អានតួអត្ថបទ
កម្ពុជា

លោកហេង សំរិន៖«ថ្ងៃ២ ធ្នូ ១៩៧៨ គឺ​ជា​ដើមកំណើត​នៃ​សមិទ្ធផល​សព្វថ្ងៃ»

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​៣៤​ឆ្នាំ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា។ សម្រាប់​គណបក្ស​កាន់​អំណាច​យូរ​មួយ​នេះ «មាន​ថ្ងៃ២ ធ្នូ ទើប​មាន​ថ្ងៃ៧ មករា មាន​ថ្ងៃ៧ មករា​ ទើប​មាន​អ្វី​ៗ​ដូច​សព្វ​ថ្ងៃ​នេះ»។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​វិញ​បាន​ចោទ​ជា​សំណួរ​ថា តើ​នណា​ជា​អ្នកបង្កើត​រណសិរ្ស​នេះ ?

លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជនកម្ពុជា និង​ជា​ប្រធាន​រដ្ឋសភាជាតិ
លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជនកម្ពុជា និង​ជា​ប្រធាន​រដ្ឋសភាជាតិ
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ប្រមាណជា​១ ០០០​នាក់​ក្នុង​សាល​សន្និសីទ​ចតុមុខ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភាជាតិ​បាន​ថ្លែង​រម្លឹក​គុណ​យុទ្ធជន​អ្នក​ស្នេហាជាតិ​ដែល​បាន​ប្តូរផ្តាច់​ជីវិត​ដើម្បី​រំដោះ​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត អៀងសារី​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ និង​១៩៧៩។ ទិវា​២ ធ្នូ ឆ្នាំ​១៩៧៨ គឺ​ជា​ទិវា​ប្រវត្តិសាស្ត្រ​មិន​អាច​បំភ្លេច​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​៣៤ឆ្នំា​មុន ក្នុង​ការ​បង្កើត​ចលនា​អ្នក​ស្នេហាជាតិ​ដើម្បី​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​នៅ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩។

លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូស​បញ្ជាក់​ថា៖​«មាន​ថ្ងៃ២ ធ្នូ ទើប​មាន​ថ្ងៃ​៧ មករា មាន​ថ្ងៃ​៧ មករា​ ទើប​មាន​អ្វី​ៗ​ដូច​សព្វ​ថ្ងៃ​នេះ»។ លោក ហេង សំរិន បាន​បន្ត​ទៀត​ថា៖«​យើង​ទាំង​អស់​គ្នា​សូម​ប្រកាស​ថា រណសិរ្ស​២ ធ្នូ​មិន​ត្រឹម​តែ​សង្រ្គោះ​យើង​ទាំង​អស់​គ្នា​អោយ​ចាក​ផុត​ពីគ្រោះ​មហន្តរាយ​នៃ​របប​ប៉ុលពត​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​រណសិរ្ស​​២ ធ្នូ បាន​ជួយ​ស្តារ កសាង និង​អភិវឌ្ឍ​សង្គមជាតិ​នៅ​គ្រប់​ទិសទី»។

ទាក់ទង​ទៅ​នឹង​គុណ​បំណាច់​ថ្ងៃ​២ ឆ្នូ ឆ្នាំ​១៩៧៨នេះ លោក សឺន សុងប៊ែរ៍ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សិទ្ធិមនុស្ស​បាន​ចោទ​ជា​សំណួរ​យ៉ាង​ខ្លី​ថា៖«តើ​នណា​នៅ​ពី​ក្រោយ​ការ​បង្កើត​ថ្ងៃ​២ ធ្នូ​នេះ តើ​មិនមែន​វៀតណាម​ជា​អ្នក​នៅ​ពី​ក្រោយ​ទេ​ឬ ?»

បើ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ សម្រាប់​លោក ហេង សំរិន ស្មារតី​២ ឆ្នូ ស្មាតី៧​ មករា​ដែល​បាន​ចារិក​ជាប់​ក្នុង​មនសិការ​របស់​ប្រជាជន​កម្ពុជា​បាន​ប្រែក្លាយ​ទៅ​ជា​កម្លាំង​ដ៏​ធំ​ធេង​ក្នុង​ការ​បង្កើត​សមិទ្ធផល​សំខាន់​ៗ​របស់​សង្គមជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ។

សូម​បញ្ជាក់​ថា ថ្ងៃ​២ ធ្នូ​ឆ្នាំ ១៩៧៨​ដែល​កាល​ណោះ​​មាន​ឈ្មោះ​ថា «រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា» ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ​«​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​វិញ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ