អានតួអត្ថបទ
កម្ពុជា

គណបក្ស​សមរង្ស៊ី ប្រារព្ធ​ខួប​ការវាយប្រហារ​ថ្ងៃ ៥-៦ កក្កដា ឆ្នាំ​១៩៩៧

នៅ​ថ្ងៃ​៦​ កក្កដា ថ្ងៃ​នេះ​គណបក្ស​សមរង្ស៊ី បាន​ប្រារព្ធ​ខួប​លើក​ទី​១៤ នៃ​ព្រឹត្តិការណ៍​វាយប្រហារ​​រវាង​កងកម្លាំង​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ទី​១ គឺ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​អតីត​នាយករដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន នៅ​ទីក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៧​។ ក្នុង​ពិធី​នៅ​ព្រឹក​មិញ លោក សមរង្ស៊ី បាន​ប្រកាស​តាម​រយៈ Video Conference ដើម្បី​ស្វែង​រក​យុត្តិធម៌ ដល់​អ្នកស្លាប់​រាប់រយ​នាក់ ក្នុង​ព្រឹត្តិការណ៍​បង្ហូរឈាម ដែល​លោក ហៅថា ជា​រដ្ឋប្រហារ ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពី​តំណែង​នាយករដ្ឋមន្ត្រី​ទី​១​។​

ពិធីបុណ្យ​ប្រារព្ធ​ខួប​ការ​វាយប្រហា​រ ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ របស់គណបក្ស​សមរង្ស៊ី
ពិធីបុណ្យ​ប្រារព្ធ​ខួប​ការ​វាយប្រហា​រ ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ របស់គណបក្ស​សមរង្ស៊ី RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សមរង្ស៊ី បានរៀបចំ​ពិធី​ជួបជុំ​នៅ​ទីស្នាក់ការ ដែល​មាន​សកម្មជន​ជាង​១០០ នាក់ ចូលរួម។ ពិធី​នៅ​ព្រឹក​មិញ គណបក្សប្រឆាំង​បាន​រៀបចំ​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ១៤ អង្គ តំណាង​ឲ្យ​ខួប​លើក​ទី​១៤ ឆ្នាំ នៃ​ព្រឹត្តិការណ៍​វាយប្រហារ ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧​។

គណបក្សប្រឆាំង បាន​ប្រារព្ធ​ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​ដល់​ព្រឹត្តិការណ៍​បង្ហូរឈាម រវាង​កងកម្លាំង​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ទី​១ ដែល​កាលណោះ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ជាមួយនឹង​កងកម្លាំង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នៅ​ឆ្នាំ​១៩៩៧ ជា នាយករដ្ឋមន្ត្រី​ទី​២​។​

​ព្រឹត្តិការណ៍​បង្ហូរឈាម ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ នាំឲ្យ​ស្លាប់​ទាហាន និង​ឧត្តមសេនីយ៍​រាប់រយ​នាក់ ដែល​ស្មោះស្ម័គ្រ​នឹង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​។​

​ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹក​មិញ តាមរយៈ​វីដេអូ ខន​ហ្វឺ​រេ​ន ពី​ទីក្រុង​ប៉ារីស លោក សមរង្ស៊ី បានប្រកាស​ស្វែងរក​យុត្តិធម៌ សម្រាប់​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​វាយប្រហារ កាលពី​១៤​ឆ្នាំមុន​។​ លោក​សម​រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ផ្តល់​ភស្តុតាង​បន្ថែម​ដល់​រូបលោក ដើម្បី​រៀបចំ​ប្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ចំពោះ​អ្វី​ដែល​លោក​សម​រង្ស៊ី ហៅថា ដើម្បី​ចាប់​ឧក្រិដ្ឋជន ដែល​មាន​បាតដៃ​ប្រឡាក់​ឈាម យក​ទៅ​កាត់ទោស​។ លោក​សម​រង្ស៊ី សំដៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នៅ​ថ្ងៃនេះ ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​តាខ្មៅ ឆ្លងកាត់​ទន្លេ​បាសាក់ បាន​រម្លឹក​ឡើងវិញ​បន្តិច​អំពី​ព្រឹត្តិការណ៍ ថ្ងៃ​៥-៦​កក្កដា ១៩៩៧​។ ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី បាន​ចោទ​ជា​សំណួរ​យ៉ាងខ្លី ក្នុង​ន័យ​ថា រូបលោក ក៏​ជា​អ្នករងគ្រោះ ក្នុង​អំពើ​វាយប្រហារ​នោះដែរ​។

​យ៉ាងណាក៏ដោយ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា អតីតគូសត្រូវ ប៉ុន្តែសព្វថ្ងៃ ជា​សម្ព័ន្ធភាព​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​គណបក្ស​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិន​បាន​ប្រារព្ធ​ពិធី​អ្វី​ធំ​ដុំ ចំ​ថ្ងៃ​ខួប​នៃ​ព្រឹត្តិការណ៍ ដែល​គណបក្ស​ប្រឆាំង ហៅថា ជា​រដ្ឋប្រហារ​នោះឡើយ​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​ប្រជាជន បាន​ហៅ​ការរៀបចំ​ពិធី​របស់​គណបក្ស​សម​រង្ស៊ី នៅថ្ងៃនេះ ថា​ជា​ការ​កេងចំណេញ​ផ្នែក​នយោបាយ​របស់​បក្ស​ប្រឆាំង​សមរង្ស៊ី​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ