អានតួអត្ថបទ
កម្ពុជា-ជប៉ុន

ព្រះមហាក្សត្រ​នឹងយាងធ្វើ​ទស្សនកិច្ច​នៅប្រទេសជប៉ុន​នៅចុង​សប្តាហ៍នេះ​

ព្រះ​មហាក្សត្រ​កម្ពុជា​ព្រះបាទ​ព្រះ​បរមនាថ​នរោត្តម​សីហមុនី ព្រះអង្គ​នឹង​យាង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៦​ឧសភា​នេះ​ទៅ។ រដ្ឋាភិបាល​កម្ពុជា​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ពង្រឹង​អោយ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ចំណង​មិត្តភាព និង​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​នៃ​ប្រទេស​ទាំងពីរ។

ព្រះមហាក្សត្រ​នឹងយាងធ្វើ​ទស្សនកិច្ច​នៅប្រទេសជប៉ុន​នៅចុងសប្តាហ៍នេះ​
ព្រះមហាក្សត្រ​នឹងយាងធ្វើ​ទស្សនកិច្ច​នៅប្រទេសជប៉ុន​នៅចុងសប្តាហ៍នេះ​ ©RFI
ផ្សាយពាណិជ្ជកម្ម

01:47

សេចក្តីរាយការណ៍របស់​ លាង ដឺលុច

ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី​ព្រះអង្គ​នឹង​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ទី​១៦​ខែ​ឧសភា​ចុង​សប្តាហ៍​នេះ ដើម្បី​បំពេញ​ព្រះរាជ​ទស្សន​កិច្ច​រយៈ​ពេល​៥​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន។ នេះ​ជា​លើក​ដំបូង​ហើយ ដែល​ព្រះអង្គ​បាន​យាង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប្រជុំ​កោះ​ជប៉ុន ចាប់​តាំង​ពី​ព្រះអង្គ​យាង​ឡើង​សោយ​រាជ្យ​សម្បត្តិ។

 
លោក កុយ គួង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​ប្រាប់​អោយ​ដឹង​ថា ក្នុង​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​នោះ ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី​ព្រះអង្គ​នឹង​ត្រូវ​ទទួល​ជួប​សវនាការ​ដោយ​ព្រះចៅ​អធិរាជ​ជប៉ុន​អាគីហ៊ីតូ ហើយ​ព្រះអង្គ​ក៏​នឹង​អនុញ្ញាត​អោយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​យូគីអូ ហាតូយ៉ាម៉ា​ចូល​ជួប​សវនាការ​ផង​ដែរ។ លោក កុយ គួង​បាន​អត្ថាធិប្បាយ​លើ​ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ព្រះ​មហាក្សត្រ​នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន​ថា ជា​សញ្ញា​ល្អ​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ល្អ​ថែម​ទៀត​រវាង​ប្រទេស​ទាំងពីរ។

មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​លើ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​បាន​ទេ។ បើ​យោងតាម​បន្ទូល​របស់​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​ដែល​ជា​ទី​ប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​របស់​ព្រះមហាក្សត្រ ដំណើរ​យាង​ទស្សនកិច្ច​នេះ​មាន​តែ​នាំ​ផល​ប្រយោជន៍​មក​អោយ​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ តាម​រយៈ​ការ​ចាប់​អារម្មណ៍​របស់​វិនិយោគិន​ជប៉ុន​ដែល​នឹង​មក​ដាក់​ទុន​នៅ​កម្ពុជា។

ចាប់​តាំង​ពី​ថ្ងៃ​យាង​គ្រង​រាជ្យ​នៅ​ឆ្នាំ​២០០៤ ព្រះ​មហាក្សត្រ​កម្ពុជា​ព្រះបាទ​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ធ្លាប់​បាន​យាង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​វៀតណាម ប្រទេស​បារាំង ប្រទេស​ឆេក ប្រទេស​ចិន។ គួរ​បញ្ជាក់​ថា ព្រះរាជ​ដំណើរ​យាង​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​បន្ទាប់​ពី​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះអង្គ​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៥​ខែ​ឧសភា​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ