អានតួអត្ថបទ
កម្ពុជា

មូលហេតុ​កងទ័ព​ខ្មែរ​និង​ចិន​លើក​ផ្ទេរ​និង​ដាក់​ព្រះរាជ​សព​​សម្តេចឪ​ខុសគ្នា

បន្ទាប់ពី​មាន​ការ​រិះគន់​ខ្លាំងៗ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​អំពី​ការ​លើក ផ្ទេរ​និង​ដាក់​ព្រះរាជ​សព​អតីត​ព្រះមហាក្សត្រ​ នរោត្តម សីហនុ មិន​ត្រឹមត្រូវ​រួច​មក នៅ​ថ្ងៃ​សៅរ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​បក​ស្រាយ​បញ្ហា​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ។

ការ​លើក​មឈូស​ព្រះ​បរមសព​ចុះ​ពី​យន្ត​ហោះ​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្ងៃទី ១៧ តុលា ២០១២
ការ​លើក​មឈូស​ព្រះ​បរមសព​ចុះ​ពី​យន្ត​ហោះ​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្ងៃទី ១៧ តុលា ២០១២ © Reuters
ផ្សាយពាណិជ្ជកម្ម

លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ថ្លែង​បកស្រាយ​ចំពោះ​មតិ​រិះគន់​ពី​សំណាក់​សាធារណជន​មួយ​ចំនួន​ទាក់ទងទៅនឹង​ការ​លើក ផ្ទេរ​និង​ដាក់​ព្រះរាជសព​អតីត​ព្រះមហាក្សត្រ​នៅ​អំឡុងពេល​យាង​ព្រះសព​ពី​ប្រទេស​ចិន​មកកាន់​ប្រទេស​កម្ពុជា។

នៅ​ពេល​នោះ មតិ​សាធារណជន​ខ្មែរ​មួយ​ចំនួន​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​កងទ័ព​ខ្មែរ​ដែល​បាន​លើក ផ្ទេរ​និង​ដាក់​ព្រះរាជសព​មិន​បាន​ល្អ​ដូច​កងទ័ព​ប្រជាមាននិត​ចិន។ កងទ័ព​ប្រជាមានិត​ចិន​ចំនួន​៦​នាក់​បាន​លើក ផ្ទេរ​និង​ដាក់​ព្រះរាជសព​នឹង​ថ្កល់​ល្អឥត​ខ្ចោះ​រីឯ​កងទ័ព​ខ្មែរ​វិញ​មាន​ចំនួន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់ ​ប៉ុន្តែ​ពួកគេ​ លើក ផ្ទេរ​និង​ដាក់​ដោយមាន​ភាព​រដាក់រដុប។ ភាពរដាក់រដុបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ទូរស័ព្ទ​មក​កាន់​វិទ្យុបារាំង​អន្តរជាតិ​រិះគន់ថា បានធ្វើអោយ​ជាតិខ្មែរ​អាប់​អោន​កិតិ្តយស។

ឆ្លើយតប​ទៅនឹង​ការ​រិះគន់​នេះ លោក ហ៊ុន សែន ​បាន​ពន្យល់​ថា​មាន​ចំណុច​ខុសគ្នា​បីយ៉ាង។ ទីមួយ៖ទ័ពខ្មែរមិនបានហ្វឹកហាត់អនុវត្តផ្ទាល់ជាមួយសម្ភារៈជាក់ស្តែង។ ទីពីរ៖កងទ័ពចិនបានហ្វឹកហាត់លើក ផ្ទេរ​និង​ដាក់សព​​និង​ទី​បី៖​នៅប្រទេសចិន​ ពុំមានគំរប​ក្តាមជ្ឈូសទេ ដូច្នេះទម្ងន់ខុសគ្នា។

ក្រៅ​អំពី​បញ្ហា​មួយ​ចំនួន ប្រមុខ​រាជរដ្ឋាភិបាល​បាន​កោត​សរសើរ​ជារួម​ចំពោះ​ការ​រៀប​ចំពិធី​ព្រះរាជសព​នាពេល​កន្លងមក។ ប្រជាជន​គ្រប់​បក្ស​នយោបាយ​មក​ពី​សាសនា​ផ្សេង​គ្នា​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​កកកុញ​នៅ​គ្រប់​ទិសទី​នៃ​ប្រទេស​កម្ពុជា​។ ពិធី​កាន់ទុក្ខ​ផ្លូវ​ការ​៧ថ្ងៃ​បាន​កន្លង​ផុត​ហើយ។ ហើយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​ក្រុម​គ្រួសារ​រាជវង្ស​បាន​និង​កំពុង​គិត​គូរ​ពី​ថ្ងៃ​បូជា​ព្រះរាជសព​អង្គ​សម្តេច​ឪ។ បើ​យោង​តាម​ការ​គិតគូរ​នៅពេល​នេះ ការ​បូជា​ព្រះរាជសព​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍ទី​១​នៃ​ខែ​មករា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បន្ត​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​សម្រេច​សាងសង់​រូប​សំណាក​អង្គ​សម្តេចឪ​​នៅលើ​សួនច្បារ​ពី​ចន្លោះ​វិមាន​ឯករាជ្យ​ទៅ​កាន់​រូប​សំណាក​នាគ​បាញ់​ទឹក​នៅ​ទីក្រុង​ភ្នំពេញ។

ដោយ​រម្លឹក​ពី​ព្រះ​រាជ​តំរិះ​ដ៏អស្ចារ្យ​របស់​អតីត​ព្រះមហាក្សត្រ​សម្តេច​ព្រះនរោត្តម​សីហនុ​ដែល​បាន​ផ្ទេរ​រាជបល្ល័ង​បាន​ទាន់​ពេល​វេលា​នោះ លោក ហ៊ុន សែន​ បាន​លើក​ឡើង​ថា ក្រោយ​ការ​យាង​ចូល​ទីវង្គត​អង្គ​សម្តេចឪ​នៅ​ពេល​នេះ​ពុំមាន​វិបត្តិរាជ្យ​បល្ល័ង្ក​កើត​ឡើង​ ហើយ​រាជានិយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​រឹងមាំ​ដដែល។ លោក នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​សន្យា​នៅ​ពីមុខ​ព្រះរាជសព​អតីត​ព្រះមហាក្សត្រ​ថា លោក​នឹង​បន្ត​ការពារ​រាជបល្ល័ង្កនិង​រាជវង្ស​ជា​រៀង​រហូត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ