អានតួអត្ថបទ
ជប៉ុន-សហភាពអឺរ៉ុប

ជំនួបប្រជុំ​សហភាព​អឺរ៉ុប​និង​ជប៉ុន​តាម​ទូរសព្ទ​

នៅ​​ថ្ងៃ​ចន្ទ​នេះ នាយករដ្ឋមន្ត្រី​​ជប៉ុន​​ ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប និង​ប្រធាន​គណកម្មការ​អឺរ៉ុប នឹង​ជួប​ពិភាក្សា​គ្នា​តាម​​ទូរសព្ទ​ ​​​​ដើម្បី​​​សំរេច​អោយ​បាន​​​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​រវាង​​​អឺរ៉ុប និង​ជប៉ុន។ធម្មតា​មេដឹកនាំ​ទាំង​បីរូប​​ត្រូវ​ជួប​ប្រជុំត​ទល់​មុខ​​គ្នា​ នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង​តូក្យូ ប៉ុន្តែដោយ​សារ​តែ​​​​វិបត្តិ​នៅ​ប្រទេស​ស៊ីប​ ​ពួកគេ​​បាន​ប្តូរទិសដៅ​មក​​ពិភាក្សា​តាម​ទូរសព្ទ​វិញ។

នៅ​​អឺរ៉ុប ជប៉ុន​​ប្រឈម​មុខ​នឹង​ការ​ប្រកួត​​ប្រជែង​ផ្នែក​យាន​យន្ត​​និង​អេឡិចត្រូនិក ​​ជាមួយ​​កូរ៉េ​ខាង​ត្បូង។
នៅ​​អឺរ៉ុប ជប៉ុន​​ប្រឈម​មុខ​នឹង​ការ​ប្រកួត​​ប្រជែង​ផ្នែក​យាន​យន្ត​​និង​អេឡិចត្រូនិក ​​ជាមួយ​​កូរ៉េ​ខាង​ត្បូង។ Bloomberg via Getty Images
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​នេះ នាយករដ្ឋមន្ត្រី​​ជប៉ុន លោក Shinzo Abe ​​ ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក​ Herman Van Rompuy និង​ប្រធាន​គណកម្មការ​អឺរ៉ុប លោក​ José Manuel Barroso នឹង​​ជួប​ពិភាក្សា​គ្នា​តាម​​ទូរសព្ទ​ ​​​​ដើម្បី​សំរេច​​អោយ​ចេញ​នូវ​​​​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​រវាង​​​អឺរ៉ុប និង​ជប៉ុន។

វិបត្តិ​នៅ​ប្រទេស​ស៊ីប បានតំរូវ​អោយ​ពួកគេ​​ប្តូរ​​​​ការ​ប្រជុំពី​ការ​ពិភាក្សា​តទល់​មុខ​គ្នា​ មក​ជា​កា​រ​ពិភាក្សា​តាម​ទូរសព្ទ​វិញ។ យោង​តាម​រដ្ឋាភិបាល​ជប៉ុន ក្នុង​កិច្ច​ប្រជុំ​តាម​ទូរសព្ទ​នេះ​ មេដឹកនាំ​​សហភាព​អឺរ៉ុប​នឹង​ពន្យល់​ពី​ស្ថានភាព​​នៅ​ប្រទេស​ស៊ីបដល់​​នាយករដ្ឋមន្ត្រី​​ជប៉ុន។​ ហើយ​​​​​​ប្រធានបទ​ក្នុង​កិច្ច​ប្រជុំ​ នឹង​ផ្តោត​​ទៅលើ​​ការ​បន្ត​​កិច្ច​សហប្រតិបត្តិការ​គ្នា​​លើ​ផ្នែក​សេដ្ឋកិច្ច​និង​​កិច្ច​ព្រមព្រៀង​​​នយោបាយ​​ រវាង​ជប៉ុន​និង​សហភាព​អឺរ៉ុប។

​គួរ​កត់​សំគាល់​ថា សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​និង​ជប៉ុនបូក​​រួម​​គ្នា មាន​តំលៃ​ស្មើ​នឹង​មួយភាគ​បី នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ពិភពលោក។  ប៉ុន្តែ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ ការ​នាំ​ចេញ​ផលិតផល​​​​អឺរ៉ុប​​ចូល​ក្នុង​​ប្រទេស​ជប៉ុន​​មាន​ការ​ធ្លាក់ចុះ​​​ ធ្វើ​អោយ​ចំណាត់​ផ្នែក​នេះ​ក៏​ធ្លាក់​ចុះ​តាម​នោះ​ដែរ គឺ​ពី​ចំណាត់​ថ្នាក់​លេខ​៣​​ដែល​ធ្លាប់​តែ​​ទទួល​បាន​កាល​ពី​១០​ឆ្នាំ​មុន ធ្លាក់​មក​ដល់​ចំណាក់​ថ្នាក់​លេខ​​៧​ សំរាប់​ពេល​​បច្ចុប្បន្ន​។ ​​

យោង​តាម​​​លោក Karel De Gucht ដែល​ជា​​​​ស្នងការ​ផ្នែក​សេដ្ឋកិច្ចនៅ​​អឺរ៉ុបមួយ​រូប ការ​រឹត​បន្តឹង​ផ្នែក​បញ្ជាទិញ​សាធារណៈ គោលការណ៍​​ខុសពី​​គ្នា​​ផ្សេងៗ​​ ​ បទបញ្ជា​​នានា​ដែល​មាន​លក្ខណៈ​រើស​អើង សុទ្ធសឹង​​​​ជា​ឧបសគ្គ​​​បង្ក​ការ​​រាំងស្ទះ​ដល់​​ដំណើរការ​លូតលាស់​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សហភាព​អឺរ៉ុប​និង​ជប៉ុន នា​ពេល​បច្ចប្បន្ន​។

ដូច្នេះ នៅ​ថ្ងៃ​ចន្ទនេះ ​គន្លឹះ​សំខាន់​​ក្នុង​កិច្ច​ពិភាក្សារវាង​សហភាព​អឺរ៉ុប​និង​ជប៉ុន គឺ​ត្រូវ​ផ្តោត​​ទៅ​​​​លើ​ការរក​វិធានការ​ដើម្បី​ដោះ​ស្រាយ​​​​បញ្ហា​នេះ​​ផងដែរ។

ការអនុវត្តន៍​​​​​កិច្ច​ព្រមព្រៀង​ពាណិជ្ចកម្ម​សេរី​​​លើ​ទ្រព្យ​សម្បត្តិ សេវាកម្ម​ ការវិនិយោគ​នានា ផ្នែក​ចំណេះដឹង​ និង​ផ្នែក​បញ្ជាទិញ​សាធារណៈ​ នឹង​អាច​អោយ​ផលិតផល​ក្នុងស្រុក​របស់​សហភាព​អឺរ៉ុប​​​​កើន​ឡើង​​បាន​០,៨​ភាគរយ។

ទន្ទឹម​នេះ​ដែរ ប្រទេស​ជប៉ុន​ចង់​អោយ​សំរេច​បាន​​​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​អឺរ៉ុប​​ ដើម្បី​គាំទ្រ​​ឧស្សាហកម្ម​អេឡិចត្រូនិក និង​យានយន្ត​របស់​ខ្លួន ព្រោះ​ថា​នៅ​ទ្វីបអឺរ៉ុប ជប៉ុន​កំពុង​តែ​​ប្រឈម​មុខ​នឹង​ការ​ប្រកួត​​ប្រជែង​ផ្នែក​យាន​យន្ត​​និង​អេឡិចត្រូនិក ​​ជាមួយ​នឹង​​ប្រទេស​​​កូរ៉េ​ខាង​ត្បូង។ គួរ​រំលឹក​ថា ក្រុង​សេអ៊ូល​​​ធ្លាប់​បាន​សំរេច​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី ​ជាមួយ​​សហភាព​អឺរ៉ុ​ប​រួច​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ