អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​ជាប់លេខ១ ក្នុង​លោក ខាង​ចំនួន​អ្នក​មាន​សញ្ញាប័ត្រ​ជាន់ខ្ពស់

ចំណាត់ថ្នាក់​នេះ​មាន​ចែង​ក្នុង​របាយការណ៍ ទើប​ចេញ​ផ្សាយ​ដោយ “អង្គការ​ដើម្បី​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទ្វីប​អឺរ៉ុប” ហៅ​កាត់​ថា OCDE។ របាយការណ៍​នេះ មាន​ចំណងជើង​ថា “ ទស្សនៈ​ទៅ​លើ​វិស័យ​សិក្សាធិការ ឆ្នាំ២០១២ “។

រុស្ស៊ី​ជាប់លេខ១ ក្នុង​លោក ខាង​ចំនួន​អ្នក​មាន​សញ្ញាប័ត្រ​ជាន់ខ្ពស់
រុស្ស៊ី​ជាប់លេខ១ ក្នុង​លោក ខាង​ចំនួន​អ្នក​មាន​សញ្ញាប័ត្រ​ជាន់ខ្ពស់
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​នេះ​លើក​ឡើង​ថា ខាង​ចំនួន​ប្រជាពលរដ្ឋ ក្នុង​អាយុ ពី​២៥ឆ្នាំ ដល់​៦៤ឆ្នាំ ដែល​មាន​ចំណេះដឹងជាន់ខ្ពស់៖ ប្រទេស​រុស្ស៊ី​ដែល​មាន​អត្រា​ដល់ ៥៤% គឺ​ជាប់​ចំណាត់ថ្នាក់​លេខ១​តែ​ម្តង។ ជាប់លេខ២ គឺ​ប្រទេស​កាណាដា ក្នុង​អត្រា ៥១%។ ជាប់លេខ៣ គឺ​ប្រទេស​អ៊ីស្រាអែល ប្រកប​ដោយ​អត្រា ៤៦%។ ចំណែក​ស.រ.អា. ជាប់​ត្រឹម​លេខ៤​ប៉ុណ្ណោះ ក្នុង​អត្រា ៤២%។ ក្នុង​បញ្ជី​ឈ្មោះ​១០ប្រទេស​នាំ​មុខ​គេ មាន​៦​ទៀត តាម​លេខ​រៀង​ពី​ទី​៥ ដល់ទី១០ គឺ​ដូច​ត​ទៅ៖ ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស បារាំង អាល្លឹម៉ង់ និង​ស៊ុយអែដ។

ការ​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​ទៅ​លើ​៤២ប្រទេស គឺ​ទាំង​ក្នុង “អង្គការ​ដើម្បី​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទ្វីប​អឺរ៉ុប” OCDE ទាំង​ក្នុង​ក្រុម​២០ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ហំហួន​ជាង​គេ ហៅ​ថា G-20។ ជា​ការ​កត់សម្គាល់ រុស្ស៊ី​មិនទាន់​ជា​សមាជិក OCDE នៅ​ឡើយ ដែល​បច្ចុប្បន្ន មាន ៣៤ប្រទេស​ជា​សមាជិក ប៉ុន្តែ​រុស្ស៊ី ជា​សមាជិក​នៃ​ក្រុម​ប្រទេស G-20។ របាយការណ៍ OCDE កត់សម្គាល់​ថា រុស្ស៊ី​ដែល​ជាប់​លេខ១​នៅ​ក្នុង​លោក​ខាង​ចំនួន​ពលរដ្ឋ​ដែល​មាន​សញ្ញាប័ត្រ​ជាន់ខ្ពស់ ដោយសារ​ប្រទេស​នេះ ជានិច្ចជាកាល តែង​បញ្ចូល​វិនិយោគ​ច្រើន​មែន​ទែន ទៅ​ក្នុង​វិស័យ​អប់រំ។

របាយការណ៍ OCDE ធ្វើ​ការ​ប្រៀបធៀប​ដូច​ត​ទៅ ៖ នៅ​ប្រទេស​អ៊ីតាលី និង​ព័រទុយហ្កាល់ មាន​បណ្តាជន​តែ ១៧% ដែល​អាច​មោទនៈ នឹង​សញ្ញាប័ត្រ​ឧត្តមសិក្សា។ ហើយ​នៅ​ប្រទេស​តួគី តួលេខ​នេះ មាន​កម្រឹត​ត្រឹម​តែ​១៣%។
រុស្ស៊ី​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រទេស BRICS គឺ​វ៉ា​ដាច់​ឆ្ងាយ​ពី​ប្រទេស​សមាជិក​ឯទៀត​ក្នុង​ក្រុម​នេះ ពោល​គឺ ប្រេស៊ីល ឥណ្ឌា ចិន និង​អាហ្វ្រិកខាងត្បូង ដែល​តួលេខ​មធ្យម​នៃ​ចំនួន​ពលរដ្ឋ មាន​ចំណេះដឹង​ឧត្តមសិក្សា គឺ​ប្រមាណ​តែ​១១%​ប៉ុណ្ណោះ។ ករណី​អាហ្វ្រិក​ខាង​ត្បូង​វិញ គឺ​មាន​អត្រា​បែប​នេះ កម្រិត​ទាប​ដូច​នៅ​ឥណ្ឌូណេស៊ី​អ៊ីចឹង ត្រឹម​តែ ៤%ប៉ុណ្ណោះ ហើយ​ស្ថិត​នៅ​ចុង​ប៉ូច​គេ​នៃ​បញ្ជី​៤២ប្រទេស​នោះ។

សព្វ​ថ្ងៃ រុស្ស៊ី​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​នាំ​មុខ​គេ ខាង​ចំនួន​និស្សិត គឺ​ថា ពី​ក្នុង​ចំណោម​បណ្តាជន​ប្រទេស រាល់​តែ ១០.០០០នាក់ នៅ​រុស្ស៊ី​មាន​និស្សិត​ប្រមាណ​៤០០នាក់ គឺ​ច្រើន​ជាង ជំនាន់​សហភាព​សូវៀត​ទៅ​ទៀត ដែល​កាលណោះ ត្រឹម ១៧០នាក់​ប៉ុណ្ណោះ។ នៅស.រ.អា. បច្ចុប្បន្ន ពី​ក្នុង​ចំណោម​បណ្តាជន​ប្រទេស​រាល់​តែ ១០.០០០នាក់ គឺ​មាន​និស្សិត ២៣៥នាក់។ ប៉ុន្តែ ឥឡូវ​មាន​លាន់​ឮ​ទៅ​ហើយ មតិ​ទិតៀន​ដែល​ថា សំខាន់​ឲ្យ​សញ្ញាប័ត្រ​ចំនួន​ឈ្នះ​គេ​នៅ​រុស្ស៊ី អាច​ប្រែក្លាយ​ទៅ​ជា​ផលិតភាព​ខ្ពស់​នៃ​ការងារ និង​ជា​ការ​រក​ឃើញ​ថ្មីៗ​ផ្នែក​បច្ចេកវិជ្ជា​ឈាន​មុខ ហៅថា High Tech៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ