អានតួអត្ថបទ
ជប៉ុន

ចៅ​អតីត​ប្រធានាធិបតី​អាមេរិក​សម័យ​សង្គ្រាម​លោក​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា

៦ សីហា ១៩៤៥ - ៦​ សីហា ២០១២ ! ថ្ងៃ​នេះ ជា​ខួប ៦៧​ឆ្នាំ​គត់ ថ្ងៃ​ទម្លាក់​គ្រាប់​បែក​បរមាណូ​អាមេរិក លើ​កោះ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​កោះ​ ណាហ្កាហ្សាគី របស់​ជប៉ុន។ បណ្តា​ជន​​ជប៉ុន​ គ្រួសារ​ជន​រង​គ្រោះ អ្នក​រួច​ពី​ស្លាប់ ភ្ញៀវ​បរទេស ប្រមាណ​៥​ម៉ឺន​នាក់​ បាន​ចូល​រួម​ជា​ផ្លូវការ​ ក្នុង​ពិធី​គោរព​​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ទាំង​១៤០០០០​នាក់។​ ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ជា​ច្រើន​រូប គេ​សង្កេត​ឃើញ​ មាន​ម្នាក់​ជា​ចៅ​អតីត​ប្រធានាធិបតី​អាមេរិក Harry Truman ដែល​បាន​បញ្ជា​ឱ្យ​​ទម្លាក់​គ្រាប់​បែកបរមាណូ លើ​ប្រទេស​ជប៉ុន​​។ លោក Clifton Truman ជា​សមាជិក​ត្រកូល​ Truman​ដំបូងគេ​​បំផុត ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​​ជន​រងគ្រោះ។

លោក Clifton Truman (ឆ្វេង) ចៅ​អតីតប្រធានាធិបតី​អាមេរិក​ Harry Truman  នៅ Hiroshima ថ្ងៃ​ទី​៦ សីហា ២០១២
លោក Clifton Truman (ឆ្វេង) ចៅ​អតីតប្រធានាធិបតី​អាមេរិក​ Harry Truman នៅ Hiroshima ថ្ងៃ​ទី​៦ សីហា ២០១២ Photo AFP / Kazuhiro Nogi
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឧទ្យាន​សន្តិភាព ទី​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ជា​ផ្លូវការ​ ពិធី​រំលឹក​ខួប​៦៧​ឆ្នាំ​​នៃ​​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ លោក Clifton Truman មិន​អាច​គេច​អារម្មណ៍​ឱ្យ​ទទួល​ដឹង​ពី​វត្តមាន​នៃ​ព្រលឹង​ជនរងគ្រោះ​របស់​ Little Boy បាន​ឡើយ (កូន​ប្រុស​តូច ជា​ឈ្មោះ​របស់​គ្រាប់​បែក​បរមាណូ​អាមេរិក​ទី​មួយ)។ ស្នូរ​ជួង​បាន​លាន់​ឮ​ឡើង នៅ​ម៉ោង ៨ និង​១៥ ម៉ោង​នៃ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូទី​មួយ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា ទាំង​ភ្ញៀវ​ក្នុង​ពិធី ក៏ដូច​ជា​បណ្តាជន​ជប៉ុន​ តាម​ផ្លូវ នាំ​គ្នា​លំទោន​ខ្លួន រក្សា​ភាព​ស្ងប់​ស្ងាត់​មួយ​នាទី។

 
“អរគុណ​ព្រះ​ជា​ម្ចាស់ ដែល​ជួយ​យើង​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ ! ​សូម​ជួយ​ឱ្យ​យើ​ង​ឱ្យ​ប្រើ​អាវុធ​នេះ​ដោយ​ត្រឹម​ត្រូវ !” នេះ​ជា​ប្រសាសន៍​របស់​អតីត​ប្រធានាធិបតី​អាមេរិក Harry Truman ថ្លែង​ពីរ​ថ្ងៃ​មុន​ការ​ទម្លាក់​គ្រាប់​បែក នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា។ ថ្ងៃ​ចន្ទ​នេះ អតីត​អ្នក​កាសែត មាន​អាយុ ៥៥​ឆ្នាំ លោក Clifton Truman ជា​ចៅ បាន​ថ្លែង​ជា​សាធារណៈ ថា “​គ្មាន​សេចក្តី​សម្រេច​ល្អ​ទេ ក្នុង​សង្គ្រាម ! ប៉ុន្តែ​ជីតា​របស់​ខ្ញុំ​ចង់​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​តែ​ប៉ុណ្ណោះ”។

លោក Clifton Truman រស់​នៅ​ទីក្រុង​ស៊ីកាហ្កោ បាន​ជួប​អ្នក​ជន​រងគ្រោះ​រួច​ពី​ស្លាប់ ដែល​មាន​ម្នាក់​បាន​ឆ្លើយ​តប​ថា “​ខ្ញុំ​ចង់​ឱ្យ​គាត់​ដឹង​ថា មាន​ជន​រងគ្រោះ​មួយ​ចំនួន​ មិន​អត់​ទោស​ឱ្យ​អាមេរិក​ជា​រៀង​រហូត”។ ហ៊ីរ៉ូស្ហ៊ីម៉ា ចង​ចាំ​ជា​និច្ច ព្រឹត្តិការណ៍​ថ្ងៃ​ទី ៦​សីហា ១៩៤៥។

នៅ​ណាហ្កាហ្សាគី​វិញ គំនុំ​ហាក់​បាន​រសាយ​បន្តិច ព្រោះ​តែ​​អតីត​អភិបាល​ក្រុង​ម្នាក់ គឺ​លោក ហ៊ីតូស្ហ៊ី ម៉ូតូហ្ស៊ីម៉ា មាន​សេចក្តី​ក្លាហាន​ ​ហ៊ាន​ពោល​​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​​ ទៅលើព្រះ​ចៅ​អធិរាជ្យ​ជប៉ុន ហ៊ីរ៉ូហ៊ីតូ ថា​មាន​ចំណែក​ក្នុង​សោកនាដកម្ម​នុយក្លេអ៊ែរ​ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាវ៉ាហ្សាគី ៖ “ព្រះ​ចៅ ហ៊ីរ៉ូហ៊ីតូ អាច​បញ្ចប់​សង្គ្រាម​បាន​ ! បញ្ចប់​មុន និង​ទាន់​ហេតុការណ៍ ឬ​អាច​ឃាត់​មិន​ឱ្យ​មាន​​សេចក្តី​សម្រេច​របស់​ប្រធានាធិបតី​អាមេរិក Harry Truman ​ទម្លាក់​គ្រាប់​បែក​បរមាណូ​​​ផង​ក៏​ថា​បាន” !

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ