អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រជាជន​ទទួល​បាន​៤៦​អាសនៈ​ បក្សសម​ រង្ស៊ី​ទទួល​បាន​១១​អាសនៈ​

គណៈ​កម្មាធិការ​​ជាតិ​​​រៀបចំ​ ​ការ​ ​បោះឆ្នោត​​ ​នៅ​​មិន​​ទាន់​​ប្រកាស​​លទ្ធផល​​ជា​​ផ្លូវការ​​នៅ​ឡើយ​​មែន​ ប៉ុន្តែ​​លទ្ធផល​​បឋម​​បង្ហាញ​​ថា ​គណបក្ស​​ប្រជាជន​​កម្ពុជា​​ទទួល​​បាន​​៤៦​​អាសនៈ ​ហើយ​​គណបក្ស​​សមរង្ស៊ី​​ទទួល​​បាន ​​១១​​អាសនៈ​​នៅ​​ក្នុង​​ការ​​បោះឆ្នោត​​ជ្រើសតាំង​​សមាជិក​​ព្រឹទ្ធ​សភា​​​នេះ។ រហូត​​ដល់​​ពេល​​នេះ​​គឺ​​​មាន​​បណ្តឹង​​តែ​​មួយ​​ទេ​ ពី​​គណបក្ស​​សម រង្ស៊ី។​ ការ​​ប្រកាស​​លទ្ធផល​​ផ្លូវការ​​នឹង​​អាច​​ធ្វើ​​នៅ​​ដើម​​សប្តាហ៍​​ក្រោយ។

លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន​​ បោះ​ឆ្នោត​ជ្រើស​តាំង​​សមាជិក​ព្រឹទ្ធសភា​
លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន​​ បោះ​ឆ្នោត​ជ្រើស​តាំង​​សមាជិក​ព្រឹទ្ធសភា​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

នៅ​តែ​រង់ចាំ​នីតិវិធី​នៃ​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ទេ ដែល​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​​​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក​ ទេព នីថា​ថ្លែង​ថា​ វា​នឹង​អាច​ធ្វើ​នៅ​ថ្ងៃ​ទី​៦​កុម្ភៈ​ដើម​សប្តាហ៍​ក្រោយ។ ប៉ុន្តែ​លទ្ធផល​ដែល​គេ​បាន​ដឹង​បាន​ខ្លះ​ពី​មុន​ការ​បោះឆ្នោត​ ហើយ​ដែល​វា​បាន​ត្រូវ​គ្នា​នឹង​លទ្ធផល​បណ្តោះអាសន្ន​បច្ចុប្បន្ននោះ គឺ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អាសនៈ​៤៦ រីឯ​គណបក្ស​សម រង្ស៊ី​នឹង​ទទួល​បាន​១១​អាសនៈ​នៅ​ក្នុង​ស្ថាប័ន​សភា​ជាន់ខ្ពស់​នីតិកាល​ទី​៣​នេះ។

លោក​អ៊ក គឹមហាន​​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បន្ទុក​ការ​បោះឆ្នោត ​បាន​ថ្លែង​ប្រាប់​​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នឹង​ទទួល​បាន​អាសនៈ​៤៦​ដែល​ចំនួន​នេះ​លើស​ពី​ចំនួន​អាសនៈ​នីតិកាល​ទី​២​ដែល​មាន​៤៥​អាសនៈ។

លោក​អ៊ក គឹមហាន​អត្ថាធិប្បាយ​ថា​លោក​ពេញចិត្ត​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត ហើយ​ថា​គណបក្ស​ប្រជាជនកម្ពុជា​បាន​ទទួល​សម្លេង​គាំទ្រ​ពី​គណបក្ស​នានា​ចំនួន​៧៩៧​សំឡេង​ទៀត​ផង។

លោក​គួយ ប៊ុនរឿន​ តំណាង​គណបក្ស​សម រង្ស៊ី​វិញ​ថ្លែង​ថា ថ្វីដ្បិត​តែ​គណបក្ស​សម រង្ស៊ី​បាត់​សម្លេង​១៥៧​សំឡេង​មែន ប៉ុន្តែ​គណបក្ស​លោក​ទទួល​បាន​អាសនៈ​កើនឡើង​ពី​ចំនួន​២​នៅ​ក្នុង​នីតិកាល​ទី​២​រហូត​ដល់​១១​អាសនៈ​នៅ​ក្នុង​នីតិកាល​ទី​៣​នេះ។

ប៉ុន្តែ​ថា សម្រាប់​គណបក្ស​សម រង្ស៊ី​វិញ​ក្រោយ​ពី​ការ​បោះឆ្នោត​ចប់​សព្វ​គ្រប់ គណបក្ស​នេះ​អាច​នឹង​មាន​វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​បាត់បង់​ការ​គាំទ្រ​ចំពោះ​គណបក្ស​ពី​សំណាក់​សមាជិក​​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​តំណែង​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​សម រង្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ