អានតួអត្ថបទ
ក្រិក

បាតុកម្ម​និង​កូដកម្ម​នៅ​ទីក្រុង​អាថែន​ប្រឆាំង​នឹង​នយោបាយ​រឹតត្បិត​របស់​រដ្ឋាភិបាល​

កូដកម្ម​​និង​​បាតុកម្ម​​នៅ​​បន្ត​​ក្នុង​​ថ្ងៃ​​ព្រហស្បតិ៍​​ទី​​២៩​​កញ្ញា​​នេះ ​នៅ​​ទីក្រុង​​អាថែន​​ប្រទេស​​ក្រិក។​ តាំង​ពី​​ព្រឹក​​ព្រលឹម​​មក​ មន្ត្រី​​រដ្ឋការ​​បាន​​កេណ្ឌ​​គ្នា​​ធ្វើ​​បាតុកម្ម​ បាន​​ខ្ទប់​​ច្រក​​ចូល​​នៃ​​ក្រសួង​​ជា​​ច្រើន​ និង​​បាន​​ដើរ​​តម្រង់​​ទៅ​​កាន់​​សភា​​ជាតិ។ ពួក​​គេ​​ប្រឆាំង​​នឹង​​នយោបាយ​​រឹត​​ត្បិត​​កាន់​​តែ​​តឹង​​ឡើង​​របស់​​រដ្ឋាភិបាល។​ ទន្ទឹម​​នេះ ​តំណាង​​របស់​​សហភាព​​អឺរ៉ុប​ របស់​​ធនាគារ​​កណ្តាល​​អឺរ៉ុប​ និង​​របស់​​មូលនិធិ​​រូបិយវត្ថុ​​អន្តរជាតិ​​បាន​​ទៅ​​ដល់​​ប្រទេស​​ក្រិក​ដើម្បី​​វាយ​​តម្លៃ​​មើល​ ថា​​តើ​​សហគមន៍​​អន្តរជាតិ​​គួរ​​បន្ត​​ផ្តល់​​ជំនួយ​​ឲ្យ​​ប្រទេស​​ជិត​​ក្ស័យ​​ធន​​មួយ​​នេះ​​ត​​ទៅ​​ទៀត​​ដែរ​​ឬ​​ទេ?

បាតុករ​ក្រិក​ម្នាក់​អង្គុយ​នៅ​ពី​មុខ​ក្លោង​ទ្វារ​ចូល​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ក្រិក​នៅ​ពេ​ល​ មន្ត្រីរដ្ឋការ​បាន​ខ្ទប់​ច្រក​ចូល​ក្រសួង​​នានានៅ​ទីក្រុង​អាថែន​ថ្ងៃ​ទី​​២៩​ កញ្ញា ២០១១។​
បាតុករ​ក្រិក​ម្នាក់​អង្គុយ​នៅ​ពី​មុខ​ក្លោង​ទ្វារ​ចូល​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ក្រិក​នៅ​ពេ​ល​ មន្ត្រីរដ្ឋការ​បាន​ខ្ទប់​ច្រក​ចូល​ក្រសួង​​នានានៅ​ទីក្រុង​អាថែន​ថ្ងៃ​ទី​​២៩​ កញ្ញា ២០១១។​ REUTERS/Panagiotis Tzamaros
ផ្សាយពាណិជ្ជកម្ម

 

គឺ​ជា​បាតុកម្ម​ដែល​រៀប​ចំ​ដោយ​សហជីព​ADEDY ដែល​តំណាង​អ្នក​រដ្ឋការ​ជាង​៧០០ ០០០​នាក់។ តាំង​ពី​ព្រឹក​មិញ​មក ពួក​បាតុករ​បាន​ខ្ទប់​ច្រក​ចូល​នៃ​ក្រសួង​ជា​ច្រើន ដូច​យ៉ាង​ក្រសួង​ហិរញ្ញវត្ថុ​ជា​ដើម។ តាម​ការ​អំពាវនាវ​របស់​អ្នក​ដឹកនាំ​សហជីព ពួក​បាតុករ​ត្រូវ​នាំ​គ្នា​ដើរ​តម្រង់​ទៅ​កាន់​សភា​ជាតិ ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​កញ្ញា​នេះ។

ទន្ទឹម​នេះ រដ្ឋាភិបាល​ក្រិក​បាន​សម្រេច​បញ្ចុះ​ប្រាក់​ខែ​របស់​មន្ត្រី​រដ្ឋការ​ជា​ទូទៅ និង​បញ្ឈប់​ការងារ​របស់​អ្នក​ធ្វើការ​ឲ្យ​រដ្ឋ​ចំនួន​៣០ ០០០​នាក់​រយៈ​ពេល​១២​ខែ។ អ៊ីចឹង​ហើយ បាន​ជា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ទីក្រុង​អាថែន(Athènes) ទាំង​មូល​ត្រូវ​រាំង​ស្ទះ ដោយ​ហេតុ​តែ​កូដកម្ម​នៃ​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ និង​ដោយហេតុតែ​កូដកម្ម​របស់​ពួក​អ្នក​បើក​Taxi​។

កាល​ពី​ម្សិលមិញ នៅ​កណ្តាល​រដ្ឋធានី នៅ​ពី​មុខ​ក្រសួង​ហិរញ្ញវត្ថុ ពួក​អ្នក​ចូល​និវត្តន៍​ជា​ច្រើន​រយ​នាក់ ក៏​បាន​ធ្វើ​បាតុកម្ម​ដែរ។ មូលហេតុ គឺ​មក​ពី​រដ្ឋាភិបាល​បាន​សម្រេច​កាត់​បន្ថយ​សោធន​របស់​អ្នក​ចូល​និវត្តន៍​ណា​ដែល​ទទួល​បាន​ប្រាក់​លើស​ពី​១ ២០០​អឺរ៉ូ​ក្នុង​មួយ​ខែ។

ចលនា​សង្គម​ទាំង​អស់​នេះ ដែល​កើត​ឡើង​សឹង​រាល់​ថ្ងៃ អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​នយោបាយ​រឹតត្បិត​របស់​រដ្ឋាភិបាល។ រដ្ឋាភិបាល​ក្រិក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​កាត់​បន្ថយ​ប្រាក់​ចំណាយ​ឡើយ ដ្បិត​ជំពាក់​បំណុល​គេ​វ័ណ្តក​និង​ហៀប​តែ​ក្ស័យ​ធន​ម្តងៗ ហើយ​នេះ​ក៏​ជា​លក្ខខណ្ឌ​ដែល​ប្រទេស​និង​ស្ថាប័ន​ម្ចាស់​បំណុល​បាន​ដាក់​ទៅ​លើ​ប្រទេស​ក្រិក​ផង​ដែរ។

នៅ​ថ្ងៃ​នេះ តំណាង​របស់​សហភាព​អឺរ៉ុប របស់​ធនាគារ​កណ្តាល​អឺរ៉ុប និង​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ទៅ​ដល់​ទីក្រុង​អាថែន។ គោលដៅ​គឺ​វាយ​តម្លៃ​មើល ថា​តើ​រដ្ឋាភិបាល​ក្រិក​កាត់​បន្ថយ​ប្រាក់​ចំណាយ​បាន​គ្រប់គ្រាន់​ឬ​ទេ ដើម្បី​អាច​ទទួល​ជំនួយ​របស់​សហគមន៍​អន្តរជាតិ​ដែល​នឹង​ជួយ​ខ្លួន​ឲ្យ​រួច​ផុត​ពី​ការ​ក្ស័យ​ធន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ