អានតួអត្ថបទ
រុស្ស៊ី-កូរ៉េខាងជើង

លទ្ធផល​នៃ​កិច្ច​ចរចា​រ​វាង​លោក​ គីម យ៉ុង អ៊ីល​និង​លោក ​មេដវេដេវ​

លទ្ធផល​នោះ ​គឺ​មាន​ពីរ ៖​  ​ទី១  ភាគី​កូរ៉េ​ខាង​ជើង​ យកចិត្ត​ទុកដាក់​មក​លើ​ការ​ធ្វើ សហ​ប្រតិបត្តិការ​​វិស័យ​ថាមពល​ ជាមួយ​រុស្ស៊ី ​ដោយ​យ​ល់ព្រម​​ឲ្យ​រុស្ស៊ី​សាងសង់​ បំពង់​បង្ហូរ​ឧស្ម័ន​រុស្ស៊ី ​ឆ្លងកាត់​ដែនដី​កូរ៉េ​ខាង​ជើង​ ទៅ​កាន់​កូរ៉េ​ខាងត្បូង​ ជាបងប្អូន​គូ​សត្រូវ​ខ្លួន។ ទី២​ សំខាន់​បំផុត​ គឺ​ទីក្រុង​ព្យុង យ៉ាង​ ត្រៀមខ្លួន​វិល​ត្រឡប់​ដោយ​គ្មានល័ក្ខខ័ណ្ឌ​អ្វី​ណា​ជាមុន​ទេ ​​ទៅ​កាន់​ តុចរចា​៦​ភាគី​វិញ​ ស្តី​អំពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ ព្រម​ទាំង​ត្រៀម​យល់​ព្រម​ ព្យួរ​ទុក​សិន ​ទាំង​ការ​ផលិត​ ទាំង​ការ​សាកល្បង​ធាតុ​នុយក្លេអ៊ែរ។​

ប្រធានាធិបតីរុស្ស៊ី Dmitri Medvedev (ស្តាំ)​ជួប​ប្រាស្រ័យ​ជាមួយ​ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង​Kim Jong-il ​នៅ Sibérie​ថ្ងៃពុធទី​២៤​សីហា​២០១១។
ប្រធានាធិបតីរុស្ស៊ី Dmitri Medvedev (ស្តាំ)​ជួប​ប្រាស្រ័យ​ជាមួយ​ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង​Kim Jong-il ​នៅ Sibérie​ថ្ងៃពុធទី​២៤​សីហា​២០១១។ REUTERS/Dmitry Astakhov
ផ្សាយពាណិជ្ជកម្ម

គួរ​កត់​សម្គាល់​ថា ​កិច្ចចរចា​ រវាង​ អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើង លោក គីម យ៉ុង អ៊ីល និង​ប្រធានាធិបតី​រុស្ស៊ី លោក មេដវេដេវ ដែលគេខំនាំគ្នា ទន្ទឹងចាំតាំងពីម្សិលម៉្ងៃម៉្លេះ នៅទីបំផុត ក៏បានប្រព្រឹត្តទៅមែន ពេលរសៀលម្សិលមិញ។ ហើយ ប្រព្រឹត្តទៅនេះ គឺក្នុងលក្ខណៈបិទទ្វារ នៅឯបុរីយោធា ត្រង់កន្លែងមានឈ្មោះថា “ព្រៃសាប៉ាំង” ដែលកាលមុន គឺជា”ទីស្តីការបូព៌ា” របស់អគ្គមេបញ្ជាការជានខ្ពស់បំផុតនៃ កងកម្លាំងប្រដាប់អាវុធសូវៀត។ វាស្ថិតនៅ ជាយក្រុង Oulan-Oude ទីរួមខេត្ត Bouriatie ចម្ងាយប្រមាណ ៥.៥០០គ.ម. ខាងកើតពីរដ្ឋធានីម៉ូស្គូ។

ដោយហេតុថា លោក គីម យ៉ុង អ៊ីល មិននិយមបង្ហាញខ្លួន ជាសាធារណៈ បានជា ក្រោយពី កិច្ចចរចានោះ បានប្រព្រឹត្តទៅអស់រយៈពេល២ម៉ោងមក គឺលោកមេដេវេដេវ តែម្តង ដែលបាន ថ្លែង ទៅពួកអ្នកកាសែតថា ភាគីរុស្ស៊ី និងកូរ៉េខាងជើង បានឯកភាពគ្នាផ្ទុកផ្តាក់ ដល់ ស្ថាប័ន​សមស្រប​របស់ខ្លួន ឲ្យបង្កើតឡើងជា គណៈកម្មការចម្រុះ ដើម្បីសិក្សាលំអិត អំពីគម្រោង សាងសង់បំពង់បង្ហូរឧស្ម័ននោះ ដោយប្រាកដណាស់ នឹងមានភាគីកូរ៉េខាងត្បូង ចូលរួមដែរ។

តាមប្រសាសន៍ លោកមេដវេដេវ បំពង់នេះ នឹងមានប្រវែងសរុបទៅជាង ១.១០០គ.ម. ដែលពី ក្នុងនោះ ជាង៧០០គ.ម. គឺកាត់តាមដែនដីកូរ៉េខាងជើង ហើយ ៤០០គ.ម. នឹងលូនតាមដែនដី កូរ៉េខាងត្បូង។ សមត្ថភាពរបស់វា គឺអាចបង្ហូរឧស្ម័នរុស្ស៊ី បរិមាណដល់ ១០.០០០លានមក្នុង ១ឆ្នាំៗទៅផ្គត់ផ្គង់ដល់តម្រូវការ របស់កូរ៉េខាងត្បូង។ តាមកាសែតរុស្ស៊ីលេខថ្ងៃនេះ ចំពោះ​សេវា បង្ហូរនេះ ទីក្រុងព្យុងយ៉ាង នឹងទទួលបាន ១០០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។

ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង គឺអ្នកនាំពាក្យផ្លូវការ របស់ប្រធានាធិបតីរុស្ស៊ី លោកស្រី ​Natalia Timakova ដេលបានថ្លែងទៅពួកអ្នកកាសែតថា ៖ នាកិច្ចចរចានោះ លោក គីម យ៉ុង អ៊ីល បានជម្រាបលោកមេដវេដេវ អំពីភាពត្រៀមខ្លួនរបស់ទីក្រុង ព្យុង យ៉ាង
ស្តារ​ឡើងវិញ ដោយគ្មានល័ក្ខខ័ណ្ឌ អ្វីណាជាមុនទេនូវ កិច្ចចរចា៦ភាគីដែលបានត្រូវផ្តាច់ទៅ តាំងពីខែមេសាឆ្នាំ២០០៩មក ជុំវិញបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ លោក​គីម យ៉ុង អ៊ីល ថែមទាំងសំដែង នូវភាពត្រៀមខ្លួនជាគោលការណ៍ ព្យួរទុក​ដោយ​ស្ម័គ្រចិត្ត​ ទាំងការផលិត ទាំងការសាកល្បង សម្ភារៈនុយក្លេអ៊ែរ។

ថ្ងៃនេះ អគ្គមគ្គុទ្ទេសក៍កូរ៉េខាងជើង លោក គីម យ៉ុង អ៊ីល ក្រោយពីបំពេញទស្សនកិច្ចខ្លួន អស់ ៦ថ្ងៃ នៅតាមតំបន់ស៊ីបេរី និង ចុងបូព៌ាប្រទេសរុស្ស៊ី ក៏ចេញដំណើរ តាមរថភ្លើងក្រោះ​របស់​គាត់​ ត្រឡប់ទៅមាតុប្រទេសវិញ ដោយឆ្លងកាត់ តាមភាគខាងជើងប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ