អានតួអត្ថបទ
វៀតណាម

ជំនួប​កំពូល​អាស៊ាន ៖ ចិន​​ព្យាយាម​បញ្ចុះបញ្ចូល​ប្រទេស​មួយ​ចំនួន​ឲ្យ​គំាទ្រ​ខ្លួន

ថ្ងៃ​សុក្រ ទី២៩ តុលា​នេះ ជា​ថ្ងៃ​ទី២​នៃ​ជំនួប​កំពូល​អាស៊ាន​លើក​ទី១៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ជំនួប​កំពូល​ថ្ងៃទី២​ដែល​ជា​ជំនួប​រវាង​អាស៊ាន និង​ប្រទេស​ដៃ​គូ​របស់​អាស៊ាន រួម​មាន ៖ កិច្ច​ប្រជុំ​កំពូល​អាស៊ាន ជប៉ុន អាស៊ាន ចិន និង​អាស៊ាន កូរ៉េ​ខាង​ត្បូង​លើក​ទី ១៣។ បន្ទាប់​មក គឺ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អង្គការ​សហប្រជាជាតិ​លើក​ទី ៣។ តែ​ទន្ទឹម​គ្នា​នេះ ក៏​មាន​ជំនួប​ទ្វេភាគី​ដែល​តែង​តែ​បាន​រៀប​ចំ​ឡើង​នៅ​ក្រៅ​ក្របខ័ណ្ឌ​ជំនួប​កំពូល​អាស៊ាន។ ជាក់​ស្តែង​កាល​ពី​យប់​មិញ ជំនួប​ទ្វេភាគី​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្រ្តី​ចិន វេង យ៉ាបាវ បន្ទាប់​មក ជំនួប​ទ្វេ​ភាគី​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ និង​លោក​នាយក​រដ្ឋមន្រ្តី​ថៃ អាភីស៊ីត។

រូបថត​អនុស្សាវរីយ៍​​ក្នុង​ថ្ងៃ​ជំនួប​កំពូល​អាស៊ាន​ជាមួយ​ប្រទេស​ជា​ដៃ​គូ
រូបថត​អនុស្សាវរីយ៍​​ក្នុង​ថ្ងៃ​ជំនួប​កំពូល​អាស៊ាន​ជាមួយ​ប្រទេស​ជា​ដៃ​គូ © Reuters
ផ្សាយពាណិជ្ជកម្ម

 

08:47

បទ​អន្តរាគមន៍​របស់​ គួច គន្ធារ៉ា ពីទីក្រុង​ហាណូយ

នៅ​ក្នុង​ជំនួប​ជា​មួយ​ប្រទេស​ចិន លោក​នាយក​រដ្ឋមន្រ្តី​ចិន វេង យ៉ាបាវ​បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​យ៉ាង​ប្រសើរ និង​ដែល​មាន​តំាង​ពី​យូរលង់​មក​ហើយ​រវាង​ចិន និង​កម្ពុជា។ ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ និង​ល្អ​ថែម​ទៀត​នោះ គឺ​តំាង​ពី​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នៅ​ក្នុង​ប្រទេស​ចិន កាល​ពី​ឆ្នំា ២០០៦។ សូម​ជម្រាប​ជូន​ថា ចិន​ជា​ប្រទេស​មួយ​ដែល​បាន​ផ្តល់​ជំនួយ​ជួយ​អភិវឌ្ឍន៍​កម្ពុជា​យ៉ាង​ច្រើន​នា​ពេល​កន្លង​មក។ ជាក់ស្តែង​នា​ពេល​ថ្មីៗ​ចុង​ក្រោយ ជំនួយ​ជា​រថយន្ត​យោធា​ចំនួន ២៥៧​គ្រឿង។

ដោយ​ឡែក​នៅ​ក្នុង​ជំនួប​យប់​មិញ​ទៀត កម្ពុជា​បាន​សុំ​ខ្ចី​ប្រាក់​ពី​ចិន​ក្នុង​តម្លៃ​ការ​ប្រាក់​ទាប ដើម្បី​យក​ទៅ​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ជាតិ​ដែល​មាន​ចំនួន ១៦​គម្រោង​ក្នុង​រយៈពេល ៥ឆ្នំា និង​ដែល​ក្នុង​មួយ​ឆ្នំាៗ​ត្រូវ​ចំណាយ​ពី ៣០០ ទៅ ៣៥០​លាន​ដុល្លារ​អាមេរិក។ ទាក់ទង​នឹង​គម្រោង​សង់​ផ្លូវដែក​ត​ភ្ជាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់ ពី​កំណត់​ផ្លូវ​បាត់ដឹង ទៅ​ស្រុក​ស្នួល​ក្នុង​ខេត្ត​ក្រចេះ ឆ្លង​ទៅ​វៀតណាម​វិញ កម្ពុជា​បាន​សុំ​ខ្ចី​​លុយ​ចិន​ចំនួន ៦០០​លាន​ដុល្លារ។

និយាយ​ពី​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ចិន និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​វិញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​បញ្ជាក់​ពី​ជំហរ​កម្ពុជា​ដែល​មិន​ចង់​ឃើញ​ជម្លោះ​នេះ ក្លាយ​ទៅ​ជា​ជម្លោះ​រវាង​ចិន និង​អាស៊ាន​ទំាង​មូល​ទេ។ កម្ពុជា​ចង់​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​នេះ ជា​លក្ខណៈ​ឧភតោ​ភាគី ជា​មួយ​ភាគី​ពាក់ព័ន្ធ និង​ឲ្យ​ការ​ដោះស្រាយ​នោះ​មាន​តម្លាភាព យុត្តិធម៌ និង​ដោយ​សន្តិវិធី។

ជា​ការ​ឆ្លើយ​តប​វិញ ចិន​បាន​ថ្លែង​អរគុណ​រដ្ឋាភិបាល​ខ្មែរ​ដែល​បាន​ប្រកាន់​ជំហរ​​ដូច​ដែល​ចិន​ចង់​បាន។ ជា​កាដូ​អនុស្សាវរីយ៍ ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ចំនួន ១០០​លាន​យ័ន។

និយាយ​ពី​ទ្វេ​ភាគី​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្រ្តី​ថៃ អាភីស៊ីត​វិញ នេះ​ជា​ជំនួប​លើក​ទី៣​ហើយ​ គិត​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ។ ជំនួប​លើក​ទី​១​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋ​អាមេរិក​ក្នុង​ឱកាស​ជំនួប​កំពូល​អាស៊ាន-​អាមេរិក​កាល​ពី​ថ្ងៃ​ទី ២៤ កញ្ញា។ ជំនួប​លើក​ទី​២​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក​​ក្នុង​ឱកាស​ជំនួប​កំពូល​អាស៊ាន​-អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី ៤ និង​៥​តុលា​នេះ។ នៅ​ក្នុង​ជំនួប​កាល​ពី​យប់​មិញ លោក​អាភីស៊ីត​បាន​សំដែង​ការ​អរគុណ​ចំពោះ​លោក​ហ៊ុន សែន ដែល​បាន​ផ្ញើ​សារ​ជួយ​រំលែកទុក​ប្រជារាស្រ្ត​ថៃ​ស្លាប់​ដោយ​​ទឹក​ជំនន់។ ទាក់ទង​នឹង​ជម្លោះ​ព្រំដែន​វិញ លោក​ហ៊ុន សែន​បាន​ទាមទារ​ឲ្យ​លោក​អាភីស៊ីត​ជម្រុញ​សភា​ថៃ​អនុម័ត​នូវ​កិច្ចព្រមព្រៀង​រៀបចំ​បោះ​បង្គោល​ព្រំដែន​រវាង​គ្នា និង​ថា លោក​យល់​អំពី​ការ​លំបាក​របស់​លោក​អាភីស៊ីត​នៅ​ក្នុង​បញ្ហា​នេះ។ មួយ​វិញ​ទៀត ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​ការ​ផ្សាយ​ជា​សាធារណៈ នូវ​ព័ត៌មាន​ទំាង​ឡាយ​ណា​ដែល​គ្មាន​ការ​ពិត ឬ​មួយ​ក៏​មិន​ទាន់​បាន​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន។

ជា​រួម​ទៅ ​ឃើញ​ថា ពិត​មែន​តែ​គន្លឹះ​បញ្ហា​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ក៏​ដោយ ក៏​ជំនួប​ញឹកញាប់​រវាង​​ប្រមុខ​រដ្ឋាភិបាល​ទំាង​ពីរ​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ឡើង​រវាង​គ្នា។ គម្រោង​ជួប​លើក​ទី៤ គឺ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ក្នុង​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាង​មុខ នា​ឱកាស​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​កំពូល AMEC។​

ជំនួប​អាស៊ាន ជាមួយ​ប្រទេស​ដៃគូ

មាន​ជំនួប​ចំនួន​៥ គឺ​ជំនួប​កំពូល​អាស៊ាន ជប៉ុន អាស៊ាន កូរ៉េខាងត្បូង អាស៊ាន ចិន អាស៊ាន បូក៣ គឺ​ជាមួយ​ជប៉ុន ចិន និង​កូរ៉េ​ខាង​ត្បូង។ ចុង​ក្រោយ គឺ​ជំនួប​កំពូល​អាស៊ាន អង្គការ​សហប្រជាជាតិ។ តែ​ដំបូង គឺ​ជំនួប​កំពូល​មេគង្គ អាស៊ាន​លើក​ទី២។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន ណាអូតូ កាន់ និង​មេដឹកនំា​អាស៊ាន​ទំាង​៥​ប្រទេស​គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឬ​ភូមា ថៃ និង​ប្រទេស​វៀតណាម បាន​អនុម័ត​លើ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បញ្ជាក់​ពី​ការ​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​​ប្រជាជាតិ​នៅ​ក្នុង​តំបន់​មេគង្គ។ ទន្ទឹម​គ្នា​នេះ មាន​ឯកសារ​ចំនួន​ពីរ​ទៀត​ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ផង​ដែរ ទីមួយ៖ ផែនការ​សកម្មភាព​​លើ​គំនិត​ផ្តួចផ្តើម​ដែល​មាន​ឈ្មោះ​ថា « ទសវត្សរ៍​មួយ​ឆ្ពោះ​ទៅ​មេគង្គ​បៃតង » ដែល​ត្រូវ​បាន​ឯកភាព​គ្នា​កាល​ពី​ឆ្នំា ២០០៩។ ឯកសារ​ទីពីរ៖ គឺ​ស្តីពី​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​ជប៉ុន-​មេគង្គ។ សូម​ជម្រាប​ជូន​ថា ជប៉ុន​តែង​បាន​ចាត់​ទុក​តំបន់​ទន្លេ​មេគង្គ​ថា មាន​សារៈសំខាន់​ក្នុង​ការ​ធានា​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​នៅ​អាស៊ី​ខាង​កើត និង​ក៏​ជា​ប្រភព​ធនធាន​ដ៏​មាន​សក្តានុពល​ខាង​ពាណិជ្ជកម្ម។
 

ពី​ឆ្វេង​ទៅ​ស្តាំ ៖ នាយក​រដ្ឋមន្ត្រី​ភូមា ថៃ ជប៉ុន វៀតណាម ខ្មែរ និង​​ឡាវ
ពី​ឆ្វេង​ទៅ​ស្តាំ ៖ នាយក​រដ្ឋមន្ត្រី​ភូមា ថៃ ជប៉ុន វៀតណាម ខ្មែរ និង​​ឡាវ © Reuters

ចំពោះ​ជំនួប​កំពូល​អាស៊ាន ជប៉ុន​លើក​ទី ១៣។ ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​ជប៉ុន​បាន​ពិនិត្យ​ឡើង​វិញ និង​ដាក់​ចេញ​នូវ​ទិសដៅ​សម្រាប់​ការ​អភិវឌ្ឍន៍​ទៅ​ថ្ងៃ​ខាង​មុខ ក៏​ដូច​ជា​ការ​ពិនិត្យ​បញ្ហា​ក្នុង​តំបន់ និង​បញ្ហា​អន្តរជាតិ ដែល​ជា​ក្តី​បារម្ភ​ទំាង​អស់​គ្នា។ អាស៊ាន និង​ជប៉ុន​បាន​សន្យា​ស្វះស្វែង​រក​សក្តានុពល​ផ្សេង​ទៀត​ ដើម្បី​ចូល​រួម​ចំណែក​បង្កើន​ល្បឿន​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា។

ជំនួប​កំពូល​អាស៊ាន​-កូរ៉េ​ខាង​ត្បូង​លើក​ទី ១៣។ ក្នុង​ជំនួប​នេះ អាស៊ាន និង​កូរ៉េ​ខាង​ត្បូង​បាន​ពិនិត្យ​មើល​ឡើង​វិញ និង​ដាក់​ចេញ​នូវ​ផែនការ​អនាគត។ អាស៊ាន និង​កូរ៉េ​ខាងត្បូង​បាន​អនុម័ត​លើ​សេចក្តី​ប្រកាស​រួម​មួយ​ ស្តីពី​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត ដើម្បី​សន្តិភាព និង​វិបុលភាព និង​អនុម័ត​លើ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​សេចក្តី​ប្រកាស​រួម​ ស្តីពី​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត ដើម្បី​សន្តិភាព និង​វិបុលភាព​សម្រាប់​ឆ្នាំ ២០១១-២០១៥។ ទន្ទឹម​គ្នា​នេះ អាស៊ាន​បាន​សម្តែង​ការ​រីករាយ​ចំពោះ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-កូរ៉េខាងត្បូង​នា​ពេល​កន្លង​មក។

និយាយ​ពី​ជំនួប​កំពូល​អាស៊ាន ចិន​លើក​ទី​១៣ ​វិញ ភាគី​ទំាង​ពីរ​បាន​អនុម័ត​លើ​សេចក្តី​ថ្លែង​ការណ៍​​រួម​មួយ​ស្តីពី​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចេរភាព និង​អនុម័ត​លើ​ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​សេចក្តី​ប្រកាស​រួម​ស្តីពី​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត ដើម្បី​សន្តិភាព និង​វិបុលភាព​សម្រាប់​ឆ្នំា ២០១១ ២០១៥។

បន្ទាប់​មក​ទៀត គឺ​ជំនួប​កំពូល​អាស៊ាន បូក៣។ ក្នុង​ជំនួប​នេះ អាស៊ាន បូក៣​បាន​កំណត់​ទិសដៅ​អនាគត​របស់​កិច្ចសហប្រតិបត្តិការ​របស់​ខ្លួន ទីមួយ ៖ ធ្វើ​ការ​តាម​ដាន​ជាមួយ​យន្តការ​អាស៊ាន​បូក​៣ តាម​ផ្នែក​ជំនាញ ស្តីពី​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍន៍​ជីវថាមពល ដែល​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នំា​មុន នៅ​ប្រទេស​ថៃ។ ទីពីរ៖ ជម្រុញ​បង្កើត​យន្តការ​អចិន្រ្តៃយ៍​ ស្តីពី​គម្រោង​បម្រុង​អង្ករ​អាស៊ាន​បូក​៣​សម្រាប់​ភាព​បន្ទាន់ និង​ទីបី ៖ តាម​ដាន​ការ​អនុវត្តន៍​សេចក្តី​ថ្លែង​ការណ៍​រួម​លើក​ទី​២ ស្តីពី​កិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ា និង​ផែនការ​ការងារ​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ាន​បូក​៣ ឆ្នំា ២០០៧-២០១៧។

ចំណែក​ជំនួប​កំពូល​អាស៊ាន អង្គការ​សហប្រជាជាតិ​លើក​ទី​៣​វិញ គឺ​ក្នុង​គោលដៅ​ពិនិត្យ​ឡើង​វិញ ពង្រីក និង​ធ្វើ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​ក៏​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​អាស៊ាន អង្គការសហប្រជាជាតិ។ ជំនួប​កំពូល​អាស៊ាន អង្គការសហប្រជាជាតិ ដែល​មាន​វត្តមាន​របស់​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ចិន​ព្យាយាម​បញ្ជុះបញ្ចូល​ប្រទេស​មួយ​ចំនួន​ឲ្យ​គំាទ្រ​ខ្លួន

បើ​និយាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​អាស៊ាន​ក្តី ឬ​មួយ​អាស៊ាន ជា​មួយ​ដៃគូ​របស់​ខ្លួន​ក្តី សំណុំ​រឿង​នេះ​មិន​ត្រូវ​បាន​គេ​លើក​ឡើង​ជា​ចំហ​ទេ។ សម្រាប់​ប្រទេស​ចិន គឺ​ច្បាស់​ណាស់ នេះ​មិន​មែន​ជា​សំណុំ​រឿង​មួយ​ដែល​ត្រូវ​និយាយ​ជា​ពហុភាគី​ទេ តែ​ជា​ឧភតោ​ភាគី។ សូម​រម្លឹក​ជូន​ថា ជម្លោះ​ដែន​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ទាក់ទង​នឹង​ប្រជុំ​កោះ Prracel និង​Spratly គឺ​ជា​ជម្លោះ​រវាង​ចិន និង​ប្រទេស​អាស៊ាន​ចំនួន​៤ ក្នុង​នោះ​ក៏​មាន​វៀតណាម​ផង​ដែរ។ រីឯ​ជម្លោះ​ដែន​ដី​នៅ​សមុទ្រ​ចិន​ខាង​កើត ទាក់ទង​នឹង​ទីប្រជុំ​កោះ Senkaku គឺ​ជា​ជម្លោះ​រវាង​ចិន និង​ជប៉ុន បូក​តៃវ៉ាន់។

ប៉ុន្តែ អ្វី​ដែល​ត្រូវ​បាន​កត់​សម្គាល់​នៅ​ទីនេះ​គឺ​ថា ទោះបី​ជា​ប្រធាន​រឿង​នេះ​មិន​ត្រូវ​បាន​លើក​យក​ទៅ​និយាយ​ជា​ផ្លូវការ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ចិន​បាន​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ប្រទេស​មួយ​ចំនួន​នៅ​ទីនេះ តាម​រយៈ​កិច្ចចរចា​ជា​ឧភតោ​ភាគី ពិសេស​ប្រទេស​អាស៊ាន​ដែល​មិន​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដែនដី​នេះ កុំ​ឲ្យ​ឈឺ​ឆ្អាល។

តែ​នេះ​មិន​មែន​មាន​ន័យ​ថា គន្លឹះ​នៃ​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ ព្រោះ​ថា ជម្លោះ​ដែនដី​មិន​មែន​កម្រិត​ត្រឹម​ការ​ដណ្តើម​កោះ​គ្នា​កាន់​កាប់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ទាក់ទង​ផង​ដែរ​នឹង​សិទ្ធិ​ធ្វើ​ចរាចរ​ផ្លូវ​សមុទ្រ​ដែល​បញ្ហា​នេះ វា​ទូលំទូលាយ និង​ទាក់ទង​ដល់​ប្រទេស​ផ្សេង​ទៀត មាន​ទំាង​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ