អានតួអត្ថបទ
រុស្ស៊ី

ច្បាប់​ស្តី​អំពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ONG​ចូល​ជា​ធរមាន

ចូល​ជា​ធរមាន​ថ្ងៃ​២១​វិច្ឆិកា​នេះតាម​ការ​ប្រកាស​ឲ្យ​ដឹង​នៃ​ក្រសួង​យុត្តិធម៌គឺ​ក្រោយ​ពី​កន្លង​ផុត​អស់ ១២០ ​ថ្ងៃឬ​៤​ខែ​ បន្ទាប់​ពី​វា​បាន​ត្រូវ​ចុះ​ហត្ថលេខា​ កាលពី​ថ្ងៃ​២០កក្កដា​ដោយ​ប្រធានាធិបតី។ ចំណុច​គោល​នៃ​ច្បាប់​នេះ​ គឺ​វា​ចាត់​ទុក​ជា “ភ្នាក់ងារ​បរទេស” រាល់​អង្គការ​(ONG) ណា ដែល​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ទទួល​លុយ​ពី​បរទេស។ តប​នឹង​ការ​រិះគន់​ពី​ខាង​ពួក​អ្នកការពារ​សិទ្ធិមនុស្ស លោក​ពូទីន ត្រៀម​លម្អិត​ទៅ​លើ​ចំណុច​ខ្លះ​នៃ​ច្បាប់​នេះ​ លើក​លែង​តែ​ចំណុច​ដែល​ពាក់​ព័ន្ធ​នឹង”សកម្មភាព​នយោបាយ”។

លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី
លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី ©REUTERS/Yuri Kochetkov
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ដែល​ចូល​ជា​ធរមាន ចាត់​ទុក​ជា”សកម្មភាព​នយោបាយ” ក៏​ទាំង​ការ​ញុះញង់​សាធារណៈ​មតិ​ឲ្យ​ជះឥទ្ធិពល​ទៅ​លើ​សេចក្តី​សម្រេច​នានា​របស់​អង្គការ​រដ្ឋអំណាច ដើម្បី​កែប្រែ​និង​ផ្លាស់ប្តូរ​នយោបាយ​របស់​រដ្ឋអំណាច។ ធរមាន​ច្បាប់​នេះ ពិត​ជា​គ្រប​ដណ្តប់ លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​ចូល​រួម​ក្នុង​ការ​ចាត់​ចែង​ទង្វើ​នយោបាយ បែប​យ៉ាង មីទ្ទិញ​ និង​បាតុកម្ម​ដែល​ទាមទារ​ពី​អង្គការ​រដ្ឋអំណាច​ឲ្យ​កែប្រែ​បន្ទាត់​នយោបាយ។

ច្បាប់ថ្មី​មិន​ចាត់​ទុក​ជា “សកម្មភាព​នយោបាយ” ទេ រាល់​សកម្មភាព ខាង​ផ្នែក​វិទ្យាសាស្ត្រ, វប្បធម៌ , សិល្បៈ, សុខាភិបាល, ការ​គាំទ្រ​និង​ការ​ការពារ​ពលរដ្ឋ​វិស័យ​សង្គមកិច្ច, កីឡា, បរិស្ថាន, មនុស្សធម៌។ល។

រយៈពេល​១២០​ថ្ងៃ​កន្លង​ទៅ គឺ​ជា​ពេល​ទុក​ឲ្យ អង្គការ​ក្រៅ​រដ្ឋាភិបាល ONG ណា​ ដែល​ធ្វើ សកម្មភាព​នយោបាយ ដោយ​ទទួល​លុយ​ពី​បរទេស ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ក្រសួង​យុត្តិធម៌ ហើយ​ទទួល​លក្ខន្តិកៈ ជា “ភ្នាក់ងារ​បរទេស” សម្រាប់​ដំណើរ​ការ​នៅ​រុស្ស៊ី។ ប៉ុន្តែ មក​ទល់​ឥឡូវ គ្មាន ONG ណា បាន​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បែប​នេះ​ឡើយ។ គេ​នាំ​គ្នា​ធ្វើ​ពហិការ ក្រោម​ទឡ្ហីករណ៍​ថា វា​ផ្ទុយ​នឹង​មាត្រា​ពីរ​នៃ​រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​សិទ្ធិ​ពលរដ្ឋ។

អង្គការ​ពារ​សិទ្ធិមនុស្ស ដែល​ប្រកែក​មិន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​នោះ ថែម​ទាំង​កំញើញ​ទៅ​ផង ថា បើ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​ខាង​អាជ្ញាធរ​មក​លើ​រូប​គេ នោះ​គេ​នឹង​ប្តឹង​លុះ​រហូត​ដល់ តុលាការ​អឺរ៉ុប​ខាង​សិទ្ធិ​មនុស្ស​នៅ​ក្រុង Strasbourg ប្រទេស​បារាំង​តែ​ម្តង។

ប្រឈម​នឹង​ប្រតិកម្ម​អវិជ្ជមាន ពី​ខាង អង្គការ​ក្រៅ​រដ្ឋាភិបាល ចំពោះ​ច្បាប់​ថ្មី ដោយ​ថ្លែង​ក្នុង សប្តាហ៏​មុន នា​កិច្ច​ប្រជុំ​នៃ”ក្រុម​ប្រឹក្សា​នៅ​អម​ប្រធានាធិបតី​ខាង​អភិវឌ្ឍន៍​សង្គម​ស៊ីវិល​និង សិទ្ធិ​​មនុស្ស” នៅ​រុស្ស៊ី លោក​ប្រមុខ​រដ្ឋ​ពូទីន លើក​ឡើង​ថា គាត់​ត្រៀម​លំអិត​ទៅ​លើ​ចំណុច​ខ្លះ​នៃ​ច្បាប់​នេះ លើកលែង​តែ​ចំណុច​ដែល​ពាក់ព័ន្ធ​នឹង”សកម្មភាព​នយោបាយ”។

ទោះ​យ៉ាង​ណា​ក្តី ក៏​អង្គការ​អន្តរជាតិ ខាង​ការពារ​សិទ្ធិ​មនុស្ស Amnesty International បាន​ថ្លែង​ទិតៀន​យ៉ាង​ខ្លាំង ដោយ​ចាត់​ទុក ច្បាប់​ដែល​ចូល​ជា​ធរមាន​ថ្ងៃ​នេះ ថា​ជា ឧបករណ៍​ដែល​អាជ្ញាធរ​រុស្ស៊ី​ប្រើ​ជា​គំនាប​សង្កត់​ទៅ​លើ​ពួក​សកម្មជន​នៃ​សង្គម​ស៊ីវិល​និង​អង្គការ​សិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ