បស្ចិមប្រទេសនិងរុស្ស៊ីខ្វែងគំនិតគ្នា ក្នុងកិច្ចប្រជុំទាក់ទងស៊ីរី
ថ្វីដ្បិតតែសហរដ្ឋអាមេរិកនិងរុស្ស៊ី បានសំរេចចេញនូវកិច្ចព្រមព្រៀងសំរេចអោយមានការរំលាយអាវុធគីមីនៅស៊ីរីក្តី ក៏ភាគីទាំង២នៅតែបន្តខ្វែងគំនិតគ្នាដដែល ចំពោះមធ្យោបាយដែលនាំទៅដល់ការរំលាយអាវុធគីមីនេះ។ នៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយវិបត្តិស៊ីរី កាលពីយប់ថ្ងៃអង្គារម្សិលមិញ ប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនបានផ្តល់លទ្ធផលអ្វីទំាងអស់។ រុស្ស៊ីចង់ចៀសវាងរាល់សេចក្តីសំរេចនៅអង្គការសហប្រជាជាតិ ដែលប្រឆាំងទៅនឹងរដ្ឋាភិបាលស៊ីរី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣១
ក្នុងកិច្ចប្រជុំសមាជិកអចិន្ត្រៃយ៍ទាំង៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្រុងញូវយកសហរដ្ឋអាមេរិកនិងបារាំង បានបង្ហាញការជឿជាក់ថា គឺរដ្ឋាភិបាលស៊ីរីតែម្តង ដែលបានបង្កការវាយប្រហារដោយអាវុធគីមី សម្លាប់ជនស៊ីវិល កាលពីថ្ងៃ២១សីហា កន្លងទៅ។ ប៉ុន្តែ សំរាប់រុស្ស៊ី គឺក្រុមឧទ្ទាមស៊ីរីទៅវិញទេ ដែលបានប្រើអាវុធគីមីទាំងនោះ។
បណ្តាបស្ចិមប្រទេសចង់សំរេចអោយមានទណ្ឌកម្មជាក់ស្តែងប្រឆាំងស៊ីរី ប្រសិនបើរដ្ឋាភិបាលក្រុងដាម៉ាសមិនព្រមសហការ។ ប៉ុន្តែ រុស្ស៊ីមិនទាន់មានបំណងដាក់ទណ្ឌកម្មអ្វីទេ នៅពេលនេះ។ ទណ្ឌកម្មអាចធ្វើបាននៅពេលក្រោយ ក្នុងករណីចាំបាច់។
បញ្ហាដែលមិនចុះសម្រុងគ្នា ក្នុងកិច្ចប្រជុំថ្ងៃអង្គារដែរនោះ គឺទាក់ទងនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ។ បារាំងចង់អោយតុលាការនេះកាត់ទោសបទឧក្រិដ្ឋសង្គ្រាមនោស៊ីរី ដោយចាប់ផ្តើមពីសំណុំរឿងនៃការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃ២១សីហា។ ប៉ុន្តែ សំណើនេះប្រហែលជានឹងត្រូវច្រានចោល ព្រោះថា មិនមែនមានតែរុស្ស៊ីទេ ដែលមិនយល់ស្រប សូម្បីតែអាមេរិក និងអង់គ្លេសក៏មិនបានគិតថាវាមានលក្ខណៈសំខាន់អ្វីនោះដែរ។ ប្រធានអង្គការសហប្រជាជាតិ លោក បាន គីមូន បានជំរុញអោយប្រទេសទាំង៥នៃក្រុមប្រឹក្សាសន្តិសុខ រួបរួមគ្នា ដើម្បីដោះស្រាយវិបត្តិស៊ីរី។
ដោយឡែក នៅថ្ងៃពុធនេះ ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្កី ឡាវ៉្រូវ បានចោទអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ ដែលបានស៊ើបអង្កេតពីការវាយប្រហារដោយអាវុធគីមីនៅស៊ីរីនោះ ថាបានកាន់ជាបក្សពួក ដើម្បីប្រឆាំងទៅនឹងរដ្ឋាភិបាលស៊ីរី។ លោក ឡាវ៉្រូវ បន្ថែមថា ការសន្និដ្ឋានក្នុងរបាយការណ៍ទាក់ទងអាវុធគីមីរបស់អ្នកស៊ើបអង្កេតទាំងនោះ គ្រាន់តែជាការសន្និដ្ឋានបែបផែននយោបាយប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ