អានតួអត្ថបទ
កម្ពុជា

ការកំណត់តម្លៃ​​ដីធ្លី​​បង់​ពន្ធ​លើ​អចលន​ទ្រព្យ​បង្ក​អោយ​កម្មសិទ្ធិករ​​មិន​សប្បាយ​ចិត្ត

ការ​កំណត់​តម្លៃ​ដីធ្លី​ដើម្បី​បង់ពន្ធ​លើ​អចលនទ្រព្យ​បង្ក​អោយ​មាន​ភាព​មិន​សប្បាយ​ចិត្ត​ដល់​កម្មសិទ្ធិករ។ ការ​មិន​សប្បាយចិត្ត​នេះ ​គឺ​ដោយសារ​ការ​​កំណត់​តម្លៃ​អចលទ្រព្យ​​ខ្វះ​សុក្រឹតភាព។

ការ​កំណត់​តម្លៃ​ដីធ្លី​ដើម្បី​បង់ពន្ធ​អចលនទ្រព្យ​គ្មាន​សុក្រឹតភាព​ ប្រជាជន​មិន​សប្បាយចិត្ត
ការ​កំណត់​តម្លៃ​ដីធ្លី​ដើម្បី​បង់ពន្ធ​អចលនទ្រព្យ​គ្មាន​សុក្រឹតភាព​ ប្រជាជន​មិន​សប្បាយចិត្ត ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈពេល​ដែល​នីតិវិធី​នៃ​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​បាន​និ​ង​កំពុង​ដំណើរ​ការ​ទៅមុខ​នោះ កម្មសិទ្ធិករ​អចលនទ្រព្យ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​តម្លៃ​ដីធ្លី​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។

 
ដោយសារ​ការ​កំណត់​តម្លៃ​ដីធ្លី​ផ្ទះ​សម្បែង​​ថ្លៃ​ពេក ម្ចាស់​ផ្ទះ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​​​ដាក់​លក់​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដើម្បី​ចង់​ដឹង​ថា តើ​តម្លៃ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​អាច​លក់​បាន​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​បាន​ដែរ​ឬ​ទេ?

ម្ចាស់ដី​ម្នាក់​នៅ​ក្នុង​ខណ្ឌ​ចំការមន​ស្ថិត​នៅ​ក្នុង​ផ្លូវ​លេខ​៩៧​បាន​បញ្ជាក់​ប្រាប់​ថា ដី​របស់​គាត់​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​​តម្លៃ​១០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក្រឡា។ តម្លៃ​នេះ​ជា​តម្លៃ​ដែល​គាត់​គិត​ថា មាន​កម្រិត​ខ្ពស់។ អ៊ីចឹង​ហើយ​ទើប​គាត់​ដាក់​លក់​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​អ្នក​ទិញ​នៅ​ឡើយ​ទេ។ ​អ្នក​ជិតខាង​ផ្សេង​ទៀត​ក៏​បាន​ត្អូញត្អែរ​ពី​បញ្ហា​នេះ​ដូចគ្នា​ដែរ។

ការ​កំណត់​តម្លៃ​ថ្លៃ​ជា​រឿង​មួយ​ ប៉ុន្តែ​អ្វី​ដែល​ប្រជាជន​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង​នោះ​គឺ​ការ​កំណត់​តម្លៃ​ខុសគ្នា​នៃ​ទីតាំង​ដីធ្លី។ អ្នក​រស់​នៅ​ក្នុង​តំបន់​ខ្លះ​បាន​លើក​ឡើង​ថា បើ​ផ្អែក​លើ​តម្លៃ​ទីផ្សារ​ជាក់ស្តែង ​ដី​របស់​ពួកគេ​មាន​តម្លៃ​ទាប​ជាង​​ដី​តំបន់​មួយ​ទៀត​​ ប៉ុន្តែ​នៅ​ពេល​រដ្ឋ​កំណត់​តម្លៃ​វិញ ​ដី​របស់​ពួកគេ​បែរ​ជា​ថ្លៃ​ជាង​ទៅ​វិញ។ តើ​ការ​គិតគូរ​នេះ​ពឹង​ផ្អែក​លើ​មូលដ្ឋាន​អ្វី​ខ្លះ?

លោក ស៊ឹង ប៊ុណ្ណា នាយក​ទី​ភ្នាក់ងារ​អចលនទ្រព្យ​ប៊ុណ្ណា​រៀលធី ​ដែល​ធំ​ជាង​គេ​នៅ​ទីក្រុង​ភ្នំពេញ​​បាន​ទទួល​ស្គាល់​ថា បច្ចេកទេស​នៃ​ការ​វាយ​តម្លៃ​ដីធ្លី​នៅ​មាន​បញ្ហា​ ពោល​គឺ​​នៅ​មិនទាន់​មាន​សុក្រឹតភាព​១០០​ភាគរយ​នៅ​ឡើយ​ទេ។ ប្រជាជន​ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ជជែក​គ្នា​ឡើង​វិញ​ ដើម្បី​ធ្វើ​យ៉ាង​ដូចម្តេច​អោយ​ការ​វាយ​តម្លៃ​សម្រាប់​ឆ្នាំ​ក្រោយ​មាន​ភាព​សុក្រឹត​ជាង​ឆ្នាំ​២០១១​នេះ។

បន្ទាប់​ពី​បាន​ពន្យារ​ពេល​ជា​ច្រើន​សា​រួច​មក ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១១​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១១​ខាងមុខ​នេះ។ នេះ​ជា​លើក​ទី​មួយ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​របៀប​នេះ។ ប្រជាជន​មួយ​ចំនួន​ធំ​​បាន​ចូល​រួម​បង់ពន្ធ​ ប៉ុន្តែ​ប្រជាជន​ខ្លះទៀត​នៅ​មិន​ទាន់​អើពើ​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា ប្រជាជន​អាច​មិនបង់​នៅ​ពេល​នេះ​បាន​ ប៉ុន្តែ​ពួកគេ​នៅតែ​ជាប់​កាតព្វកិច្ច​ពន្ធ​ដដែល នៅ​ពេល​ដែល ​ពួកគេ​លក់​អចលនទ្រព្យ​នោះ។ និយាយ​បែប​ផ្សេង​មានន័យ​ថា ពួកគេ​មិន​អាច​គេច​រួច​ពី​ការ​បង់ពន្ធ​បាន​ឡើយ។

លោក ស៊ឹង​ ប៊ុណ្ណា នាយក​ទីភ្នាក់ងារ​អចលនទ្រព្យ​ប៊ុណ្ណារៀលធី​បាន​និយាយ​ទៀត​ថា ប្រាក់​បាន​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​គឺ​ដើម្បី​បម្រើ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ជាតិ។

សូម​បញ្ជាក់​ថា ទីផ្សារ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដួល​សន្លប់​តាំង​ពី​ឆ្នាំ​២០០៨​មក​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ទីផ្សារ​អចលនទ្រព្យ​បាន​ងើប​ឡើង​វិញ​បន្តិច ។ ហើយ​នៅ​ឆ្នាំ​ក្រោយ​ ទីផ្សារ​នឹង​កាន់​តែ​ប្រសើរ​ថែម​ទៀត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ