​លោក​បាន​កេងប្រវ័ញ្ច​ថវិកា​ជាតិ។

ដូច្នេះ ជោគជ័យ​របស់​គណបក្ស​ភឿថៃ​ដែលស្និទ្ធ​នឹង​រូបលោក ​ ត្រូវបាន​គេ​មើលឃើញ​ថា ជា​ឱកាស​មួយ​ដ៏ល្អ ដែលអាច​អោយលោក​ត្រលប់​ចូល​ស្រុក​វិញ​បាន។

អ្នកវិភាគ​នយោបាយ​ម្នាក់ ប្រចាំ​នៅទីក្រុង​បាងកក ដែលត្រូវ​បានសម្ភាស​ដោយ​កាសែត​បារាំង Le Nouvel Observateur បាន​វាយ​តម្លៃថា ប្រកដណាស់ លោក​ថាក់ស៊ីន នឹង​ត្រលប់​ទៅចូល​ប្រទេសថៃ​វិញ​។ គ្រាន់តែ​ថា​គាត់នឹង​មិនធ្វើ​វាភ្លាមៗ​នោះទេ ។ បើ​មិន​ដូច្នេះទេ អ្នក​ប្រជាធិបតេយ្យ ព្រមទាំង​បក្សពួក​ប្រឆាំង​នឹង​រិៈគន់​ពីភាព​មិនត្រឹមត្រូវ នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាតិថៃ។ ប៉ុន្តែ ក្រុមបក្ស​ពួក​របស់​លោក ថាក់ ស៊ីន​នឹង​រិៈ​រក​គន្លឹះ​ណាមួយ ​ដើម្បី​ជួយ​លោក​អោយ​រួចពី​ការចោទ​ប្រកាន់​ទាំងឡាយ​ពីមុនមក​ អោយខាន​តែបាន។

អ្នក​វិភាគ​នយោបាយ​ដដែល បាន​បន្តទៀត​ថា រីឯ​ក្រុម​យោធាថៃ ពួកគេ​នៅតែដើរ​តួនាទី​សំខាន់​នៅក្នុងឆាក​នយោបាយ​ថៃ​ដូចកាល​ពីមុន បើទោះបីជា​ពួកគេ​យល់ព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​កន្លងមកក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ