អានតួអត្ថបទ
កម្ពុជា

«ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ» ទទួល​បាន​ការ​ស្វាគមន៍​ដោយ​ប្រយ័ត្នប្រយែង

សេចក្តីព្រាងច្បាប់​ស្តីពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​ដែល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បានអនុម័ត​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​ស្វាគមន៍​ដោយ​ប្រយ័ត្នប្រយែង។ សេចក្តីព្រាងច្បាប់​ដែល​តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញ​នេះ​បាន​លេចចេញ​ជា​រូបរាង​ឡើង​បន្ទាប់ពី​រយៈពេល​ជិត២០ឆ្នាំ​នៃ​ការប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ។ សង្គម​ស៊ីវិល​និង​បក្សប្រឆាំង​ជំរុញ​ឲ្យ​ស្ថាប័ន​កងទ័ព​ក្លាយជា​ស្ថាប័ន​អព្យាក្រឹត​មួយ​ដែល​មិន​ស្ថិតក្រោម​ឥទ្ធិពល​អ្នកនយោបាយ។

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ​មេដឹកនាំយោធាសំខាន់ៗមួយចំនួន។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ​មេដឹកនាំយោធាសំខាន់ៗមួយចំនួន។ ©rfi- បួណា
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅ សេចក្តីព្រាងច្បាប់​ស្តីពី«ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ» ត្រូវបាន​ទីស្តីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​ហើយ​នៅក្នុង​ចុង​សប្តាហ៍​នេះ។ សេចក្តីព្រាងច្បាប់​ដែលមាន ៦ជំពូក និង ១១ មាត្រា​នេះ​នៅ​មិនទាន់​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​ទេ ប៉ុន្តែ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​មាន​ព្រះមហាក្សត្រ​ជា​ប្រធាន នាយករដ្ឋមន្ត្រី​ជា​អនុប្រធាន និង​ឥស្សរជន​ក្នុង​រដ្ឋាភិបាល​មួយចំនួនទៀត​ជា​សមាជិក។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ។

ការបង្កើត​ឲ្យ​មាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​គឺជា​ការតម្រូវ​របស់រ​ដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ សេចក្តីព្រាងច្បាប់​នេះ​ទើបតែ​ត្រូវបាន​អនុម័ត​រយៈពេល១៩ ឆ្នាំ ក្រោយ​ការប្រកាស​ឲ្យ​ប្រើ​ច្បាប់កំពូល​របស់​ប្រទេស។ ការយឺតយ៉ាវ​នេះ​ត្រូវបាន​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន​រិះគន់ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​រៀបចំ​ស្ថាប័ន​កងទ័ព​ឲ្យ​ជា​អព្យាក្រឹត្យ​ទេ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ប្រយ័ត្នប្រយែង​នៅថ្ងៃនេះ​ថា ការបង្កើត​ស្ថាប័ន​គឺជា​ជំហាន​មួយ ប៉ុន្តែ ដើម្បី​ឲ្យ​ស្ថាប័ន​កងទ័ព​អព្យាក្រឹត លុះត្រាតែ​អ្នកដឹកនាំ​ស្ថាប័ន​នេះ​មិន​ស្ថិតក្រោម​ឥទ្ធិពល​នយោបាយ។ លោក​បន្តថា បើទោះបីជា​ព្រះមហាក្សត្រ​គង់​ជា​ប្រធាន ប៉ុន្តែ ព្រះអង្គ​គ្មាន​អំណាច​គ្រប់គ្រាន់​ក្នុងការ​រក្សា​អព្យាក្រឹតភាព​របស់​ស្ថាប័ន​កងទ័ព​ឡើយ ខណៈដែល​អ្នកដឹកនាំ​ផ្សេងទៀត​សុទ្ធតែជា​សមាជិក​បក្ស​កាន់អំណាច​ដែល​ទាញ​ស្ថាប័ន​កងទ័ព​ឲ្យ​បម្រើ​នយោបាយ។

យ៉ាងណាក៏ដោយ លោក ធន់ សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក​បានកត់សម្គាល់​ថា ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ​បានបង្ហាញ​ពី​ការគោរព​គោលការណ៍ធំៗមួយចំនួន​របស់​ប្រទេស។ ម្យ៉ាងទៀត បើ​យោងតាម លោក ធន់ ស​រ៉ា​យ រដ្ឋាភិបាល​ទំនងជា​ចង់​ឲ្យ​មានការ​ទទួលខុសត្រូវ​រួម​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​បន្ទាប់ពី​ជម្លោះ​ប្រដាប់អាវុធ​ជាមួយ​ប្រទេស​ថៃ។ ប៉ុន្តែ លោក​ក៏​ចង់ឃើញ​ស្ថាប័ន​កងទ័ព​មាន​អព្យាក្រឹតភាព​ផងដែរ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​បានទទួល​ស្គាល់​ការយឺតយ៉ាវ ប៉ុន្តែ បាន​ពន្យល់ថា រយៈពេល​បី​អាណត្តិ​កន្លងទៅនេះ រដ្ឋាភិបាល​បានអនុម័ត​ច្បាប់ធំៗមួយចំនួន​ដូចជា ច្បាប់​ស្តីពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម និង​ក្រុមប្រឹក្សារាជសម្បត្តិ​ជាដើម។

សេចក្តីព្រាងច្បាប់​ស្តីពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ការពារជាតិ​គឺជា​ច្បាប់រៀបចំអង្គការ​កំពូល​ទាក់ទង​ទៅនឹង​ស្ថាប័ន​ព្រះមហាក្សត្រ និង​ស្ថាប័ន​នីតិប្រតិបត្តិ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​កិច្ចការ​សំខាន់ៗដូចជា ការពារ​រដ្ឋធម្មនុញ្ញ ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី ក៏ដូចជា​ធានា​ការអនុវត្ត​តួនាទី និង​ភារកិច្ច​របស់​កងយោធពល​ខេមរៈភូមិន្ទ។ គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​អះអាងថា នឹង​បន្ត​តាមដាន​មើល​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ