អានតួអត្ថបទ
រុស្ស៊ី

គម្រោង​លុប​ចោល​កូតា​សម្រាប់​ទទួល​ជន​បន្លាស់​ទី ពីក្រៅ មក​ធ្វើការ​នៅ​រុស្ស៊ី

សាច់រឿង​ដែល​មាន បាន​ត្រូវ​ចុះ​ផ្សាយ​ថ្ងៃ​នេះ​ដោយ​អង្គការ​សារពត៌មាន​របស់​រដ្ឋាភិបាល​ រុស្ស៊ី គឺ​កាសែត Rossiskaya Gazeta ក្រោយពី​គណៈកម្មការ​រដ្ឋាភិបាល​បាន​ពិនិត្យ​មើល​គម្រោង​សមស្រប​បំផុស​មក​ដោយ ​ស្ថាប័ន​សហព័ន្ធ​រុស្ស៊ី​ទទួល​បន្ទុក​ខាង​នយោបាយ​ជនបន្លាស់​ទី​ ពីក្រៅ​មក​ធ្វើការ​នៅ​ប្រទេស​រុស្ស៊ី ហៅ​កាត់​ថា FMS។

យុវវ័យ​រុស្ស៊ី​រាំ​លេង​សប្បាយ​នៅ​ទីលាន​ ក្រហម​ ក្រុង​ម៉ូស្គូ
យុវវ័យ​រុស្ស៊ី​រាំ​លេង​សប្បាយ​នៅ​ទីលាន​ ក្រហម​ ក្រុង​ម៉ូស្គូ REUTERS/Mikhail Voskresensky
ផ្សាយពាណិជ្ជកម្ម

02:29

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ខ្លឹមសារ​នៃ​គម្រោង លុប​កូតា​នេះ គឺ​ដើម្បី​បើក​លទ្ធភាព​យ៉ាង​ទូលាយ​ឲ្យ​កម្លាំង​ពលកម្ម​ពី​ក្រៅ​ហូរ​ចូល​បាន​កាន់​តែ​ច្រើន​ឡើង មក​ធ្វើការ​នៅ​រុស្ស៊ី ដើម្បី​ជួយ​ប៉ះប៉ូវ​បង្គ្រប់​កង្វះ​កម្លាំង​ពលកម្ម​រុស្ស៊ី​ផ្ទាល់ បណ្តាល​មកពី​ចំនួន​បណ្តាជន​រុស្ស៊ី​ចេះ​តែ​បន្ត​រួញ​​ខើច​ទៅ​ ដ្បិត​ចំនួន​អ្នក​ស្លាប់ នៅ​តែ​មាន​អត្រា​ខ្ពស់​ជាង​អត្រា ទារក​ដែល​កើត​មក។

យ៉ាងណាមិញ ស្រប​នឹង​ទិន្នន័យ​នៃ​ការ​ជំរឿន​ប្រជាជន ធ្វើពី​កាលពី​ខែ​តុលា​ឆ្នាំ​២០១០ កន្លង​ទៅ ចំនួន​បណ្តាជន​នៅ​រុស្ស៊ី បាន​រួញ​ខើច​អស់​២​លាន​២​សែន​នាក់ មក​នៅ​ត្រឹម ១៤២​លាន​៩​សែន​នាក់ បើ​ប្រៀប​ទៅ​នឹង ១៤៥​លាន​១​សែន​នាក់ ​ដែល​មាន​ស្រង់​បាន​ពេល​ជំរឿន​ប្រជាជន​កាលពី​៨​ឆ្នាំ​មុន។

ហើយ​ស្រប​នឹង​ការ​បូក​គុណ​ឃើញ ក្នុង​១៥​ឆ្នាំ​ទៅ​មុខ គឺ​ទៅ​ទល់​ឆ្នាំ​២០២៥ ចំនួន​បណ្តាជន​នៅ​រុស្ស៊ី​នឹង​ថយចុះ​អស់​១០​លាន​៥​សែន​នាក់​ទៀត។ អ៊ីចឹង​ហើយ បាន​ជា គណៈកម្មការ​រដ្ឋាភិបាល​យល់ថា​ ដើម្បី​បង្គ្រប់​ចំនួន​នេះ ក្នុង​១៥​ឆ្នាំ​ទៅ​មុខ ប្រទេស​រុស្ស៊ី​ត្រូវការ​ឲ្យ​មាន​កម្លាំង​ពលកម្ម​ហូរ​ចូល​ពី​ក្រៅ​មួយ​ឆ្នាំៗ ឲ្យ​បាន​ចំនួន​យ៉ាង​ហោច​ណាស់ គឺ​៤​សែន​២​ម៉ឺន​៥​ពាន់​នាក់។​ ឯកសារ​ជា​គម្រោង​ចង្អុល​ឲ្យ​ឃើញ​ថា គោលដៅ​នេះ​អាច សម្រេច​ទៅ​កើត​លុះ​ណា​តែ​លុប​ចោល​ទៅ​នូវ​កូតា​ដែល​កម្រិត​ចំនួន។

 
សម្រាប់ជា​ការ​កត់​សម្គាល់ ក្នុង​៣​ឆ្នាំ​ចុងក្រោយ ពី​ឆ្នាំ​២០០៧ ដល់ ២០០៩ កូតា​នេះ តែង​កម្រិត​នៅ​ត្រឹម ២​លាន​នាក់ ប៉ុន្តែ​កាលពី​ដំណាច់ ឆ្នាំ ២០០៩ លោក​នាយក​រដ្ឋមន្ត្រី​ Poutine បាន​សំរេច​ចិត្ត​ថា​កាត់​បន្ថយវា​មក​នៅ​ត្រឹម​១​លាន​៣​សែន​នាក់។

តាម​តួលេខ ស្ថាប័ន​សហព័ន្ធ​រុស្ស៊ី​ខាង​នយោបាយ​ជនបន្លាស់ទី​ពីក្រៅ​ហៅ​កាត់​ថា FMS សព្វថ្ងៃ មាន​ជនបន្លាស់ទី​បែប​នេះ ធ្វើការ​នៅ​ប្រទេស​រុស្ស៊ី ក្នុង​ចំនួន ពី​៤​ទៅ​៥​លាន​នាក់។ ជាទូទៅ គេ​មកពី​អតីត​សាធារណរដ្ឋ​សូវៀត​នានា នៃ​តំបន់​អាស៊ី​កណ្តាល និង​តំបន់​នាយ​ភ្នំ​កូកាស ហើយ​ពី​ក្នុង​ចំនួន​នេះ ប្រមាណ​២​លាន​នាក់ ធ្វើការ​ក្នុង​សេដ្ឋកិច្ច ហៅថា​នៅ ”ក្រោមម្លប់” ជា​សេដ្ឋកិច្ច​ក្រៅ​ផ្លូវការ។

ស្រប​នឹង​ស្ថិតិ​ផ្លូវការ នៅ​រុស្ស៊ី​សេដ្ឋកិច្ច ”ក្រោមម្លប់”នេះ ស្រូប​កម្លាំង​ពលកម្ម​អស់​១៣​លាន​នាក់​ឬ​១៨%​នៃ​បណ្តាជន​ដែល​សកម្ម​ក្នុង​សេដ្ឋកិច្ច ហើយ​ផ្តល់​បាន ១៦%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ហៅថា​GDP។

ការស្ទង់មតិ​ធ្វើ​ដោយ​អង្គការ​សង្គមសាស្ត្រ​រុស្ស៊ី Levada បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​រុស្ស៊ី ដល់​ទៅ​៦៦% មិន​ស្វាគម​ទេ ចំពោះ​សេរីកម្ម​នៃ​នយោបាយ​ទទួល​ជន​បន្លាស់ទី​ពីក្រៅ​មក​ធ្វើការ​នៅ​រុស្ស៊ី រីឯ​មតិ​ដែល​គាំទ្រ​មាន​តែ​២៦%​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ