អានតួអត្ថបទ
ថៃ

ប្រជាជន​ក្រុង​បាងកក ទម្លាយ​ទំនប់ ដោយ​កំហឹង

ទំនប់​ទឹក​ធ្វើពី​​បាវ​ខ្សាច់ ការពារ​​ក្រុង​បាងកក​ទប់ទល់​​គ្រោះ​ភ័យ​ទឹក​ជំនន់ ត្រូវ​បាន​ចោះទម្លាយ​ឲ្យ​​របើក​មួយ​ភាគ​ ដោយ​ស្នាដៃ​បណ្តា​ជន​រស់​នៅ​ក្នុង​សង្កាត់​ភាគ​ខាង​ជើង​ ក្រុង​បាងកក ព្រោះ​តែភ្លើង​​កំហឹងមួយ​ឆាប ច្រណែន​នឹង​អ្នក​រស់​នៅ​កណ្តាល​ក្រុង​។ ភាគ​កណ្តាល​​ក្រុង​ ដែល​បាន​រួច​ផុត​ពី​ការ​គំរាម​កំហែង​ជន់​លិច តែ​នៅ​ភាគ​ខាង​ជើង​វិញ ប្រជាជន​​​រស់​នៅ​ត្រាំ​ទឹក​ អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ។

លោកស្រី​ Yingluck Shinawatra ចុះ​សួរ​សុខ​ទុក្ខ​ប្រជាជន​រង​គ្រោះ​ទឹក​ជំនន់
លោកស្រី​ Yingluck Shinawatra ចុះ​សួរ​សុខ​ទុក្ខ​ប្រជាជន​រង​គ្រោះ​ទឹក​ជំនន់ REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ប៉ូលិស ស្នាមរបើក​​ធ្លាយ​ មិន​ជ្រៅ​ទេ ប៉ុន្តែ​វាមាន​រង្វះ​ប្រមាណ​ជា៧​ម៉ែត្រ និង​ពង្រីក​ឡើង​ដល់​ជាង​៨​ម៉ែត្រ នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ស្នាដៃ​បាតុករ​ជាង​១០០​នាក់​។ បាតុករ​ដែល​នាំ​គ្នា​ខឹង​សម្បា​មួយ​ឆាប ព្រោះ​មិន​អាច​ទ្រាំ​ទ្រ​រស់ ត្រាំ​ត្រែង​ក្នុង​ទឹក​​បាន​ទៀត។ ដូច្នេះ​ដើ​​ម្បី​សម្រក​ទឹកខ្លះ​ បណ្តា​ជន​រស់​នៅ​ក្នុង​សង្កាត់ ដនមឿន ភាគ​ខាង​ជើង​បំផុត​នៃ​ក្រុង​បាងកក​ បាន​នាំ​គ្នាស្ទុះ​​ទៅ​ទម្លាយ​ទំនប់ ព័ទ្ធ​ការពារ​ទីប្រជុំ​ជន​ក្រុង​បាងកក ដែល​មាន​ប្រវែង​១៥​គ.ម.។

 
អាជ្ញាធរ​បាន​សាកល្បង​បិទ​ស្នាមចោះ​នោះ​ដែរ​ ទោះ​បី​ជាមាន​​ចលនាបាតុកម្ម​ប្រឆាំង និង​គំរាម​បិទ​ខ្ទប់​ផ្លូវ​ថ្នល់​ធំៗក៏ដោយ។ រហូត​មក​ទល់​​ព្រឹក​នេះ ចលនា​បះបោរ​ផ្ទុះ​កំហឹង​ ទម្លាយ​ទំនប់​ហាក់​បាន​ស្ងប់​ស្ងាត់​ទៅ​វិញហើយ។

សូម​បញ្ជាក់​ថា​ ទីប្រជុំជន​ សង្កាត់​ពាណិជ្ជកម្ម ​និង​ហិរញ្ញវត្ថុ​របស់​រាជធានី ត្រូវ​បាន​ការពារ​ ដោយ​ទំនប់​បាវខ្សាច់ពិសេស​ ក្នុង​មួយ​បាវៗ​ទម្ងន់​២តោន  សម្រាប់​ទប់ទល់​នឹង​​គ្រោះ​ទឹក​ជំនន់។ ទឹក​ជំនន់​ ដែល​បាន​យាយី ប្រទេស​ថៃ​អស់​រយៈ​ពេល​ជាង​បី​ខែ​មក​ហើយ ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​៥៦២​នាក់។

ទោះបី​ជា​ពេល​នេះ ទឹក​ចាប់​ផ្តើម​ស្រក​ជា​បណ្តើរៗ ខេត្ត​ភាគ​ខាង​ជើ​ង​ផ្តើម​​បោសសម្អាត​ភក់ជ្រាំ ប៉ុន្តែ​​ ​ក្រុង​បាងកក ​មិន​ទាន់​អាច​វិល​មក​រក​ភាព​ធម្មតា​បាន​ដោយ​ងាយនិង​ឆាប់ៗ​ទេ អាកាសយានដា្ឋន​ដនមឿន​នៅ​តែ​បន្ត​បិទ​ទ្វារ ចរាចរណ៍​តាម​ផ្លូវថ្នល់​សំខាន់ៗ​​នៅ​តែ​ហាមឃាត់។ លោកស្រី​​រ​ដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហ៊ីឡារី គ្លីនតុន នឹង​អញ្ជើញ​​ទៅ​ដល់ក្រុង​បាងកក​នៅ​ថ្ងៃខាន​ស្អែក ដើម្បី​សម្តែង​សាមគ្គីភាព ជាមួយ​​ប្រទេស​ថៃ ដែល​បាន​និង​កំពុង​ស្ថិត​ក្នុង​​គ្រោះ​មហន្តរាយ​​ទឹក​ជំនន់ ដ៏ធ្ងន់ធ្ងរ​បំផុត មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​កន្លះ​សតវត្ស​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ