អានតួអត្ថបទ
បារាំង-ថៃ

ទស្សនកិច្ច​​នាយក​រដ្ឋមន្ត្រី​​ថៃ​​នៅ​​ប្រទេស​​បារាំង​​

នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​ យីងឡាក់​ស៊ីណាវ៉ាត្រា​ បានត្រូវ​ទទួល​ជួប​ពិភាក្សា​ដោយ​ប្រធានាធិបតី​បារាំង​ លោក​ ហ្វ្រង់ស័រ​ ហូឡង់​ នៅថ្ងៃ​សុក្រ​ទី២០​មិថុនា​ ម្សិលមិញ។​ លោក​ប្រធានាធិបតី​បារាំង​បាន​អបអរ​នឹង​កិច្ចសន្យា​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ​ពី​ “ការជំរុញ​ការពារ​ប្រជាធិបតេយ្យ​និង​សេរីភាព​នៅក្នុង​ប្រទេសថៃ”។

នាយករដ្ឋមន្ត្រី​ថៃ​​លោកស្រី​​ យីងឡាក់​​ស៊ីណាវ៉ាត្រា​​​ទទួល​ដោយ​​ប្រធានាធិបតី​​បារាំង​ ហ្វ្រង់ស័រ​​ ហូឡង់​​ នៅថ្ងៃ​​សុក្រ​​ទី២០​​មិថុនា​ឆ្នាំ២០១២​
នាយករដ្ឋមន្ត្រី​ថៃ​​លោកស្រី​​ យីងឡាក់​​ស៊ីណាវ៉ាត្រា​​​ទទួល​ដោយ​​ប្រធានាធិបតី​​បារាំង​ ហ្វ្រង់ស័រ​​ ហូឡង់​​ នៅថ្ងៃ​​សុក្រ​​ទី២០​​មិថុនា​ឆ្នាំ២០១២​ © RFI
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​សេចក្តី​ថ្លែងការណ៍​នៃ​វិមាន​អេលីហ្សេ​ ​ “ប្រធានាធិបតី​បារាំង​ លោក​ ហ្វ្រង់ស័រ​ ហូឡង់​ បាន​សម្តែង​ឲ្យឃើញ​ជាថ្មី​ម្តងទៀត​នូវ​សាមគ្គីភាព​របស់​ប្រទេស​បារាំង​ជាមួយ​ប្រទេសថៃ​ ​ ក្រោយពី​ប្រទេសនេះ​បាន​ស្គាល់​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ ​ ដែលបាន​ធ្វើឲ្យ​មាន​អ្នករងគ្រោះ​និង​ខូចខាត​គ្រឿង​សម្ភារៈ​យ៉ាងច្រើន​មហិមា”។

 
ទាំងនេះ​ក៏ជា​ឱកាស​មួយផងដែរ​ សម្រាប់​គូស​បញ្ជាក់​ឲ្យ​ដឹងពី​សារៈ​សំខាន់​នៃ​ភាព​ជាដៃគូ​រវាង​ប្រទេស​ទាំងពីរ​ដែលឈរ​លើ​ផែនការ​សកម្មភាព​បារាំង-ថៃ។​ លោក​ប្រធានាធិបតី​បារាំង​និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ​បាន​ព្រមព្រៀង​គ្នាថា​ “ត្រូវតែ​ជំរុញ​ទំនាក់​ទំនង​ឧបតោភាគី​បារាំង-ថៃ​ឲ្យមាន​សន្ទុះថ្មី​ ក្នុងវិស័យ​នយោបាយ​ ​ សេដ្ឋកិច្ច​ ​ ឧត្តមសិក្សា​ ​ យោធា​និង​វប្បធម៌”។

ប្រមុខដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​សង្កត់​បញ្ជាក់​ឲ្យដឹង​ពី​ការចាំបាច់​ក្នុងការ​ពង្រឹង​ពង្រីក​ “ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ”​ ដើម្បី​ឲ្យ​សហគ្រាស​បារាំង​ចូលរួម​មាន​សកម្មភាព​ជាងនេះ​ ក្នុង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុង​ប្រទេសថៃ។
ចំណែកឯ​សហគ្រាស​ថៃ​វិញ​ ក៏ទទួល​បាន​ជោគជ័យ​ក្នុងការ​អភិវឌ្ឍន៍​សកម្មភាព​របស់​ខ្លួន​នៅក្នុង​ប្រទេស​បារាំង៖​ មាន​ក្រុមហ៊ុនថៃ​មួយ​បាន​ទៅ​អភិវឌ្ឍ​នៅតំបន់​ប្រឺតាញ​ Bretagne ក្នុងវិស័យ​ឧស្សាហកម្ម​កែច្នៃ​ជលផល​ ​ ហើយមួយ​ទៀត​នៅ​តំបន់​អ៊ីហ្ស៊ែរ​ Isère ​ក្នុង​វិស័យ​ថាមពល។

ហើយ​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​ យីងឡាក់​ស៊ីណាវ៉ាត្រា​និង​ប្រធានាធិបតី​បារាំង​ លោក​ ហ្វ្រង់ស័រ​ ហូឡង់​ ក៏បាន​ព្រមព្រៀង​គ្នា​ផងទៀត​ពី​កិច្ចពង្រឹង​សហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​ ​ ដោយ​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ពេល​អនាគត​ខាងមុខនេះ​ ទៅលើ​ “កិច្ចព្រមព្រៀង​សហប្រតិបត្តិការ”។​ ហើយ​លោកស្រី​យីងឡាក់​ក៏​បាន​មាន​ជំនួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​បារាំង​ Jean Marc Ayrault ផងដែរ។

នាឱកាសនោះ​ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​សិក្សាធិការ​ជាន់ខ្ពស់​បារាំង​និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​ក៏បាន​ឆ្លៀតចុះ​ហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​ឧបតោភាគី​ក្នុងវិស័យ​សហប្រតិបត្តិការ​សិក្សាធិការ​និង​ស្រាវជ្រាវ។

នាយករដ្ឋមន្ត្រី​បារាំង-ថៃ​ចង់​ពង្រឹង​ពង្រីក​ការសិក្សា​ភាសា​បារាំង​ ​ ហើយនិង​ការជួយ​ជំរុញ​ឲ្យ​មាន​និស្សិត​ថៃ​កាន់តែ​ច្រើន​មក​រៀន​នៅ​ប្រទេស​បារាំង។

ជាទីបញ្ចប់​ ​ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ចង់​ឲ្យ​ការពង្រឹង​ទំនាក់​ទំនង​បារាំង-ថៃ​ឋិត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចចរចា​រឹតតែ​ប្រសើរ​រវាង​ប្រទេសថៃ​និងសហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ