អានតួអត្ថបទ
រុស្ស៊ី

មិទ្ទិញ “ក្រុងមួយទាំងមូល” ​ប្រឆាំង​នឹងការ​ជីករ៉ែ​លោហធាតុ ​Nickel​

ព្រឹត្តិការណ៍នេះ​បានកើត​ឡើង​ពេញ​មួយ​រសៀល​ថ្ងៃទី​៦សីហា​ម្សិលមិញ​ នៅក្នុង​ក្រុងមួយ​មិនជាធំ​ គឺក្រុង​ Novohoper​ នៃខេត្ត​ Voronezh​ ចម្ងាយតែ ​៥១៧គ.ម.​ ខាងត្បូង​រដ្ឋធានី​ម៉ូស្គូ។​ តាមតួលេខ​ប៉ូលីស​បាន​ចូលរួម​ គឺមនុស្ស​ប្រមាណ​២.៥០០នាក់​ ប៉ុន្តែ​ តាមតួលេខ​អ្នកស្រុក​ផ្ទាល់​ គឺយ៉ាងហោច​ណាស់​២ដង​ ច្រើនជាងនេះ ​ឬ​បណ្តាជន​សឹងទាំង​៦.០០០នាក់​របស់​ក្រុងនេះ។ ​តើអ្វី​ដែល​គេទាមទារ​ចង់បាន?

មិទ្ទិញ “ក្រុងមួយទាំងមូល” ​ប្រឆាំង​នឹងការ​ជីករ៉ែ​លោហធាតុ ​Nickel​
មិទ្ទិញ “ក្រុងមួយទាំងមូល” ​ប្រឆាំង​នឹងការ​ជីករ៉ែ​លោហធាតុ ​Nickel​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

 

ពាក្យស្លោក​ដែលគេ​បាន​ជ្រោង​លើក​ឡើង​ គឺថា​ ៖​ “ គ្មានជា​ដាច់ខាត​ការជីក​យក​រ៉ែ​លោហធាតុ​ Nickel”​ , “​ អាចមាន​ទៅកើត​ គឺតែ​ ការ​ប្រែទឹក​ដី​យើង​ ទៅជា​តំបន់​ទេសចរណ៍​ផ្ទៃក្នុង​ប្រទេស​ និង​ជា​តំបន់​ដែលមាន​បរិស្ថាន​ល្អ​សម្រាប់​វិស័យ​កសិកម្ម”

ពួកអ្នក​ចូលរួម​ក្នុង​មិទ្ទិញ​បានហៅ ​“គម្រោង​ខាងជីករ៉ែ​ Nickel “​ នៅស្រុក​នោះ​ដែល​ជាតំបន់​មាន”ដីខ្មៅ”​ ថា ​“អប្រជាប្រិយ ​ប្រឆាំង​ នឹង​ផលប្រយោជន៍​បណ្តាជន​នៅផ្ទាល់​កន្លែង”។​ តាម​យោបល់​គេ ​ការជីករ៉ែ​ Nickel ​ដែលជា​លោហធាតុ​មានពណ៌​គឺ​នឹង​បំផ្លាញ​វិស័យ​កសិកម្ម ​ហើយ​នឹងនាំ​ទៅ​កាន់​មហន្តរាយ​បរិស្ថាន​តែម្តង។

លេសជា​សំអាង​របស់គេ​ គឺថា​ “ដីខ្មៅ” ​ស្រុកគេ​ ត្រូវតែ​ទុក​សម្រាប់​ទទួល​កសិផល​ស្របនឹង​“លទ្ធិ​នៃកម្មវិធី​ស្បៀង​”​ អនុម័ត​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ដែល​ខ្លឹមសារ​វា​ គឺធានា​ដល់​ពលរដ្ឋ​ម្នាក់ៗ ​ឲ្យមាន​គ្រឿង​បរិភោគ​មិនគ្រាន់តែ​គ្រប់គ្រាន់​ប៉ុណ្ណោះទេ ​តែក៏​ប្រកប​ដោយ​សុវត្ថិភាព​ទៅផង។

ពួកអ្នក​តវ៉ា​ដែល​សុទ្ធតែ​ជា​សមាជិក​នៃ​”ចលនា​ខាងការពារ​ទឹកដី​ Novohoper”​ របស់​ខ្លួន​បាន​សម្រេចថា​ ប្រយុទ្ធ​ទល់នឹង​“គម្រោង​អប្រជាប្រិយ” ​ដោយអង្គាស​ហត្ថលេខា​តាមរយៈ ​បណ្តាញ​សង្គម​ និង​តាមការ​អំពាវនាវ​ធ្វើទៅ​កាន់​ប្រធានាធិបតី។​ គេគ្រោង​អង្គាស​ហត្ថលេខា ​ឲ្យបាន​១សែននាក់​និង​លិខិត​តវ៉ា​ចំនួន​ដល់​១លានច្បាប់​ សម្រាប់​ផ្ញើជូន​ប្រមុខរដ្ឋ​ផ្ទាល់។​ក្នុង​មិទ្ទិញ ​ម្សិលមិញ​ គ្រាន់តែ​២ម៉ោង​សោះ ​គេចេះ​ប្រមូល​បាន​លិខិត​តវ៉ា​បែបនេះ​ដល់​ចំនួន​៦០០ច្បាប់។

គួរនិយាយថា ​ទាំង​ប្រជាពលរដ្ឋ​នៃ​ទីប្រជុំជន​ ៤កន្លែង​ នៅក្បែរ​ក្រុងនេះ​ព្រមទាំង​ពីទី​រួមខេត្ត​Voronezh ​តែម្តង​ ក៏បាន​ទៅចូល​រួម​ក្នុង​មិទ្ទិញ​ប្រឆាំង​ម្សិលមិញដែរ។​ ជាការ​កត់​សម្គាល់​ ទីរួមខេត្ត​ Voronezh ​តែង​ល្បីខាង​ផលិត​ម៉ាស៊ីន​យន្តហោះ​នៅរុស្ស៊ី។

ទាក់ទង​នឹង​មិទ្ទិញ​តវ៉ា​ គួរ​រំលឹកថា ​ក្នុង​ប្រទេស​រុស្ស៊ី​សម័យថ្មី​ សេរីភាព​ខាងរួម​ប្រជុំ​ធ្វើ​មិទ្ទិញ​ ធ្វើបាតុកម្ម ​ ដើរជាក្បួន​ដង្ហែ​ គឺធានា​ដោយមាត្រា​ទី៣១​ នៃ​រដ្ឋធម្មនុញ្ញ​អនុម័ត​ក្នុងឆ្នាំ១៩៩៣​ គឺ២ឆ្នាំ​ក្រោយពី​សហភាព​សូវៀត​រលាយទៅ។ ​សម័យ​សូវៀត​ បាតុកម្ម​តវ៉ា​តែងបាន​ត្រូវ​បង្ក្រាប​គ្មាន​ប្រណីទេ ​ហើយហាម​មិនឲ្យ​មធ្យោបាយ​ឃោសនា​មហាជន​ផ្សព្វផ្សាយ​សោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ