អានតួអត្ថបទ
រុស្ស៊ី

ចាប់​បាន​ពួកជន​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​រូបលោក​នាយក​រដ្ឋមន្ត្រី​ពូទីន

នេះជា​ដំណឹង​ទី១ ផ្សាយ​នៅព្រឹក​ថ្ងៃ​ចន្ទ ទី ២៧ កុម្ភៈ ២០១២ ដោយ​កាណាល់​ទូរទស្សន៍​ប៉ុស្តិ៍លេ១​របស់ រដ្ឋរុស្ស៊ី។ ស្របនឹង​ដំណឹង​ដែលមាន​ឃាតកម្ម​នេះ ដែល​ពួក​ភេរវជន​គ្រោងនឹង​ធ្វើ នៅក្រោយ​ការបញ្ចប់​ការបោះឆ្នោត ប្រធានាធិបតី នៅថ្ងៃ​ទី៤ មីនា​ខាងមុខ។ គឺ​លោក​ពូទីនដែល​ជាបេក្ខជន នឹង​សង្ឃឹម​អាច​ឈ្នះឆ្នោត ក្នុង​មុខ​តំណែង​នេះ​តែម្តង។

ផ្ទះ​ជនសង្ស័យ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​មាន​គម្រោង​លួច​បំផ្ទុះគ្រាប់បែក​សម្លាប់​លោក​ពូទីន
ផ្ទះ​ជនសង្ស័យ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​មាន​គម្រោង​លួច​បំផ្ទុះគ្រាប់បែក​សម្លាប់​លោក​ពូទីន ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ជា​ការកត់សម្គាល់ ពួកជន​ដែលត្រូវបាន​ ក្រសួង​សន្តិសុខ​អ៊ុយក្រែន និង​រុស្ស៊ី បរិហារ​អាក្រាត​នោះ គឺសុទ្ធ​តែ​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ ស្វែងរក​ចាប់​ដោយ​ប៉ូលិស​អន្តរជាតិ Interpol។

គឺ​កាលពី​ថ្ងៃទី៤កុម្ភៈ ដែល សន្តិសុខ​អ៊ុយក្រែន ក្នុង​ប្រតិបត្តិការ​ពិសេស ចាប់បាន​ឈ្មោះ Adam Osmaiev ជនជាតិ​ឆេឆេនី អាយុ ៣១ឆ្នាំ កាន់​លិខិត​ឆ្លងដែន ជា​ពលរដ្ឋ​សហព័ន្ធ រុស្ស៊ី។ ឈ្មោះ​នេះ និង​គ្នីគ្នា​វា ដោយ​ខំ​បង្វែង​ដាន​អាជ្ញាធរ ឧស្សាហ៍​ផ្លាស់ប្តូរ​កន្លែង​ស្នាក់នៅ និង​កែប្រែ​មុខមាត់​ក្លែងខ្លួន ជា​មនុស្ស​ផ្សេង។ មុនពេលនេះ មាន​ផ្សាយ​ទៅហើយ នូវ​ដំណឹង​ថា គ្នា​វា​២នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួនដែរ។

មូលហេតុ​ដែលនាំ​ឲ្យ​គម្រោងវា ខាង​ធ្វើ​ឃាតរូប​លោកពូទីន ស្រាប់តែ​បែកការ​ណ៍ទៅ គឺ​មកពី ១ខែ មុនពេល​ចាប់ខ្លួន​នោះ នា​ថ្ងៃទី​៤​មករា ក្នុង​លំនៅឋាន​ដែលពួកវា​ជួល​ស្នាក់នៅ នៅក្រុង​ផែ Odessa ប្រទេស​អ៊ុយក្រែន ពួកវា​បាន​ថ្លោះការ បណ្តាល​ឲ្យ​ផ្ទុះគ្ឌាំង​ទៅ ពេលវា​ផ្សំ​គ្រឿងផ្ទុះ។ កាលណោះ គ្នា​វា​ម្នាក់​បាន​ស្លាប់​នៅនឹង​កន្លែង។ រត់រួច គឺ​ឈ្មោះ Adam Osmaiev។ ប៉ុន្តែ ម្នាក់ទៀត ឈ្មោះ iLya Pyansin អាយុ២​៨ឆ្នាំ ជា​ជាតិ Kazakhstan ដោយ រលាក​ខ្លួនប្រាណ យ៉ាងធ្ងន់ ក៏ត្រូវដឹក​ទៅមន្ទីរពេទ្យ។ ជន​របួស​ធ្ងន់​នេះ ដំណាលថា ដោយរួម​ជាមួយ​គ្នីគ្នា​ខ្លួន ដែល​ស្លាប់ទៅ ឈ្មោះ Ruslan Madaiev បាន​ធ្វើដំណើរ​ដល់​អ៊ុយក្រែន គឺ​ពីក្រុងឡុងដ៍ ទាំង​ឆ្លងកាត់ តាម​ប្រទេស អេមៀរ៉ាតអារ៉ាបរួម និង តួកគី។

ចំណែក​ឈ្មោះ Osmaiev ដែល​ធ្លាប់​បានរស់នៅ​អស់​ពេលយ៉ាងយូរ នៅក្រុងឡុងដ៍​និង​ដែល កំពុង​ជាប់​ក្នុងមន្ទីរឃុំឃាំង នៃ​សន្តិសុខ​អ៊ុយក្រែន ដោយ​បារម្ភ ខ្លាចក្រែង​អាជ្ញាធរ​អ៊ុយក្រែន​ធ្វើ​បត្យាប័ន​រូបខ្លួន មក​ឲ្យ​ភាគី​រុស្ស៊ី ខំ​សារភាព​អំពី​គោលដៅ​ពួកគេ គឺ ត្រូវ​បំពេញ​តាមបទ​បញ្ជា ពីមេខ្លោង​ជាតិ​ឆេឆេនី ឈ្មោះ Dokou Oumarov ដែលល្បី​ខាង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ទល់នឹង​រុស្ស៊ី និង​ដែល​កំពុង​ជ្រកកោន នៅក្រុងឡុងដ៍។ គោលដៅ​នេះ គឺ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម តាមវិធី​បំផ្ទុះ​គ្រាប់បែក​មានកម្លាំង​ខ្លាំង កម្ទេច​រថយន្ត ជិះ​ដោយ​លោកពូទីន តាម​មហាវិថី ឈ្មោះ Koutouzovski ទៅកាន់​កន្លែង​ធ្វើការ​របស់គាត់។ ក្នុង Notebook ដែលរឹបយក​បានពី ឈ្មោះ Osmaiev មានលាតត្រដាង​ឲ្យឃើញ​យ៉ាងលម្អិតពី​គម្រោង​ធ្វើឃាត​នេះ តាម​វិធី​បណ្តុះ​បណ្តាល នៅលើ​ទឹកដី​អ៊ុយក្រែន ជា​ភេរវជន​អត្តឃាត​បំផ្ទុះ​ខ្លួនឯង ដើម្បី​ផ្តាច់ជីវិត​នរណា​ជា​ទីដៅ​របស់ខ្លួន។

គួរនិយាយថា ការប៉ុនប៉ង​ធ្វើឃាត​រូបលោក​ពូទីន​ធ្លាប់​កើតមាន​ពីរដង​ហើយ ក្នុងឆ្នាំ ២០០០ និង ឆ្នាំ២០០៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ