អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​នៅតែ​បន្ត​លក់​អាវុធ​ទៅ​ស៊ីរី ទោះបី​មាន​គំនាប​អន្តរជាតិ​ក្តី

សេចក្តី​នេះ​ប្រកាស​ដោយ​លោក​ប្រធាន​ក្រុមហ៊ុន​រដ្ឋ​រុស្សី ខាង​លក់​អាវុធ​ទៅ​ក្រៅប្រទេស ហៅកាត់​ជា​សំនៀង​រុស្ស៊ី ថា RosOboronExport ទាំង​សង្កត់ធ្ងន់​ថា ទីក្រុង​ម៉ូស្គូ​បន្ត​លក់​នេះ ដ្បិត​គ្មាន​ទណ្ឌកម្ម​អ្វី​ណា ដែល​ហាម​មិនឲ្យ​លក់​អាវុធ​នេះ​ទេ ហើយ ក៏ដូច​ជា​គ្មាន បទ​បង្គាប់​បញ្ជា​អ្វីណា ពី​ខាង​រដ្ឋាភិបាល​រុស្ស៊ី​ផ្ទាល់​ឡើយ។ រីឯ​គំនាប​អន្តរជាតិ​នោះ គឺ​មកពី​ក្នុង​ប្រទេស​ស៊ីរី អាជ្ញាធរ​បាន​បាញ់​សម្លាប់​ពួក​បាតុករ​ប្រឆាំង តាម​តួលេខ​អង្គការ​ការពារ​សិទ្ធិមនុស្ស គិត​តាំងពី​កណ្តាល​ខែ​មីនា​មក គឺ​អស់២.០០០នាក់​ទៅហើយ។

យន្តហោះ​ចម្បាំង​រុស្ស៊ី​ហោះ​បង្ហាញ​រាង នៅក្នុង​ឳកាស​ពិព័រណ៍​យន្តហោះ​ក្នុង​ប្រទេស​រុស្ស៊ី
យន្តហោះ​ចម្បាំង​រុស្ស៊ី​ហោះ​បង្ហាញ​រាង នៅក្នុង​ឳកាស​ពិព័រណ៍​យន្តហោះ​ក្នុង​ប្រទេស​រុស្ស៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​សន្និសីទ​កាសែត ក្នុង​ក្របខ័ណ្ឌ “ពិព័រណ៍​អាកាសយាន​អន្តរជាតិ” MAKS-2011 ដែល​កំពុង​ប្រព្រឹត្តទៅ នៅ​ក្រុង Joukovski ចម្ងាយ ៣៣គ.ម. អគ្នេយ៍​ពី​រដ្ឋធានី​ម៉ូស្គូ លោក Anatoli Issaikine ប្រធាន​ក្រុមហ៊ុន RosOboronExport ថែមទាំង​លម្អិត​ទៅផង​ថា ភាគី​រុស្ស៊ី​បាន​និង​កំពុង​បន្ត​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ីរី ស្របនឹង​កុងត្រា​ដែល​មាន​ចុះ​រួចហើយ គឺ​សម្ភារៈ​យោធា និង​យន្តហោះ​ធុន Yak-130 សម្រាប់​ការ​ហោះ​ហ្វឹកហាត់​នៃ​ពួក Pilotes យោធា។ យន្តហោះនេះ​ត្រូវ​បក្សសម្ព័ន្ធ OTAN ដាក់ឈ្មោះ​ថា Mitten។

ស៊ីរី​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏​ជំនិត​បំផុត​របស់​រុស្ស៊ី ប្រចាំ​នៅ​តំបន់​ដើមបូព៌ា ហើយ​ជា​ប្រទេស ទិញ​អាវុធ​រុស្ស៊ី​ច្រើន​ជាងគេ​ក្នុង​តំបន់​នេះ តាំងពី​ជំនាន់​សហភាព​សូវៀត​មក ដ្បិត​ដល់ទៅ​៨០-៨៥% នៃ​អាវុធ​បំពាក់​នៅនឹង​កងទ័ព​ស៊ិរី គឺ​មាន​ដើមកំណើត​​ចេញពី​រុស្ស៊ី​ទៅ។ តាម​តួលេខ​ដែល​មាន ស៊ិរី​ទិញ​អាវុធ​ពី​រុស្ស៊ី ក្នុង​១ឆ្នាំៗ ក្នុង​ទឹកប្រាក់​ពី ៣​ទៅ​៤ពាន់​លាន​ដុល្លារ​អាមេរិក។

មកពីមូលហេតុនេះ ទោះបី​មាន​ការ​អំពារនាវ កាលពី​សប្តាហ៍​មុន របស់​លោកស្រី Hillary Clinton រដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង ថា​ឲ្យ​រុស្ស៊ី​ឈប់​លក់​អាវុធ​ទៅ​ស៊ីរី ដូច​ដែល​សហភាពអឺរ៉ុប​ឈប់​លក់​អ៊ីចឹង ក៏​ទីក្រុង​ម៉ូស្គូ​មិន​អាច​ខ្លបត្រចៀក​តាមឡើយ ពីព្រោះ​រុស្ស៊ី ដោយ​បំពេញ​តាម​ទណ្ឌកម្ម​របស់​អ.ស.ប. ឥឡូវ​បាត់​អស់​ម៉ូយ២ របស់​ខ្លួន​ទៅហើយ គឺ​អៀរ៉ង់​​ និង​លីប៊ី។ គ្រាន់តែ​លីប៊ី​មួយ​ប៉ុណ្ណោះ​នាំឲ្យ​រុស្ស៊ី​ខាតបង់​អស់ ៤ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។

ទោះយ៉ាងណាក្តី ក៏​រុស្ស៊ី ក្នុង​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. បំពាក់​ដោយ​សិទ្ធិ Veto បាន​សុខចិត្ត​ត្រឹមតែ​ឲ្យ​ភ្លើងខៀវ​ឲ្យ​ក្រុមប្រឹក្សា​នេះ ចេញ​“សេចក្តីថ្លែងការណ៍” ថ្កោលទោស​ដល់​ការ​បង្ក្រាប​នៅ​ស៊ីរី​ប៉ុណ្ណោះ ប៉ុន្តែ មិនមែន​ជា​“សេចក្តីសម្រេច​ដែល​ដាក់​ទណ្ឌកម្ម” ទៅលើ​ស៊ីរី​ឡើយ។ រុស្ស៊ី​ក៏​បាន​អំពាវនាវ​ឲ្យ​របប​គ្រប់គ្រង​នៅ​ស៊ីរី​ឈប់​បាញ់​សម្លាប់​ពួក​បាតុករ​ប្រឆាំង​ទៀត​ឡើយ។

និយាយពី​ការ​លក់​អាវុធ​វិញ លោក​ប្រធាន “ក្រុមហ៊ុន​រដ្ឋ​រុស្សី​ខាង​លក់​អាវុធ​ទៅ​ក្រៅ” ហៅថា RosOboronExport ដោយ​បញ្ចប់​សេចក្តី ក្នុង​សន្និសីទ​កាសែត​នោះ បាន​លើកឡើង​ថា ក្នុង​មួយ​ឆមាស​ទី១​ឆ្នាំ​នេះ រុស្ស៊ី​បាន​នាំចេញ​នូវ​អាវុធ​ក្នុង​ទឹកប្រាក់ ៥.៩០០លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ