អានតួអត្ថបទ
កម្ពុជា

គណបក្ស​​សង្គ្រោះជាតិ​​​​និង​​អង្គការ​​សង្គម​ស៊ីវិល​​ ជួបប្រជុំ​​ពី​​កំណែ​ទម្រង់​​សម្រាប់​​អាណត្តិ​ទី៥​​

គណបក្ស​សង្គ្រោះជាតិ​បាន​ជួបប្រជុំ​ជាមួយ​នឹងអង្គការសង្គមស៊ីវិល​ជាង១០​ ដើម្បី​សុំ​​យោបល់​ពី​បច្ចុប្បន្នភាព​នយោបាយ​នៅ​កម្ពុជា និង​កំណែទម្រង់​សំខាន់ៗ​សម្រាប់​នីតិកាលថ្មី​អាណត្តិ​ទី៥​នេះ។

លោក​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋសភា​ ថ្ងៃទី​១៦​ កញ្ញា​ ឆ្នាំ​២០១៣។​
លោក​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋសភា​ ថ្ងៃទី​១៦​ កញ្ញា​ ឆ្នាំ​២០១៣។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក យ៉េង វីរៈ ប្រធាន​អង្គការ​អប់រំច្បាប់​ដើម្បីសហគមន៍ ដែល​ជា​អ្នកតំណាង​អង្គការសង្គមស៊ីវិល​ក្នុងកិច្ចប្រជុំ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​RFI​នៅល្ងាច​ថ្ងៃពុធ ទី១៨​នេះ​ថា អង្គការ​សង្គមស៊ីវិល​បានស្នើ​ចំនួន៣ចំនុច​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​ដើម្បី​ពិចារណា។

ទី១ ការស្វែងរក​ការពិត​នៃ​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត។ ការបោះឆ្នោត​ដែល​សង្គមស៊ីវិល​បញ្ជាក់​ថា មាន​ភាព​មិនប្រក្រតី។ ទី២ កំណែទម្រង់​ស្ថាប័នរដ្ឋ ក្នុងនោះ​រួមមាន កំណែទម្រង់​ស្ថាប័ន​តុលាការ កំណែទម្រង់​ស្ថាប័ន​អំពើ​ពុករលួយ កំណែទម្រង់​ប្រព័ន្ធបោះឆ្នោត និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​ជាដើម។ ទី៣ គឺការ​ព្រមព្រៀង​ឱ្យមាន​តុល្យភាព​នៃ​អំណាច​រវាង​បក្សកាន់អំណាច និង​បក្សប្រឆាំង ក្នុង​សភាជាតិ។

ប្រធានអង្គការ​រូបនេះ​បានបន្ថែម​ថា ក្នុងកិច្ចប្រជុំ​ផ្តល់យោបល់​ នៅថ្ងៃ​ទី១៨កញ្ញា​ជាមួយ​ប្រធាន​គណបក្សសង្គ្រោះជាតិ​ទាំងពីរ​រូបនេះ គឺ​ដើម្បី​ផ្តល់យោបល់​ដល់​គណបក្ស​ជាប់ឆ្នោត​ក្នុងសភា​ដើម្បី​ឱ្យគិតគូរ​ពីបញ្ហាជាតិ​ដែលចាំបាច់​ត្រូវធ្វើ​កំណែទម្រង់ ក្នុងឋានៈ​ជាអ្នក​តាមដាន​បញ្ហា​សង្គម។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ បានប្រាប់​វិទ្យុបារាំងអន្តរជាតិ​ឱ្យដឹងដែរថា​ជំនួបជាមួយ​អង្គការនេះ គឺជា​ការរិះរក​មធ្យោបាយ​ដោះស្រាយ​បញ្ហាជាតិ​ធំៗ ព្រោះ​ទាំង​គណបក្ស​នយោបាយ និង​អង្គការ​សង្គមស៊ីវិល គឺជា​ផ្នែកមួយ​នៃ​ប្រទេសជាតិ។ តែយ៉ាងណា​ក៏ដោយ​ លោក យឹម សុវណ្ណ មិនបាន​បញ្ជាក់ឡើយ​ពីបញ្ហាជាតិ​ដែលបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ។

គួររំលឹក​ថា ការជួបប្រជុំគ្នា​រវាង​គណបក្សសង្គ្រោះជាតិ និង​អង្គការ​សង្គមស៊ីវិល​នៅ​ថ្ងៃនេះ គឺធ្វើឡើង​បន្ទាប់ពី​ជំនួបកំពូល​ផ្ទួនៗគ្នា​រយៈពេល​ពីរថ្ងៃ រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះជាតិ​ដែលបាន​ធ្វើឡើង​ កាលពី​ដើមសប្តាហ៍​នេះ ដើម្បី​ដោះស្រាយ​ភាពតានតឹង​នយោបាយ​នៅកម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ដែល​មិនទាន់​ដាច់ស្រេច​នៅឡើយ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ