អានតួអត្ថបទ
កម្ពុជា

សំណុំរឿង​​ព្រះវិហារ៖​​ ភាព​​មិនអាច​​កាត់ផ្តាច់​​ពីគ្នា​​រវាង​​ Motif​​ និង​​ Dispositif​​ នៃ​​សាលក្រម​​ឆ្នាំ​​១៩៦២​​

នៅក្នុង​សវនាការ ពេញមួយថ្ងៃ កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ ភាគី​កម្ពុជាបាន​ឡើង​ឆ្លើយ​ការពារ​ពាក្យ​បណ្តឹង​របស់​ខ្លួន នៅ​ចំពោះ​មុខ​អង្គចៅក្រម នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ក្រៅពី​បាន​បញ្ជាក់លម្អិត​អំពី​អ្វី​ដែល​ខ្លួន​ស្នើ​សុំ ពោលគឺ ស្នើសុំ​ឲ្យ​មាន​ការ​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម​ឆ្នាំ​១៩៦២, អំពី​ដែន​សមត្ថកិច្ច​របស់​តុលាការ និង​អំពី​ការ​យល់បកស្រាយ​ខុសគ្នា រវាង​កម្ពុជា និង​ថៃ ទៅលើ​អត្ថន័យ​ និង​វិសាលភាព​នៃ​សាលក្រម​ឆ្នាំ​១៩៦២ មេធាវី​របស់​កម្ពុជា ក៏​បាន​ធ្វើការ​បកស្រាយ​ផងដែរ អំពី​ភាព​មិន​អាច​កាត់ផ្តាច់​ពីគ្នា​បាន រវាង​សេចក្តីសន្និដ្ឋាន (ភាសាបារាំង​ហៅថា Dispositif) និង​សេចក្តីសំអាង (ភាសាបារាំងហៅថា Motif) នៃ​សេចក្តីសម្រេច​ឆ្នាំ​១៩៦២នេះ។ តើ​ភាព​មិន​អាច​កាត់ផ្តាច់ពីគ្នា​រវាង Motif និង Dispositif នេះ មាន​អត្ថន័យ​យ៉ាងណា ហើយ​តើ​វា​មាន​សារៈសំខាន់​អ្វី ទើប​កម្ពុជា​ព្យាយាម​សង្កត់​ធ្ងន់​លើ​ចំណុចនេះ?

លោក ហោ ណំាហុង និង​គណៈប្រតិភូ​ខ្មែរ នៅ​ឯ​តុលាការ​ក្រុង​ឡាអេ ប្រទេស​ហូឡង់​ (រូបភាព​ឆ្នាំ​២០១១)
លោក ហោ ណំាហុង និង​គណៈប្រតិភូ​ខ្មែរ នៅ​ឯ​តុលាការ​ក្រុង​ឡាអេ ប្រទេស​ហូឡង់​ (រូបភាព​ឆ្នាំ​២០១១) ©Reuters
ផ្សាយពាណិជ្ជកម្ម

ជាដំបូងបង្អស់ គួរបញ្ជាក់ថា ជាទូទៅ ​សេចក្តីសម្រេច​របស់​តុលាការ​ចាំបាច់​ត្រូវមាន​ចែងកំណត់​ជាពីរផ្នែក​យ៉ាងតិច៖

  • សេចក្តីសន្និដ្ឋាន​ចុងក្រោយ ពោលគឺ អ្វីដែល​តុលាការ​សម្រេច ដើម្បី​ជា​ដំណោះស្រាយ​ចំពោះ​វិវាទ​រវាង​គូភាគី (តាម​​ភាសាបារាំង​ហៅថា “Dispositif”)
  • អ្វី​ដែល​តុលាការ​យក​មក​ធ្វើ​​ជា​សេចក្តីសំអាង ដើម្បីឈាន​ទៅដល់​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​នេះ។ សេចក្តីសំអាងនេះ តាមភាសាបារាំង​ហៅថា “Motif​”

ចំពោះ​សាលក្រម​តុលាការ​ក្រុងឡាអេ ឆ្នាំ​១៩៦២ នៅ​ក្នុង​​សេចក្តីសន្និដ្ឋាន (Dispositif) តុលាការ​បាន​សម្រេច​តែ​ទៅលើ ៣​ចំណុច​ប៉ុណ្ណោះ គឺ
·        ទីមួយ ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​លើ​ទឹកដី ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា
·        ទីពីរ ថៃ​ត្រូវ​ដក​កងកម្លាំង​ប្រដាប់អាវុធ​របស់​ខ្លួន​ទាំងអស់ ចេញ​ពី​ប្រាសាទ​ និង​ពី​ជុំវិញ​ប្រាសាទ ដែល​ជា​ទឹកដី​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា
·        ទីបី ថៃ​ត្រូវ​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ នូវ​រាល់វត្ថុ​បុរាណ ដែល​ថៃ​បាន​យក​ចេញ​ពី​​ប្រាសាទ​ព្រះវិហារ

ចំពោះ​រឿង​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​វិញ តុលាការ​ក្រុង​ឡាអេ​មិន​បាន​ចែង​នៅ​ក្នុង​សេចក្តីសន្និដ្ឋាន (Dispositif) នេះ​ទេ ប៉ុន្តែ មាន​ចែង​នៅ​ក្នុង​ Motif ដែល​តុលាការ​យក​ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​គូស​នៅលើ​ផែនទី​ឧបសម្ព័ន្ធទី១ មក​ធ្វើ​ជា​សំអាង ដើម្បី​កំណត់​ថា ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា។

ដោយហេតុនេះ​ហើយ​បាន​ជា​ភាគី​ថៃ​បាន​អះអាង​ថា អ្វីដែល​តុលាការ​បាន​សម្រេច ហើយ​ដែល​ចាំបាច់​ត្រូវ​ឲ្យ​គូ​ភាគី​គោរព​តាម គឺ​មានតែ​បី​ចំណុច ដែល​មាន​ចែង​នៅ​ក្នុង​ Dispositif នៃ​សាលក្រម​​ឆ្នាំ១៩៦២​ប៉ុណ្ណោះ ដោយ​មិនមាន​សម្រេច​ទៅដល់​ខ្សែបន្ទាត់​ព្រំដែន​នោះទេ។ ម្យ៉ាងទៀត ថៃ​បាន​ទាមទារ​ថា ប្រសិនបើ​តុលាការ​សម្រេច​ធ្វើការ​បកស្រាយ​សាលក្រម ទៅតាម​បណ្តឹង​របស់​កម្ពុជា​មែន តុលាការ​អាច​បកស្រាយ​តែ​ទៅលើ​អ្វី​ដែល​មាន​ចែង​ក្នុង Dispositif នេះ​ប៉ុណ្ណោះ ដោយ​មិន​អាចយក​​បញ្ហា​ផែនទី ឧបសម្ព័ន្ធ​ទី១ ដែល​ចែង​នៅ​ក្នុង Motif មក​បកស្រាយ​ឡើងវិញ​បាន​នោះទេ។

ដើម្បី​ជា​ការឆ្លើយតប​ទៅនឹង​ការអះអាង​របស់​ថៃ​បែបនេះ​ហើយ ​ទើប​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញនេះ មេធាវី​តំណាង​ឲ្យ​ភាគី​កម្ពុជា គឺ​លោក Jean-Marc Sorel បាន​ចំណាយពេល​ពេញ​មួយថ្ងៃរសៀល​ ដើម្បី​ពន្យល់​ដល់​អង្គចៅក្រម អំពី​លក្ខណៈ​ចាំបាច់​ និង​មិន​អាច​កាត់ផ្តាច់​ពី​គ្នា​បាន ​រវាង​ផែនទី​ឧបសម្ព័ន្ធទី១ ដែល​មានចែង នៅ​ក្នុង​ Motif និង​សេចក្តីសម្រេច​ចុងក្រោយ ដែល​មានចែង នៅ​ក្នុង Dispositif  ដោយ​​បាន​លើកឡើង​ពី​​សេចក្តីសម្រេច​ កាល​ពី​ពេល​កន្លងមក ដែល​តុលាការ​ក្រុងឡាអេធ្លាប់​បាន​សម្រេច​ថា ការ​បកស្រាយ​ទៅលើ Motif នៃ​សាលក្រម​មួយ​ អាច​ធ្វើទៅបាន ប្រសិន​បើ​ Motif នេះ មាន​លក្ខណៈ​ចាំបាច់ និង​មិនអាច​កាត់ផ្តាច់បានពី Dispositif។

មេធាវី​របស់​កម្ពុជា​បាន​បញ្ជាក់​ឡើងវិញ​ថា អ្វី​ដែល​តុលាការ​បាន​សម្រេច នៅ​ក្នុង Dispositif នៃ​សាលក្រម​ឆ្នាំ​១៩៦២ គឺ​ថា ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ថា ថៃ​ត្រូវ​តែ​ដក​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ចេញ​ពី​ប្រាសាទ និង​ពី “ទីតាំង​ជុំវិញ​ប្រាសាទ ដែល​ស្ថិត​ក្នុង​ទឹកដី​របស់​កម្ពុជា”។ ដូច្នេះ សំណួរ​ចោទសួរ​ថា ប្រសិនបើ​គេមិនមើល​ទៅលើ​​ខ្សែបន្ទាត់​ព្រំដែន នៃ​ផែនទី​ឧបសម្ព័ន្ធទី១ទេនោះ តើ​ធ្វើ​ដូចម្តេច​ទើប​អាច​កំណត់​បាន​ថា តើ “ទីតាំង​ជុំវិញ​ប្រាសាទ" ​ពី​ត្រឹមណា​ដល់​ត្រឹមណា ដែល​ត្រូវ​ចាត់ទុក​ថា ជាទឹកដី​ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា? ឬមួយ​ក៏​គេ​អាច​ចោទសួរ​ម្យ៉ាងទៀត​ថា តើ​កាល​ពី​ឆ្នាំ​១៩៦២​នោះ ចៅក្រម​តុលាការ​ក្រុងឡាអេ​ធ្វើ​ម៉េច​អាច​ចេញ​សេចក្តីសន្និដ្ឋានថា ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដីកម្ពុជា​បាន បើ​មិន​ទទួល​ស្គាល់​ខ្សែបន្ទាត់​ព្រំដែន នៃ​ផែនទីឧបសម្ព័ន្ធទី១នេះ?

ដូ​ច្នេះ សម្រាប់​ភាគី​កម្ពុជា ផែនទីឧបសម្ព័ន្ធ​ទី១ គឺ​ជា​គ្រឹះ ចំណែក​ឯ​អ្វី​ដែល​មាន​ចែង នៅ​ក្នុង Dispositif គឺ​ជា​អគារ ដែល​សង់​នៅលើ​គ្រឹះនេះ។ ប្រសិនបើ​គេ​ដក​គ្រឹះនេះ​ចេញ គឺ​អគារ​ទាំងមូល​នឹង​ត្រូវ​រលំ។ ឬ​ក៏​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា អ្វី​ដែល​មាន​ចែង នៅ​ក្នុង Dispositif នៃ​សាលក្រម​ឆ្នាំ​១៩៦២ នឹង​មិនមាន​អត្ថន័យ​ពេញលេញ​គ្រប់គ្រាន់នោះទេ ប្រសិន​បើ​គេ​កាត់ផ្តាច់​វា​ចេញ​ពី​ផែនទីឧបសម្ព័ន្ធទី១ ដែល​មាន​ចែងនៅ​ក្នុង Motif ។

ហេតុដូច្នេះ​ហើយ​បាន​ជា​ភាគី​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​តុលាការ​ក្រុងឡាអេ ធ្វើការ​បកស្រាយ​​សេចក្តីសន្និដ្ឋាន ដែល​មាន​ចែង នៅ​ក្នុង Dispositif នៃ​សាលក្រម​ឆ្នាំ​១៩៦២ ដោយ​យោងទៅលើ​ផែនទី​ឧបសម្ព័ន្ធទី១ ​ដែល​មាន​គូសបង្ហាញច្បាស់លាស់​​ អំពី​ខ្សែបន្ទាត់ព្រំដែន នៃ​តំប​ន់​ព្រះវិហារ ហើយ​ជា​ខ្សែបន្ទាត់​ព្រំដែន ដែល​តុលាការ​បាន​ទទួលស្គាល់​ និង​យក​មក​ធ្វើ​ជា​សំអាង​ ដើម្បី​ចេញសេចក្តីសម្រេច​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ