អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

រុស្ស៊ី បាន​ប្រគល់​ទៅ​ស៊ីរី​មែន​នូវ​កាំជ្រួច​ធុន Yakhont សម្រាប់​បាញ់​ពន្លិច​នាវា

រុស្ស៊ី​ផ្តល់​អាវុធ​នេះ ដែល​ល្បី​ជា​អាវុធ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ទៅ​ឲ្យ​ស៊ីរី គឺ​នៅ​ចំ​ពេល​ដែល​របប​លោក​ប្រធានាធិបតី Bachar Asad កំពុង​រង​នូវ​ទណ្ឌកម្ម​កាន់តែ​រឹត​បន្តឹង​ឡើង ពី​ខាង​បស្ចិមលោក ដោយ​មាន​ទាំង​ប្រទេស​ឯ​ទៀត​សាមគ្គី​ដាក់​ទណ្ឌកម្ម​ដែរ។ ប៉ុន្តែ​ទីក្រុង​ម៉ូស្គូ អះអាង​ថា អាវុធ​នោះ​ផ្តល់​ទៅ​ស៊ីរី គឺ​ដោយ​ស្រប​នឹង​កុងត្រា​ចុះ​តាំង​ពី​ក្នុង​ឆ្នាំ​២០០៧ម៉្លេះ។

​កាំជ្រួច​បណ្ដែត ធុនYakhont
​កាំជ្រួច​បណ្ដែត ធុនYakhont
ផ្សាយពាណិជ្ជកម្ម

ជាបឋម ដំណឹង​ដែល​មាន គឺ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfax យោង​ទៅ​លើ​ប្រភព​ការទូត​ និង​យោធា នៅ​ក្រុង​ម៉ូស្គូ។

ទាក់ទង​នឹង​សាច់​រឿង​ដែល​មាន លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov បាន​ថ្លែង​ថា ម៉ូស្គូ​ប្រឆាំង​នឹង​ការ​ហាម​ប្រាម មិន​ឲ្យ​លក់​អាវុធ​ទៅ​ស៊ីរី។ គាត់​ថែម​ទាំង​លើក​ជា ឧទាហរណ៍ មក​ផ្គើន​ទៅ​ផង​ថា​ពេល​ដែល​ព្រឹត្តិការណ៍​បោក​កញ្ជ្រោក​នៅ​ប្រទេស​លីប៊ី បស្ចិមលោក ហាម​មិន​ឲ្យ​ផ្តល់​អាវុធ​ទៅ​របប​កាដាហ្វី ប៉ុន្តែ​ខ្លួន​ឯង​វិញ ខំ​បំពាក់​អាវុធ​ដោយ​ចំហ​ត្រង់ៗ ទៅ​ឲ្យ​ភាគី​ប្រឆាំង​នៅ​លីប៊ី មាន​បារាំង និង​ប្រទេស​កាតារ ជាដើម។

ចំណែកលោករដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី Anatoly Serdiukov ថ្លែងថា ស.រ.អា. និង អ៊ីស្រាអែល តែង​បាន​ទទូច​កុំ​ឲ្យ​រុស្ស៊ី​លក់​កាំជ្រួច​បណ្ដែត ធុន Yakhont ទៅ​ប្រទេស​ស៊ីរី​អី ក្រោម​លេស​ថា អាវុធ​នេះ​អាច​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​ភេរវជន​ស្អីណា។ ប៉ុន្តែ ម៉ូស្គូ​មិន​មើល​ឃើញ​អ្វី​ដែល​ជា​ក្តី​ថប់​បារម្ភ​យ៉ាង​នេះ​ឡើយ។

តាម​ទិន្នន័យ​ក្រៅ​ផ្លូវការ កុងត្រា​ដែល​មាន​ចុះ​ក្នុង​ឆ្នាំ​២០០៧ សម្រាប់​រុស្ស៊ី​លក់​កាំជ្រួច Yakhont ទៅ​ឲ្យ​ស៊ីរី គឺ​ក្នុង​ទឹកប្រាក់ ៣០០​លាន​ដុល្លារ​ស.រ.អា.។

កាំជ្រួច Yakhont ប្រែ​មក​ថា “ត្បូង​មាន​តម្លៃ” ហោះ​ដោយ​ល្បឿន​២​ដង​កន្លះ​លឿន​ជាង សំឡេង។ វា​អាច​ផ្ចាញ់​ទីដៅ នៅ​ចម្ងាយ​ដល់ ៣០០គ.ម. ដោយ​ពាំ​ផ្ទុក​ទៅ​ជាមួយ​គឺ រំសេវ​ផ្ទុះ​ទម្ងន់ ២០០ គីឡូក្រាម។ វា​ហោះ​នៅ​កម្ពស់ តែ​៥ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទៃ​ដី ហើយ​វា​ផលិត​ពី​ធាតុ​សម្ភារៈ​ ដែល​មិន​អាច​រាវ​រក​ឃើញ ដោយ Radar។

សម្រាប់ការពារ​ឆ្នេរ​សមុទ្រ​ប្រទេស​ស៊ីរី​ឲ្យ​បាន​យ៉ាង​កក់​ក្តៅ ពី​ការ​វាយ​ប្រហារ​ជា​យថាហេតុ គឺ​ត្រូវ​ដាក់​ឲ្យ​ប្រចាំការ​នៅ​តំបន់​ឆ្នេរ​នោះ ទីតាំង​ពីរ​កន្លែង ដែល​នីមួយៗ បំពាក់​ទៅ​ដោយ​កាំជ្រួច Yakhont ៣៦​គ្រឿង។

កាលពី​កណ្តាល​ខែ​វិច្ឆិកា កាសែត​អ៊ីតាលី​ឈ្មោះ Rinascita សរសេរ​ថា បើ​ប្រទេស​ណា​នៅ​តែ​សម្រេច​ចិត្ត​វាយ​ប្រហារ​ទៅ​លើ​ក្រុង​ដាម៉ាស នោះ​ឧបសគ្គ​ទី​១ នៅ​លើ​ផ្លូវ​របស់​គេ គឺ​កាំជ្រួច Yakhont ម៉ាក​រុស្ស៊ី​តែ​ម្តង។

កាំជ្រួច​នេះ អាច​បង្ហោះ​ចេញ​ពី​នាវា​មុជ​ទឹក នាវា​លើ​ទឹក ពី​យន្តហោះ​ចម្យាំង បែប​យ៉ាង​យន្តហោះ​ធុន Sukhoi-27 ចំនួន​២៤​គ្រឿង យន្តហោះ​ធុន Mig-31 ចំនួន​៨​គ្រឿង និង​យន្តហោះ ធុន Mig-29 ជាច្រើន​គ្រឿង​ដែល​ស៊ីរី​មាន​សព្វថ្ងៃ សម្រាប់​បាញ់​ពន្លិច​នាវា​ណា​ដែល​ហ៊ាន​ប្រថុយ​ឈ្លានពាន​ចូល​ដែន​ទឹក​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ