អានតួអត្ថបទ
កម្ពុជា​

មូលហេតុ​មិន​ច្បាស់​លាស់​នៃ​សោកនាដកម្ម​នៅ​កោះពេជ្រ

បន្ទាប់​ពី​​សោកនាដកម្ម​ដ៏​សោកសៅ​បំផុត​ដែល​បាន​កើត​ឡើង​នៅ​យប់​ថ្ងៃទី​២២​ វិច្ឆិកា ​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​រក​ឃើញ​ថា​ តើ​ព្រឹត្តិការណ៍​ចលាចល​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​ជិត​៤០០​នាក់​ នេះ បណ្តាល​មកពី​អ្វី​ឲ្យ​ពិតប្រាកដ​នៅ​ឡើយ​ទេ។

សម្លៀក​បំពាក់​ជន​រង​គ្រោះ​បន្សល់​ទុក​នៅ​លើ​ស្ពាន​ពេជ្រ
សម្លៀក​បំពាក់​ជន​រង​គ្រោះ​បន្សល់​ទុក​នៅ​លើ​ស្ពាន​ពេជ្រ © Reuters
ផ្សាយពាណិជ្ជកម្ម
03:43

បទ​អន្តរាគមន៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

ក្រោយ​ការធ្វើ​កោសលវិច័យ​លើ​សាកសព​ជាច្រើន​មក​ ក្រុម​គ្រូពេទ្យ​ជំនាញ​អះអាង​ថា​មិន​បាន​រក​ឃើញ​សញ្ញា​អ្វី​ ក្រៅតែ​ពី​ស្នាម​របួស​នៅ​លើ​ខ្លួន​សាកសព​ដែល​បណ្តាល​មក​ពី​ការ​ប៉ះទង្គិច​ និង​ជាន់​គ្នា​ក្នុង​ហេតុការណ៍​ចលាចល​នោះ​ឡើយ។ ​សមត្ថកិច្ច​ក៏​បាន​អះអាង​នៅ​ថ្ងៃ​នេះ​ដែរ​ថា គ្មាន​សញ្ញា​នៃ​អំពើ​ភេរវកម្ម​ណាមួយ​ត្រូវ​បាន​គេ​រក​ឃើញ​ឡើយ។

នៅ​ក្រោយ​ហេតុការណ៍​ភ្លាម​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​កើត​ឡើង ៖ ​អ្នក​ខ្លះ​ថា​មាន​ឆក់​ខ្សែ​ភ្លើង​ ខ្លះ​ថា​មាន​មនុស្ស​មួយ​ក្រុម​បង្ក​ឲ្យ​មាន​ចលាចល​ ខ្លះ​ទៀត​ថា​ភាព​ចលាចល​កើត​ឡើង​ដោយសារ​តែ​មាន​មនុស្ស​ស្រែក​ថា​ស្ពាន​បាក់​ហើយ។ល។និង។ល។

ប៉ុន្តែ ​មាន​សំណួរ​សំខាន់​មួយ​ដែល​កំពុង​ចោទ​ឡើង​នៅ​ក្នុង​បញ្ហា​នេះ ​នោះ​គឺ​ហេតុអ្វី​បាន​ជា​ព្រឹត្តិការណ៍​ កកស្ទះ​ និង​ចលាចល​នៅ​លើ​ស្ពាន​តូច​មួយ​នេះ​មាន​មនុស្ស​ស្លាប់​ច្រើន​លើស​លប់​ដែល​មិន​គួរ​ឲ្យ​ជឿ​យ៉ាង​ដូច្នេះ?
ជាការពិត​ មាន​មនុស្ស​រាប់​លាន​នាក់​ គឺ​ចាប់​ពី​ជាង​មួយ​លាន​នាក់​ទៅ​ជាង​ពីរ​លាន​នាក់​ដែល​បាន​មក​​ចូល​រួម​ក្នុង​ពិធី​បុណ្យ​អុំទូក​ជា​រៀង​រាល់​ឆ្នាំ។ ​ចំនួន​មនុស្ស​តែង​តែ​កើន​ឡើង​ខ្លាំង​នៅ​ថ្ងៃ​ចុងក្រោយ​ក្នុង​អំឡុង​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ។ ​ប៉ុន្តែ ​អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​នោះ​គឺ​ រឿង​ហេតុ​ចលាចល​ដែល​បាន​កើត​ឡើង​នៅ​យប់​ម្សិលមិញ​នោះ​មិនមែន​ជា​ការ​ចលាចល​ទូទៅ​ក្នុង​ពិធី​បុណ្យ​ទាំងមូល​នោះទេ​ តែ​វា​គ្រាន់​តែ​ជា​ការ​កកស្ទះ​នៅ​លើ​ស្ពាន​តូច​មួយ​ដែល​ឆ្លង​ទៅ​មក​លើ​កោះ​ពេជ្រ​តែ​ប៉ុណ្ណោះ។​ រីឯ​មនុស្ស​ម្នា​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​ដើរ​កម្សាន្ត​នៅ​មុខ​ព្រះបរមរាជវាំង​ និង​នៅ​តាម​សួនច្បារ​វិមាន​ឯករាជ្យ​ និង​​សួនច្បារ​ផ្សេងៗ​ទៀត​មិន​បាន​ចលាចល​អ្វី​ទេ។

ដូច្នេះ​បើ​ពិនិត្យ​មើល​ទំហំ​របស់​ស្ពាន​នេះ ​គ្មាន​អ្នកណា​អាច​ជឿ​ទេ​ថា​ ភាពចលាចល​នៅ​លើ​ស្ពាន​នោះ អាច​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​យ៉ាង​នេះ​ទេ។ ​ដូច្នេះ​ហើយ​បាន​ជា​អ្នកវិភាគ​ជាច្រើន​នៅ​មិនទាន់​អស់​ចិត្ត​សោះ​ថា​ ជនរងគ្រោះ​ទាំងអស់​នោះ​ស្លាប់​ដោយសារ​តែ​ការ​ចង្អៀត​គ្នា​ ឬ​ក៏​ផ្អើល​ជាន់​គ្នា​តែ​មួយ​មុខ។​ ប៉ុន្តែ ​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅតែ​អះអាង​ថា​ គេមិន​បាន​រកឃើញ​ជាតិ​ពុល​ ឬការ​ឆក់​ខ្សែ​ភ្លើង​ ឬ​ក៏​មូលហេតុ​ណាមួយ​ទៀត​កើត​ឡើង​ទេ។ ​ហើយ​ក៏​មិនមែន​ជា​ហេតុផល​ភេរវកម្ម​ដែរ។

យ៉ាងណា​ក៏ដោយ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នៅ​យប់​មិញ​ ក៏បាន​សម្តែងការ​មិន​អស់​ចិត្ត ​ហើយ​​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​ស៊ើប​អង្កេត​បើក​ការស៊ើប​អង្កេត​ដ៏​ធំ​មួយ​ទៅ​លើ​បញ្ហា​នេះ។ ​ ឥឡូវ​នេះ​អាជ្ញាធរ​កំពុង​តែ​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ដែល​បាន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ឲ្យ​ផ្តល់​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​ក្រុម​អ្នក​ស៊ើប​អង្កេត។

គេ​កំពុង​តែ​រង់ចាំ​មើល​លទ្ធផល​ចុងក្រោយ​ថា​ តើ​វា​ជា​ឧប្បត្តិហេតុ​សុទ្ធសាធ​ ឬ​ក៏ជា​អំពើ​ភេរវកម្ម​បែប​ស្ងៀម​ស្ងាត់​ដោយ​មិន​ចាំបាច់​ប្រើ​គ្រាប់​បែក​ណា​មួយ?

04:33

បទ​សម្ភាសន៍​ជាមួយ​ លោក សុខ អាន

សេង ឌីណា

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ